ថ្នាំ corticosteroids អាចសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ប៉ុន្តែខាងក្រោមនេះគឺជាមូលហេតុដែលអ្នកមិនគួរទិញវាទុក

ថ្នាំ corticosteroids អាចសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ប៉ុន្តែខាងក្រោមនេះគឺជាមូលហេតុដែលអ្នកមិនគួរទិញវាទុក

បច្ចុប្បន្ន WHO គ្រាន់តែណែនាំឱ្យប្រើថ្នាំ corticosteroids ចំពោះអ្នកជំងឺCOVID-19 ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរបំផុតតែប៉ុណ្ណោះ ហើយជាងនេះទៀត ថ្នាំ corticosteroids ក៏មិនមានប្រសិទ្ធភាពក្នុងការទប់ស្កាត់មិនឱ្យឆ្លងវីរុសនោះដែរ។

ទីបំផុត អង្គការសុខភាពពិភពលោក (WHO) ក៏រកបានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា៖ corticosteroids ដែលជាថ្នាំប្រឆាំងនឹងការរលាកសួត មានប្រសិទ្ធភាពក្នុងការសង្គ្រោះជីវិតអ្នកជំងឺCOVID19 ដែលមានសភាពធ្ងន់ធ្ងរបំផុត។ លទ្ធផលនេះត្រូវបានលើកឡើងបន្ទាប់ពីក្រុមអ្នកជំនាញបានបូកបញ្ចូលគ្នារវាងលទ្ធផលនៃការសាកល្បងប្រើប្រាស់ថ្នាំ corticosteroids ចំនួន7លើកនៅលើអ្នកជំងឺCOVID-19 ដែលត្រូវការម៉ាស៊ីនជំនួយដង្ហើមនៅក្នុងបន្ទប់ព្យាបាលពិសេស ICU។

កាលពីខែឧសភា ការពិសោធន៍ដំបូងបានបង្ហាញអំពីប្រសិទ្ធភាពយ៉ាងច្បាស់លាស់របស់ថ្នាំ dexamethasone ដែលមានផ្ទុកសារធាតុ corticosteroid សម្រាប់អ្នកជំងឺCOVID-19 ដែលមានអាការធ្ងន់ធ្ងរ។ បន្ទាប់ពីក៏មានការពិសោធន៍ថ្មីទៅលើថ្នាំ corticosteroid មួយប្រភេទទៀតដែលមានគេប្រើប្រាស់ច្រើន នោះគឺថ្នាំ hydrocortisone។ លទ្ធផលបានបង្ហាញថា hydrocortisone មានប្រសិទ្ធភាពខ្ពស់ជាង dexamethasone ទៅទៀត។

ការពិសោធន៍មួយរបស់អង់គ្លេស បានបង្ហាញដែរថា hydrocortisone អាចកាត់បន្ថយអត្រានៃការស្លាប់ដោយសារCOVID-19 នៅលើអ្នកជំងឺដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតផងដែរ។

1. Corticosteroids គឺជាថ្នាំអ្វី?

Corticosteroids គឺជាថ្នាំមួយប្រភេទដែលត្រូវបានវេជ្ជបណ្ដិតនិយមប្រើជាច្រើនទសវត្សរ៍មកហើយសម្រាប់ព្យាបាលជំងឺរលាកសួត។ ប្រការនេះក៏មានន័យថា corticosteroids ក៏ធ្លាប់ត្រូវបានប្រើចំពោះអ្នកជំងឺរលាកសួត ជំងឺវីរុសឆ្លងចូលក្នុងឈាម (septic shock) និងអាការពិបាកដកដង្ហើមធ្ងន់ធ្ងរ។

ដូច្នេះ ក្រុមអ្នកវិទ្យាសាស្ត្រក៏មានបំណងប្រើប្រាស់សាកល្បងប្រភេទថ្នាំនេះនៅលើអ្នកជំងឺCOVID-19 ដែលមានអាការធ្ងន់ធ្ងរ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពរបស់ថ្នាំនេះថា តើអាចជួយកាត់បន្ថយអត្រានៃការស្លាប់បានដែរ ឬទេ។ ពិសេសជាងនេះ corticosteroids គឺជាថ្នាំដែលមានស្រាប់ មានតម្លៃទាប និងស្ថិតនៅក្នុងបញ្ជីថ្នាំសំខាន់ៗរបស់ WHO។ ប្រការនេះក៏មានន័យថា ប្រទេសទាំងអស់ក្នុងពិភពលោក សុទ្ធតែមានថ្នាំ corticosteroids នេះនៅក្នុងឃ្លាំង ហើយអាចយកមកប្រើបានភ្លាមៗ។

2. ភ័ស្តុតាងអំពីប្រសិទ្ធភាពរបស់ថ្នាំ corticosteroids

នៅក្នុងការពិសោធន៍កាលពីខែមិថុនារបស់ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស បានបង្ហាញថា ថ្នាំ corticosteroids មួយប្រភេទដែលមានឈ្មោះថា dexamethasone អាចកាត់បន្ថយអត្រានៃការស្លាប់បានរហូតដល់1/3 ចំពោះអ្នកជំងឺCOVID-19 ដែលត្រូវការម៉ាស៊ីនជំនួយដង្ហើម និង1/5 ចំពោះអ្នកជំងឺដែលត្រូវការអ៊ុកស៊ីហ្សែនបន្ថែម។

ការពិសោធន៍ប្រហាក់ប្រហែលខាងលើ ដែលត្រូវបានធ្វើឡើងនៅអូស្ត្រាលី និងនូវែលហ្សេឡង់ ក៏បានបង្ហាញថា អ្នកជំងឺCOVID-19 ជាង67% ដែលត្រូវបានព្យាបាលដោយថ្នាំ corticosteroids បានរួចផុតពីការស្លាប់ បន្ទាប់ពីបានលេបថ្នាំនេះក្នុងរយៈពេល28ថ្ងៃ។ នៅក្នុងការប្រៀបធៀប គេឃើញថា អ្នកជំងឺដែលមិនបានទទួលការព្យាបាលដោយថ្នាំ corticosteroids ឬគ្រាន់តែទទួលបានថ្នាំ placebo (ថ្នាំដែលមិនមានសារធាតុថ្នាំ និងមិនមានប្រសិទ្ធភាពជាក់ស្ដែងក្នុងការព្យាបាលជំងឺ) គឺមានចំនួនមិនដល់59% នោះទេ ដែលនៅមានជីវិត។

ថ្នាំ corticosteroids អាចសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ប៉ុន្តែខាងក្រោមនេះគឺជាមូលហេតុដែលអ្នកមិនគួរទិញវាទុក
ថ្នាំ dexamethasone ដែលមានផ្ទុកសារធាតុ corticosteroid សម្រាប់​ព្យបាល​អ្នកជំងឺCOVID-19 ដែលមានអាការធ្ងន់ធ្ងរ

យោងតាមភ័ស្តុតាងពីការសិក្សាស្រាវជ្រាវនានាខាងលើ WHO បានប្រមូលទិន្នន័យនៃការពិសោធន៍លើអ្នកជំងឺCOVID-19 ចំនួន1,703នាក់ដែលបានចូលរួមក្នុងការសាកល្បងប្រើប្រាស់ថ្នាំ corticosteroids ចំនួន7លើកផ្សេងៗគ្នា ហើយបានរកឃើញថា ការព្យាបាលដោយប្រើប្រាស់ថ្នាំ corticosteroids នេះ បានជួយកាត់បន្ថយអត្រានៃការស្លាប់ដល់ទៅ32% ខណៈដែលអ្នកជំងឺប្រមាណជា40% បានស្លាប់បើសិនមិនបានប្រើប្រាស់ថ្នាំនេះ។

សាស្ត្រាចារ្យ Anthony Gordon មកពីសាកលវិទ្យាល័យ London បានឱ្យដឹងថា នេះគឺជាអត្រាមួយដ៏គួរឱ្យចាប់អារម្មណ៍ ពោលគឺឡើងដល់20%។ ប្រការនេះមានន័យថា បើសិនជាអ្នកព្យាបាលអ្នកជំងឺCOVID-19 ចំនួន100នាក់ ដោយប្រើប្រាស់ថ្នាំ corticosteroids នោះអ្នកនឹងអាចសង្គ្រោះជីវិតពួកគេបាន8នាក់។ នោះពិតជាតួលេខដ៏អស្ចារ្យមួយនៅក្នុងដំណាក់កាលនេះ។

3. របបនៃការព្យាបាល COVID-19 នឹងត្រូវបានធ្វើបច្ចុប្បន្នភាពភ្លាមៗ

មេដឹកនាំនៃសេវាកម្មសុខាភិបាលជាតិរបស់អង់គ្លេស (NHS) Simon Stevens បានហៅថ្នាំ corticosteroids នេះថាជា “អាវុធបន្ទាប់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងCOVID-19 នៅទូទាំងពិភពលោក”។ លោក Simon Stevens បានឱ្យដឹងថា NHS នឹងធ្វើបច្ចុប្បន្នភាពនៃការព្យាបាលដើម្បីអនុញ្ញាតឱ្យអ្នកជំងឺCOVID-19 អាចទទួលបានផលប្រយោជន៍ពីការព្យាបាលដោយប្រើថ្នាំ hydrocortisone ដែលដូចទៅនឹងថ្នាំ dexamethasone នាពេលកន្លងមក។

នៅអូស្ត្រាលីវិញ ក្រុមវេជ្ជបណ្ឌិតក៏បានប្រើប្រាស់ corticosteroids ដើម្បីព្យាបាលអ្នកជំងឺCOVID-19 ដែលត្រូវការអ៊ុកស៊ីហ្សែន។ WHO ក៏បានណែនាំអំពីការព្យាបាលអ្នកជំងឺCOVID-19 ក្នុងនោះ ក៏បានលើកទឹកចិត្តឱ្យប្រើប្រាស់ corticosteroids ដើម្បីព្យាបាលអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ឬកំពុងប្រឈមនឹងការស្លាប់ខ្ពស់។

4. ប្រជាជនមិនគួររក្សាទុកថ្នាំ corticosteroids ឬប្រើប្រាស់វាដើម្បីការពារការឆ្លងវីរុសCOVID-19នោះទេ

ប្រការដែលសំខាន់នោះ គឺថា ការរកឃើញថ្មីស្ដីអំពី corticosteroids ពេលនេះត្រូវបានគាំទ្រឱ្យប្រើសម្រាប់អ្នកជំងឺCOVID-19 ដែលកំពុងមានអាការធ្ងន់ធ្ងរតែប៉ុណ្ណោះ។ បច្ចុប្បន្ន មានព៏ត៌មានមួយចំនួនបង្ហាញថា ថ្នាំ corticosteroids នេះ មិនសមស្របសម្រាប់ព្យាបាលអ្នកជំងឺCOVID-19 ដែលមានអាការរោគស្រាលៗ។

បើទោះជា corticosteroids អាចព្យាបាលអ្នកជំងឺCOVID-19 ប៉ុន្តែ វាមិនមែនជាថ្នាំបង្ការការឆ្លងវីរុសនោះឡើយ។ ថ្នាំ corticosteroids គ្រាន់តែអាចជួយព្យាបាលអាការដែលកើតឡើងដោយសារប្រតិកម្មធ្ងន់ធ្ងររបស់រាងកាយក្រោយពីបានឆ្លងCOVID-19 តែប៉ុណ្ណោះ ហើយវាមិនមែនជាថ្នាំសម្រាប់ព្យាបាល ឬការពារនោះទេ។

ហេតុដូច្នេះ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលបានណែនាំថា អ្នកទាំងឡាយមិនគួរទិញថ្នាំ corticosteroids យកមកលេបនៅឯផ្ទះ។ ការណែនាំបានបញ្ចាក់ថា corticosteroids ដែលត្រូវបានប្រើនៅក្នុងការពិសោធន៍របស់ក្រុមអ្នកវិទ្យាសាស្ត្រ គឺជាថ្នាំចាក់ចូលតាមសរសៃឈាម ពោលគឺមិនមែនថ្នាំ corticosteroids ប្រភេទគ្រាប់ដែលអាចរកទិញបានពីឱសថស្ថាននោះឡើយ។

មូលហេតុនេះហើយ គឺមានតែវេជ្ជបណ្ឌិតប៉ុណ្ណោះ ទើបអាចចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំនេះបាន។ ពលរដ្ឋមិនគួរទិញថ្នាំនេះដោយខ្លួនឯង ក្នុងបំណងលេបដើម្បីការពារការឆ្លងវីរុស ឬព្យាបាលCOVID-19 នោះឡើយ៕

ប្រភព៖ Medicalxpress/WHO

Advertisement