ចិនស្នើឱ្យ WHO អនុម័តលើវ៉ាក់សាំងប្រឆាំងCOVID-19 របស់ខ្លួន

អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ខ្លួនកំពុងធ្វើការជាមួយប្រទេសចិនទាក់ទិននឹងសំណើអនុម័តទៅលើវ៉ាក់សាំងCOVID-19 នៅថ្នាក់អន្តរជាតិមុនពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងជាទូទៅ។

“ការិយាល័យអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសចិន និងការិយាល័យកណ្ដាលនៃអង្គការនេះ កំពុងតែធ្វើការជាមួយនឹងនាយកដ្ឋានគ្រប់គ្រងនានានៃប្រទេសចិន។ យើងបានចែករំលែកព័ត៌មាន ការស្នើឱ្យអន្តរជាតិអនុម័តទៅលើវ៉ាក់សាំង និងកំពុងតែទាក់ទងគ្នាដោយផ្ទាល់” នេះបើតាមសម្ដីរបស់លោកស្រី Mariangela Simao ជំនួយការប្រធានអង្គការសុខភាពពិភពលោក ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី7កញ្ញា។

ក្រុមហ៊ុនផលិតឱសថចិន Sinovac Biotech កាលពីម្សិលមិញ (8កញ្ញា) បានឱ្យដឹងថា បេក្ខភាពវ៉ាក់សាំងរបស់ពួកគេ ដែលត្រូវបានដាក់ឈ្មោះឱ្យថា CoronaVac ទំនងជាមានសុវត្ថិភាពសម្រាប់មនុស្សពេញវ័យ ដែលនេះគឺយោងទៅតាមលទ្ធផលនៃការប្រើប្រាស់សាកល្បងក្នុងដំណាក់កាលដំបូង និងដំណាក់កាលកណ្ដាល។ ក្នុងនោះ ប្រតិកម្មប្រឆាំងការឆ្លងវីរុសដែលត្រូវបានបង្កើតឡើងដោយវ៉ាក់សាំងនេះនៅលើមនុស្សចាស់ មានសភាពខ្សោយជាងបើធៀបនឹងនៅលើមនុស្សដែលមានវ័យនៅក្មេង។

បច្ចុប្បន្ន វ៉ាក់សាំង4ប្រភេទក្នុងចំណោម8ប្រភេទនៅលើពិភពលោកដែលកំពុងស្ថិតក្នុងការសាកល្បងដំណាក់កាលទី3 គឺជារបស់ប្រទេសចិន។

Liu Peicheng ដែលជាអ្នកនាំពាក្យរបស់ក្រុមហ៊ុន Sinovac Biotech បាននិយាយថា CoronaVac មិនបង្កផលវិបាកធ្ងន់ធ្ងរនោះទេនៅក្នុងការប្រើប្រាស់សាកល្បងក្នុងដំណាក់កាលទី1និងទី2 ដែលត្រូវបានធ្វើឡើងក្នុងខែឧសភាដោយមានអ្នកស្ម័គ្រចិត្តវ័យចាប់ពី60ឆ្នាំឡើងទៅចំនួន421នាក់ បានចូលរួម។ លទ្ធផលនៃការពិសោធខាងលើនេះ មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយ។

លោកស្រី Mariangela Simao ជំនួយការប្រធានអង្គការសុខភាពពិភពលោក

CoronaVac កំពុងត្រូវបានពិសោធដំណាក់កាលចុងក្រោយនៅប្រទេសប្រេស៊ីល និងឥណ្ឌូនេស៊ី ដើម្បីឱ្យប្រាកដថា វាមានប្រសិទ្ធភាព និងសុវត្ថិភាពគ្រប់គ្រាន់ដែលអាចទទួលបានការយល់ព្រមឱ្យប្រើប្រាស់ជាផ្លូវការ និងជាទូទៅ។ CoronaVac ត្រូវបានប្រើប្រាស់ទៅលើមនុស្សរាប់ម៉ឺននាក់រួចហើយ ក្នុងនោះមាន បុគ្គលិករបស់ក្រុមហ៊ុន Sinovac Biotech និងក្រុមគ្រួសាររបស់ពួកគេប្រមាណជា90% ដែលនេះត្រូវបានចាត់ទុកដូចជាផ្នែកមួយនៃកម្មវិធីចាក់វ៉ាក់សាំងបង្ការជាបន្ទាន់របស់ប្រទេសចិនដើម្បីការពារក្រុមមនុស្សដែលប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងវីរុស។

Liu Peicheng និយាយថា តាមការពិសោធបានបង្ហាញថា CoronaVac នៅតែមានប្រសិទ្ធភាពក្នុងរយៈពេល42ថ្ងៃនៅពេលដាក់នៅក្នុងសីតុណ្ហភាព25អង្សា 28ថ្ងៃនៅក្នុងកម្ដៅ37អង្សា និង5ខែនៅក្នុងកម្ដៅចាប់ពី2ដល់8អង្សា។

បេក្ខភាពវ៉ាក់សាំងរបស់ Sinovac រួមជាមួយនឹងបេក្ខភាពដទៃទៀត ត្រូវបានដាក់តាំងបង្ហាញនៅក្នុងព្រឹតិការណ៍តាំងពិព័រណ៍មួយនៅឯទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី7កញ្ញា2020។ ក្រុមហ៊ុនដែលជាម្ចាស់ផលិតផលទាំងនេះឱ្យដឹងថា ប្រភេទវ៉ាក់សាំងនេះមិនទាន់ត្រូវបានដាក់លក់ក្នុងទីផ្សារនៅឡើយ ប៉ុន្តែ ពួកគេសង្ឃឹមថា វានឹងទទួលបានការអនុញ្ញាតឱ្យចែកចាយក្រោយពីការពិសោធដំណាក់កាលចុងក្រោយត្រូវបានបញ្ចប់នាចុងឆ្នាំនេះ៕

ប្រភព៖ Reuters

Advertisement