ស្ករ និងអំបិល តើមួយណាបំផ្លាញរាងកាយខ្លាំងជាង?

រាល់ថ្ងៃនេះ យើងតែងបានឮគេនិយាយថា ធ្វើអ្វីក៏ដោយ ចូររក្សាភាពល្មម រក្សាចំណុចកណ្ដាលឱ្យបាន(កុំជ្រុលពេក និងក៏កុំតិចពេកដែរ) ជាពិសេសក្នុងរឿងការទទួលទានអាហារ។ តែពេលនិយាយអំពីរឿងស្ករ និងអំបិលវិញ យើងក៏ធ្លាប់បានឮមកច្រើនដែរថា បើទទួលទានក្នុងបរិមាណច្រើនជ្រុលពេក នឹងហុចផលអាក្រក់ដល់រាងកាយរបស់យើង តែវាប្រាកដណាស់ថា ទាំងស្ករ និងអំបិលគឺសុទ្ធតែមានភាពសំខាន់ចំពោះរាងកាយរបស់យើង ដោយខួរក្បាលត្រូវការស្ករដើម្បីបង្កើនកម្លាំងថាមពល ឯសាច់ដុំក៏ត្រូវការអំបិលដើម្បីសាងតុល្យភាព ជាដើម។

សាស្រ្តាចារ្យមកពីមហាវិទ្យាល័យ Touro College នៅទីក្រុងញីវយ៉កបាននិយាយថា ការទទួលទានស្ករ និងអំបិលច្រើនជ្រុលពេក នឹងហុចផលប៉ះពាល់ដល់សុខភាពរបស់យើងច្រើនណាស់ ដូច្នេះពេលនេះសូមមកមើលពីផលប៉ះពាល់ដល់រាងកាយដោយសារស្ករវិញប្រសើរជាង។

ស្ករ

បើយើងទទួលទានអាហារពីធម្មជាតិ យើងនឹងបានជាតិស្ករក្នុងបរិមាណមិនច្រើនប៉ុន្មានទេ។ អាហារធម្មជាតិដែលមានជាតិស្ករ ច្រើនតែមកពីផ្លែឈើ តែបញ្ហារបស់យើងស្ថិតនៅត្រង់ការទទួលទានជាតិស្ករដែលបានមកពីការចម្រាញ់ ហើយយើងបន្ថែមវាចូលទៅក្នុងអាហារដែលយើងទទួលទាន ដើម្បីបង្កើនរសជាតិ។

បើយើងសាកល្បងមកមើលអាហារធម្មជាតិ ដូចជា ទឹកដោះ និងទឹកផ្លែឈើ 100% វិញនោះ អាហារពពួកនេះមានជាតិស្ករពីធម្មជាតិ និងមានថាមពលមួយចំនួន ខណៈពេលជាមួយគ្នាក៏មានគុណតម្លៃខាងអាហារផ្សេងៗទៀតផងដែរ ដូចជាវីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីនក្នុងទឹកដោះ និងប៉ូលីហ្វ៊ីណុល ជាដើម។ ចំណែកភេសជ្ជៈដែលលាយស្ករ ដូចជាទឹកក្រូចកំប៉ុង តែ ឬកាហ្វេទឹកដោះគោ ពពួកនេះច្រើនមានស្ករជាចម្បង ខណៈដែលគុណតម្លៃខាងអាហារមានតិចតួច ហើយពួកនំផ្សេងៗក៏ដូចគ្នាដែរ។ អាហារពពួកនេះគ្មានកាកសរសៃអាហារ ប្រូតេអ៊ីន វីតាមិន ឬសារធាតុរ៉ែដែលមានប្រយោជន៍ដល់រាងកាយច្រើនទេ ដូច្នេះទើបមិនមែនជារឿងប្លែកឡើយដែលអ្នកទទួលទានរបស់ប្រភេទនេះចូលទៅច្រើនៗ នឹងកើតរោគធាត់ និងខ្វះសារធាតុអាហារដែលចាំបាច់។

អ្នកជំនាញខាងភោជនាហារមកពីរដ្ឋ​តិចសាស់បាននិយាយថា ស្ករគ្រប់ប្រភេទ មិនថាតែស្ករស ទឹកស្ករ ឬស្ករត្នោតនោះឡើយ សុទ្ធតែហុចផលដល់រាងកាយមិនខុសគ្នាឡើយ នោះគឺ វានឹងទៅបង្កើនកម្រិតជាតិស្ករនៅក្នុងឈាមដែលជាហេតុនាំឱ្យមានការផលិតអ៊ីនស៊ូលីន ហើយរាងកាយរបស់យើងនឹងបញ្ចេញអ៊ីនស៊ីលីននេះដើម្បីបណ្ដេញជាតិស្ករចេញពីក្នុងឈាមទៅកោសិកាដើម្បីប្រើប្រាស់ក្នុងការផ្ដល់កម្លាំងថាមពល។ កម្មវិធីនេះក៏ជាកម្មវិធីទូទៅមួយរបស់រាងកាយដែរ តែបើសិនជាពេលណាយើងបរិភោគស្ករច្រើនជ្រុលពេក កម្មវិធីប្រមូលសន្សំជាតិខ្លាញ់នឹងធ្វើការច្រើនឡើង រឹតតែរាងកាយសាងអ៊ីនស៊ូលីនច្រើនឡើងពេលណា ក៏នឹងរឹតតែសន្សំខ្លាញ់ច្រើនឡើងពេលនោះដែរ លុះយូរថ្ងៃទៅ ក៏អភិវឌ្ឍទៅជារោគទឹកនោមផ្អែមប្រភេទទី 2 ហើយនឹងបង្កើនភាពប្រថុយប្រថានដល់ការកើតរោគក្រលៀន រោគបេះដូង និងរោគសរសៃឈាមកកស្ទះទៀតផង។

ការដែលរាងកាយបានទទួលជាតិស្ករច្រើនជ្រុលពេក ជាពិសេសស្ករចម្រាញ់ នឹងធ្វើឱ្យប្រព័ន្ធការរំលាយបឺតជ្រាបអាហាររបស់យើងប្រែប្រួលទៅតាមនោះដែរ។ ការរលាកក្លាយនឹងងាយកើតឡើង និងនាំឆ្ពោះទៅរកជំងឺចង្រៃច្រើនយ៉ាង។ លោក Rachel Head អ្នកជំនាញការដែលធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមបានប្រាប់ថា មានការសិក្សាស្រាវជ្រាវមួយបានរកឃើញភាពពាក់ព័ន្ធគ្នារបស់ការបរិភោគស្ករច្រើនជ្រុលពេក ជាមួយនឹងការមានកម្រិតខ្លាញ់ក្នុងឈាមខុសប្រក្រតី លើសឈាម ជំងឺថ្លើម ជំងឺប្រព័ន្ធរំលាយអាហារ និងជំងឺបេះដូង។

អំបិល

យើងនាំគ្នាមកមើលផលអាក្រក់ពីការបរិភោគអំបិលច្រើនជ្រុលពេក(ញ៉ាំប្រៃ)វិញម្ដង។ ប្រាកដណាស់ថា រាងកាយរបស់យើងត្រូវការអំបិលដើម្បីធ្វើការងារដែលតុល្យភាពរបស់កោសិកាក្នុងរាងកាយ តែអំបិលដែលច្រើនជ្រុលពេក ក៏ហុចផលប៉ះពាល់ដល់រាងកាយរបស់យើងបានដូចគ្នា។ អ្នកជំនាញការបាននិយាយថា សម្រាប់មនុស្សដែលមានសុខភាពល្អ ការបានទទួលអំបិលក្នុងបរិមាណមធ្យមដល់ច្រើនបន្តិចក៏ដោយ ក៏រាងកាយរបស់យើងចាត់ការបានដែរ តែបើសិនជាបានទទួលក្នុងបរិមាណដែលច្រើនជ្រុលពេកជាប់ៗគ្នារយៈពេលយូរនោះ វានឹងហុចផលប៉ះពាល់ដល់រាងកាយយ៉ាងពិតប្រាកដ។ មានការណែនាំថា យើងគួរញ៉ាំអំបិលក្នុងមួយថ្ងៃឱ្យតិចជាង 2,300មីល្លីក្រាម ឬប្រមាណជា 1ស្លាបព្រាកាហ្វេតែប៉ុណ្ណោះ។ តែមនុស្សភាគច្រើននាំគ្នាបរិភោគប្រមាណជា 3,400មីល្លីក្រាមក្នុងមួយថ្ងៃ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលអ្នកជំនាញការជឿថា សូដ្យូមធ្វើឱ្យកើតសភាវសម្ពាធឈាមឡើងខ្ពស់ និងការដែលយើងមិនអាចគ្រប់គ្រងសម្ពាធឈាមបាននោះ នឹងនាំឆ្ពោះទៅរកបញ្ហាសុខភាពជាច្រើន ទាំងជំងឺបេះដូង សរសៃឈាមកកស្ទះ និងរោគក្រលៀន។ វេជ្ជបណ្ឌិតជំនាញបាននិយាយថា រាងកាយរបស់មនុស្សមួយចំនួនមានភាពរហ័សជាមួយអំបិលណាស់ រឹតតែបើសិនជាអ្នកណាដែលមានសភាវសម្ពាធឈាមឡើងខ្ពស់ផងនោះ រឹតតែត្រូវប្រយ័ត្នខ្លាំង។ អាហារដែលយើងទទួលទានតាមភោជនីយដ្ឋានមានអំបិលច្រើន ក្រៅពីនោះនៅពេញទៅដោយខ្លាញ់ និងផ្ដល់ថាមពលខ្ពស់ទៀតផង ដូច្នេះបើសុខភាពរបស់យើងមិនរឹងមាំ មានសភាវសម្ពាធឈាមឡើងខ្ពស់ផងនោះ គួរធ្វើម្ហូបអាហារដោយខ្លួនឯងញ៉ាំនៅផ្ទះវិញប្រសើរជាង។

ដូច្នេះ បើចង់ឱ្យសរុបនោះគឺ មិនថាតែស្ករ ឬអំបិលនោះទេ បើទទួលទានក្នុងបរិមាណដែលច្រើនជ្រុលពេក គឺនឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយធ្ងន់ធ្ងរប៉ុនៗគ្នាហ្នឹងឯង៕

Advertisement