មែនឬ…សក់ស្កូវ រឹតតែដក រឹតតែច្រើនឡើង?

ធ្លាប់បានឮមិត្តភ័ក្តិ បងប្អូន ឬសូម្បីតែជាងធ្វើសក់ប្រាប់ដែរទេថា ពេលឃើញសក់ស្កូវហើយកុំដកចេញ ព្រោះនឹងធ្វើឱ្យសរសៃសក់នៅក្បែរនោះស្កូវតាមដែរ មិនតែប៉ុណ្ណោះអាចនឹងមានសក់ឡើងស្កូវពាសពេញក្បាលតែម្ដងក៏អាចថាបានដែរ ដូច្នេះហើយទើបមានអ្នកខ្លះត្រូវលួចកាត់ចោលខ្លះទៅ លាបពណ៌ខ្មៅលប់ខ្លះទៅក៏មាន…តែ រឿងពិតវិញ វាយ៉ាងណាដែរ? ដូច្នេះកុំបង្អង់យូរ សូមតាមដានអត្ថបទនេះជាបន្ត…។

សក់ស្កូវ រឹតតែដក រឹតតែស្កូវឡើងច្រើន?

មិនពិតទេ ការដកសក់ស្កូវមិនមែនជាបច្ច័យក្នុងការបង្កើនចំនួនសរសៃសក់ដែលស្កូវឡើងពណ៌សនោះទេ។

សក់ស្កូវ ហេតុដូចម្ដេចបានកើតឡើង?

កើតឡើងពីគ្រាប់ពណ៌(មេឡានីន)ដែលរាងកាយយើងសាងឡើង មាន 2 ពណ៌គឺ លឿងលាយក្រហម និងប្រផេះលាយខ្មៅ។ ប្រក្រតីឫសសក់នឹងផលិតគ្រាប់ពណ៌បានកាន់តែតិចទៅតាមអាយុរបស់មនុស្ស ដូច្នេះហើយទើបពេលមនុស្សអាយុច្រើនឡើងពណ៌សក់កាន់តែស្លេកឡើងៗជាសន្សឹមៗ រហូតក្លាយជាពណ៌ប្រផេះ ឬសតែម្ដងហ្នឹងឯង។

តើហេតុម៉េចបានសក់ជ្រុះ?

ជាប្រក្រតី សរសៃសក់មានចរន្តជីវិតរបស់វាស្រាប់ហើយ អាចរបូតជ្រុះបាន តែក៏មិនរបូតជ្រុះជានិរន្តរ៍ដែរ អាចដុះថែមឡើងមកជាថ្មីបានពីក្រពេញឫសសក់ដែលស្ថិតនៅខាងក្រោមស្បែកក្បាល។

ហេតុអីបានធ្លាប់ឃើញមានសក់ 2 សរសៃដុះចេញមកពីចំណុចតែមួយ?

ឫសសក់ 1 សរសៃ សាងសក់បាន 1 សរសៃ តឱ្យកាត់ ឬដកចេញក៏ដោយ ក៏យើងមិនអាចធ្វើឱ្យសរសៃសក់កើនឡើងបានដែរ តែដែលឃើញមានសក់ 2 សរសៃដុះចេញមកពីចំណុចតែមួយនោះ អាចដោយសារតែត្រង់ចំណុចនោះមានក្រពេញឫសសក់ 2 ចំណុចក៏បាន។

ទោះជាដកសក់ស្កូវចេញ ក៏មិនធ្វើឱ្យសក់ឡើងស្កូវថែមដែរ តែក៏មិនគួរដកចេញឡើយ

ព្រោះការដកសក់ញឹកញាប់ ជាពិសេសចំពោះអ្នកដែលមានសក់ស្កូវច្រើនរហូតដល់ត្រូវដកញឹកញាប់នោះ អាចធ្វើឱ្យក្រពេញឫសសក់ខូចខាត អាចធ្វើឱ្យលែងមានសក់ដុះឡើងមកថ្មីពីក្រពេញឫសសក់នោះ ធ្វើឱ្យសក់កាន់តែស្ដើង ឬក្បាលទំពែកមុនអាយុតែម្ដងក៏មាន៕

Advertisement