ស្រាយចម្ងល់…ហេតុអីបានគេងលក់ហើយហៀរទឹកមាត់ និងត្រូវកែបញ្ហានេះយ៉ាងណា?

មិនថាលោកអ្នកអាយុប៉ុន្មាន? ប្រុស ឬស្រី? មានអាជីពអ្វី? និងមានបែបបទជីវិតបែបណានោះទេ? តែ ឡារ៉ែនជឿថា ត្រូវតែធ្លាប់គេងលក់ហើយហៀរទឹកមាត់កក្លាក់ រហូតទទឹកដៃអាវ សើមខ្នើយកើយមកខ្លះហើយជាមិនខាន។ តើហេតុអីបានជាយើងហៀរទឹកមាត់ពេលគេងលក់ ទាំងពេលគេងក៏បិទមាត់ជិតឈឹងល្អហើយនោះ តែហេតុអីក៏នៅតែហៀរចេញមកបានទៀត? តើត្រូវកែបញ្ហានេះយ៉ាងណា? ទំព័រសុខភាពឡារ៉ែនមានចម្លើយមកជម្រាបជូន។

ហេតុអីបានយើងគេងលក់ហើយហៀរទឹកមាត់?

ជាប្រក្រតី រាងកាយរបស់មនុស្សយើងនឹងផលិតទឹកមាត់ចេញមកគ្រប់ពេលវេលាស្រាប់ទៅហើយ ក្នុងសភាវប្រក្រតីក្រពេញទឹកមាត់នឹងផលិតទឹកមាត់ចេញមកប្រមាណ 1 – 2 លិត្រក្នុងមួយថ្ងៃ។ នៅពេលដែលយើងកំពុងភ្ញាក់(មិនបានគេង)ទឹកមាត់នឹងផលិតចេញមកច្រើនជាងពេលយើងគេងលក់ ឯពេលគេងលក់វិញ រាងកាយរបស់យើងនឹងផលិតទឹកមាត់ចេញមកតិចបំផុត ស្ទើរតែសូន្យតែម្ដង។ តែទោះជាយ៉ាងនេះមែន នៅពេលភ្ញាក់ យើងអាចគ្រប់គ្រងរាងកាយ គ្រប់គ្រងបរិមាណទឹកមាត់ក្នុងមាត់របស់យើងបានដោយការលេប តែនៅពេលយើងគេងលក់ រាងកាយចូលឆ្ពោះទៅរកសភាវសម្រាក សាច់ដុំទូទាំងរាងកាយ និងលើផ្ទៃមុខក៏សម្រាកដែរ ធ្វើឱ្យមាត់របស់យើងហារឡើងដោយសារគ្មានសាច់ដុំបញ្ជាឱ្យបិទ ទើបទឹកមាត់ដែលប្រមូលសន្សំនៅក្នុងមាត់នោះហូរចេញមកក្រៅមាត់ ព្រោះយើងមិនបានលេបចូលពោះដូចពេលភ្ញាក់ហ្នឹងឯង។

គេងលក់ហៀរទឹកមាត់ ជាអាការដែលខុសប្រក្រតីឬទេ?

ការពិតទៅ ការគេងលក់ ហើយទឹកមាត់ហៀរ មិនមែនជាអាការដែលខុសប្រក្រតីនោះទេ។ វាច្រើនតែកើតឡើងនៅពេលដែលយើងគេងលក់ខ្លាំង លក់ស្កប់ មិនកម្រើកខ្លួន អាចសង្កេតបានតាមរយៈថ្ងៃណាដែលយើងហត់នឿយខ្លាំង ឬនៅលើអ្នកដែលចូលចិត្តគេងផ្អៀង ក៏នឹងមានសញ្ញាក្នុងការគេងហៀរទឹកមាត់ច្រើនជាងអ្នកដទៃដែរ។ តែក្រៅពីនេះ នៅអាចមានមូលហេតុផ្សេងទៀតរួមជាមួយដែរ ដូចជា អ្នកជំងឺគ្រុនផ្ដាសាយដែលមានអាការតឹងច្រមុះ ហើយគេងហាមាត់ ឬនៅលើអ្នកជំងឺដែលមានបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ ឬសាច់ដុំគ្មានកម្លាំង ក៏អាចមានបញ្ហាគេងលក់ហៀរទឹកមាត់បានដូចគ្នាដេរ។

វិធីកាត់បន្ថយអាការហៀរទឹកមាត់ពេលគេងលក់

ដោយសារតែអាការគេងលក់ហើយហៀរទឹកមាត់ជារឿងប្រក្រតីតាមធម្មជាតិនោះ ទើបគ្មានវិធីណាបំបាត់អាការនេះជាពិសេសនោះទេ តែយើងអាចកាត់បន្ថយឱកាសដែលទឹកមាត់នឹងហូរហៀរចេញមកបានដោយការគេងផ្ងារ ឬគេងដាក់ក្បាលឱ្យខ្ពស់ឡើងបន្តិច ដើម្បីឱ្យមាត់របស់យើងបិទជិតខណៈគេងលក់ហ្នឹងឯង៕

Advertisement