ហេតុអីត្រូវ “កេះកំណកកំបោរ” ចេញពីធ្មេញ និងមិនកេះចេញបានទេ?

“ទៅជួបពេទ្យធ្មេញពេលណា ត្រូវពេទ្យបង្ខំឱ្យកេះកំណកកំបោរលឿងៗចេញពីធ្មេញគ្រប់ពេល” តើអ្នកណាធ្លាប់ជួយបញ្ហានេះខ្លះ? ហើយពេលឱ្យពេទ្យកេះកំណកកំបោរនោះចេញពេលណា ស្រៀវធ្មេញគ្រប់ពេល និងថែមទាំងអស់លុយមិនតិចតួចទៀតផង។ តើអាកំណកកំបោរលឿងៗដែលនៅជាប់នឹងធ្មេញរបស់យើងនោះបានមកពីណា? និងបង្កគ្រោះថ្នាក់ដល់យើងខ្លាំង ឬតិចប៉ុនណា? យើងនាំគ្នាមកមើលទាំងអស់គ្នា…។

កំណកកំបោរលឿងៗនោះគឺអ្វី?

កំណកកំបោរ កើតមកពីការដែលមេរោគបាក់តេរីនៅក្នុងមាត់របស់យើងមានប្រតិកម្មជាមួយនឹងកម្ទេចចំណីអាហារដែលសេសសល់នៅតាមកន្លៀតធ្មេញ ធ្វើឱ្យកើតជាបន្ទះហ្វិលស្រោបពីលើធ្មេញមួយជាន់ទៀត រហូតតោងជាប់ណែនជ្រៅក្លាយជាកំណកកំបោរពណ៌លឿង។

កំណកកំបោរនេះអាចកើតឡើងបានចំពោះមនុស្សគ្រប់រូប ទោះជាលោកអ្នកមើលថែទាំ និងសម្អាតធ្មេញបានល្អប៉ុនណាក៏ដោយ ព្រោះជារឿងពិបាកក្នុងការកម្ចាត់មេរោគបាក់តេរី និងកម្ទេចចំណីអាហារចេញឱ្យអស់ពីក្នុងប្រអប់មាត់របស់យើងបាន 100%ណាស់ គ្រាន់តែថា ​បើយើងមើលថែទាំ និងសម្អាតធ្មេញ និងកន្លែងផ្សេងៗនៅក្នុងប្រអប់មាត់បានល្អហើយនោះ ក៏នឹងមានកំណកកំបោរតិចជាងអ្នកឯទៀតប៉ុណ្ណោះឯង។

តើកំណកកំបោរបង្កគ្រោះថ្នាក់ប៉ុនណា? មិនកោសចេញបានដែរទេ?

បើយើងបណ្ដោយឱ្យកើតកំណកកំបោរនៅនឹងអញ្ចាញ ឬនៅនឹងធ្មេញរបស់យើងយូរៗទៅ អាចនឹងធ្វើឱ្យកើតរោគធ្មេញពុក ឬរោគរលាកអញ្ចាញបាន ដែលវាគឺជាមូលហេតុដំបូងៗរបស់សុខភាពធ្មេញដែលអាក្រក់ទៅៗជារឿយៗនៅពេលក្រោយ ដូច្នេះគួរប្រញាប់ទៅកោស ឬកេះកំណកកំបោរទាំងនោះចេញពីធ្មេញតាំងពីដំបូងតែម្ដងប្រសើរជាង។

កំណកកំបោរនេះ អាចកោស ឬកេះចេញដោយខ្លួនឯងបានទេ?

នៅលើអ្នកខ្លះដែលមានកំណកកំបោរមកតោងធ្មេញជាប់ណែនរហូតមើលឃើញច្បាស់ៗនោះ អាចរកអ្វីស្រួចៗ រឹងៗមកកេះចេញ តែ ឡារ៉ែនសូមដាស់តឿនថា កុំធ្វីបែបហ្នឹងជាដាច់ខាត ព្រោះក្រៅតែពីមិនអាចយកកំណកកំបោរចេញពីធ្មេញដូចដែលខ្លួនបានគិតហើយនោះ ឧបករណ៍ និងវិធីដែលលោកអ្នកប្រើនោះ អាចនឹងធ្វើឱ្យកើតរបួសស្នាមនៅក្នុងប្រអប់មាត់ រហូតចេញឈាម ឬធ្វើឱ្យរលាក និងហើមសាច់អញ្ចាញបាន ដូច្នេះគួរទៅឱ្យលោកគ្រូពេទ្យធ្មេញប្រើឧបករណ៍ពេទ្យសម្រាប់កេះ ឬកោសកំណកកំបោរនោះចេញវិញប្រសើរជាង។

តើយើងអាចកាត់បន្ថយកំណកកំបោរនៅលើធ្មេញយ៉ាងម៉េចបាន?

បើមិនចង់ឱ្យមានកំណកកំបោរមកតោងជាប់នឹងធ្មេញច្រើនៗ ឬញឹកញាប់នោះ គួរដុសសម្អាតធ្មេញយ៉ាងតិចបំផុត មួយថ្ងៃ 2 ដង ហើយម្ដងៗត្រូវដុសសម្អាតឱ្យបានយូរជាង 30 វិនាទី និងកុំភ្លេច ត្រូវរុញច្រាសចូលទៅដុសសម្អាតឱ្យដល់ធ្មេញខាងក្នុងបំផុតផង។

ជ្រើសរើសថ្នាំដុសធ្មេញដែលមានចំណែកផ្សំរបស់ផ្លអូរ៉ាយ ដើម្បីការពារធ្មេញពុក និងសារធាតុត្រៃខូសាន ដែលជួយការពារការកើតរបស់មេរោគបាក់តេរី។

ដើម្បីជាការកម្ចាត់កម្ទេចកម្ទីចំណីអាហារដែលជាប់នៅតាមកន្លៀតធ្មេញ លោកអ្នកអាចប្រើអំបោះខាត់ធ្មេញក្រោយពីពេលញ៉ាំចំណីអាហារហើយ ឬប្រើក្រោយពេលដុសធ្មេញហើយក៏បាន។

ក្រៅពីនេះ ការកាត់បន្ថយអាហារពពួកម្សៅ ស្ករ ទឹកភេសជ្ជៈកំប៉ុង និងអាហារដែលមានរសជាតិជូរខ្លាំង ក៏អាចជួយថ្នមស្រទាប់ស្រោបធ្មេញមិនឱ្យសឹករហូតមានកំណកកំបោរមកតោងជាប់បានងាយៗបានដែរ រួមទាំងការតមជក់បារី និងទៅជួបគ្រូពេទ្យធ្មេញរៀងរាល់ 6 ខែម្ដង ដើម្បីពិនិត្យសុខភាពធ្មេញជាប្រចាំ នឹងជួយថែរក្សាសុខភាពរបស់ធ្មេញឱ្យស្អាតរឹងមាំ កាត់បន្ថយឱកាសក្នុងការកើតកំណកកំបោរបានដូចគ្នា៕

Advertisement