គុណប្រយោជន៍របស់ “អំបុក” ចំពោះរាងកាយ

យើងទាំងអស់គ្នាសុទ្ធតែស្គាល់ “អំបុក” គ្រប់ៗគ្នាហើយ។ អំបុក ដែលដាល់ហើយថ្មីៗនឹងមានក្លិនក្រអូបឈ្ងុយ ស្រួយ ទំពាក្រួបៗ ញ៉ាំជក់មាត់ និងថែមទាំងអាចយកទៅធ្វើជានំបានច្រើនមុខទៀតផង ដូចជា នំខាវម៉ៅថត ឬពូតជាមួយទឹកដូង និងសាច់ដូងខ្ចី លាយស្ករសបន្តិច ក៏មានរសជាតិអស្ចារ្យកម្ររកបានដែរ។

អំបុក គឺ ផ្លែស្រូវក្នុងវ័យស្ទាវ ដែលឆ្លងផុតវ័យទឹកដោះហើយ ដោយសាច់អង្ករខាងក្នុងសម្បកនឹងចាប់ផ្ដើមឡើងរឹងជាគ្រាប់បន្តិចហើយ មានពណ៌ស និងហ៊ុមព័ទ្ធដោយស្រទាប់ស្ដើងៗពណ៌បៃតងខ្ចី។ អំបុកត្រូវបានច្នៃប្រឌិតជាអាហារឡើងតាំងពីសម័យបុរាណយូរយារណាស់មកហើយ ហើយដែលមនុស្សនិយមធ្វើឡើងដើម្បីច្នៃជានំទុកនាំគ្នាទទួលទានក្នុងភូមិស្រុក ហើយអំបុកនេះមិនមែននិយមទទួលទានតែនៅក្នុងប្រទេសខ្មែរយើងប៉ុណ្ណោះទេ ព្រោះប្រទេសជិតខាងយើង ដូចជា ប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌា-ល-ក៏មានទម្លាប់ដាល់អំបុកទុកទទួលទានដូចគ្នាដែរ ដោយសារប្រទេសទាំងអស់នោះក៏សុទ្ធតែជាប្រទេសដែលធ្វើស្រែដាំស្រូវដូចគ្នា គ្រាន់តែមានភាពខុសគ្នាលើទំនៀមទម្លាប់ប្រពៃណីក្នុងការធ្វើ(ឬដាល់)អំបុកតែប៉ុណ្ណោះឯង។

ដោយសារតែ “អំបុក” គឺជាអាហារដែលបានមកពីគ្រាប់អង្ករដែលនៅមិនទាន់ទុំខ្លាំងដែលត្រូវបាននាំយកមកលីង និងបុក(ដាល់)ឱ្យសំប៉ែតនោះ ទើបវាក្លាយជាគ្រាប់បាយសំប៉ែតដែលមានគុនតម្លៃខាងភោជនាហារដូចបាយដែលយើងទទួលទានប្រក្រតីធម្មតានោះដែរ ដោយវាសម្បូរទៅដោយកាកសរសៃអាហារ ជាតិខ្លាញ់ វីតាមីនB1 វីតាមីនB2 ណៃអាស៊ីន សារធាតុដែក កាល់ស្យូម ផូស្វ័រ ម៉ាញេស្យូម និងប្រូតេអ៊ីន។ល។ សារជាតិអាហារទាំងអស់នេះសុទ្ធតែហុចផលល្អដល់សុខភាពរបស់រាងកាយមនុស្សយើងទាំងអស់ និងថែមទាំងជួយឱ្យសុខភាពផ្លូវចិត្តល្អភ្លឺថ្លា មានភាពស្វាហាប់ មានសមាធិខ្ពស់ ជួយសម្រួលកម្រិតគ្លុយខូស(ជាតិស្ករ) និងសារធាតុអាហារសម្រាប់ខួរក្បាល ជួយឱ្យប្រព័ន្ធការធ្វើការងាររបស់ខួរក្បាលដំណើរការល្អ និងជួយបំប៉នកម្លាំង ចម្រើនសារធាតុរ៉ែផ្សេងៗបានយ៉ាងល្អទៀតផង។

ឃើញទេថា អាហាររបស់ខ្មែរយើងតាំងពីបរមបុរាណមកនេះ មានគុណសម្បត្តិ និងគុណប្រយោជន៍ល្អៗចំពោះរាងកាយច្រើនប៉ុនណា ដូច្នេះចូរកុំបង្អង់យូរ តោះ! នាំគ្នាទៅរកទិញអំបុកស្រូវថ្មីមកញ៉ាំដើម្បីថែបំប៉នសុខភាពរាងកាយយើងទាំងអស់គ្នាជាមួយអ្នកគ្រូ ឆវីឥឡូវនេះតែម្ដង៕

Advertisement