រឿងដែលគួរដឹង មុននឹងតម “អាហារខ្លាញ់ៗ”

ទាំងអស់គ្នាប្រហែលជាបានដឹងច្បាស់ហើយថា បើចង់មានសុខភាពរឹងមាំល្អ និងចង់សម្រកទម្ងន់ឱ្យរាងរៅស្គមស្វែលស្អាតស្លៀកពាក់ខោអាវលេខ M ឬលេខ S បាននោះ ត្រូវតែចេះតម(ឬកាត់បន្ថយ)ការទទួលទានអាហារខ្លាញ់ៗ តែមុននឹងតាំងចិត្តខំប្រឹងប្រែងតមពួកអាហារខ្លាញ់ៗយ៉ាងម៉ឺងម៉ាត់នោះ យើងគួរនាំគ្នាមកមើលពីដំបូន្មានល្អៗជាមុនសិនប្រសើរជាងថា តើយើងគួរត្រៀមខ្លួនយ៉ាងណា និងត្រូវតមអាហារខ្លាញ់យ៉ាងត្រឹមត្រូវយ៉ាងណាខ្លះ?

រឿងដែលត្រូវដឹងមុនតមអាហារខ្លាញ់

ដោយសារតែមានបុគ្គលិករបស់ទស្សនាវដ្តី ឡារ៉ែនម្នាក់បានលើកប្រធានបទមួយមកជជែកគ្នាថា តើយើងត្រូវប្រើវិធីណាល្អក្នុងការឈប់ញ៉ាំអាហារខ្លាញ់ៗនោះ ទើបអ្នកគ្រូ ឆវីត្រូវលើកយកចំណុចគួរដឹងសម្រាប់ណែនាំដល់អ្នកដែលចង់សម្រកទម្ងន់ និងចង់មានសុខភាពរឹងមាំមកជម្រាបជូនដូចតទៅ ៈ

1 . រកមូលហេតុឱ្យឃើញជាមុនសិនថា តើយើងចង់កាត់បន្ថយ និងឈប់ញ៉ាំអាហារខ្លាញ់ៗនេះដើម្បីអ្វី?

គឺដើម្បីសុខភាពល្អ! រឿងហ្នឹងអ្នកណាក៏គេដឹងដែរ តែគោលដៅក្នុងការកាត់បន្ថយរបស់យើងហ្នឹង គឺដើម្បីសុខភាពលើផ្នែកណាមួយ?

– រូបរាង?

– ទម្ងន់?

– ខ្លាចជំងឺដែលមកជាមួយភាពធាត់?

– ខ្លាចជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ខុសប្រក្រតី?

ដែលត្រូវតែដឹងជាមុននោះក៏ព្រោះថា ហេតុនីមួយៗនោះ មានការកាត់បន្ថយមិនដូចគ្នាទេ និងជួនកាលការកត់បន្ថយអាហារខ្លាញ់ អាចនឹងមិនមែនជាការកែសម្រួលហេតុបញ្ហាទាំងនោះទៀតផង។

– ដូចអ្នកខ្លះ កាត់បន្ថយអាហារខ្លាញ់ដើម្បីសម្រកទម្ងន់…ដោយមិនទាំងបានញ៉ាំវាច្រើន និងមិនបានពិនិត្យមើលថា ឡើងទម្ងន់ដោយសារអ្វីឡើយផង។

– អ្នកខ្លះត្រូវការកែសម្រួលរូបរាង តែអាផ្នែកដែលត្រូវការកែសម្រួលនោះវាមិនបានពាក់ព័ន្ធនឹងអាហារខ្លាញ់សោះ(ដូចជា ចង់ឱ្យសាច់ដុំដៃមាំមួន ក៏តមលែងញ៉ាំអាហារខ្លាញ់…តែអត់ទៅហាត់ប្រាណ លើកដុំដែក ហើយអ៊ីចឹងម៉េចសាច់ដុំដៃឡើងទៅកើត?)។

– អ្នកខ្លះត្រូវការបញ្ចុះជាតិខ្លាញ់ដើម្បីសម្រកទម្ងន់ ទាំងដែលបច្ចុប្បន្នដឹងច្បាស់ហើយថា បើសម្រកខ្លាញ់ តែមិនបន្ថយជាតិស្ករ ទោះសម្រកយូរប៉ុនណាក៏មិនបានលទ្ធផលដែរ។

2 . គោលការណ៍ពេទ្យសម័យទំនើប មិនបានឱ្យអត់អាហារខ្លាញ់នោះទេ

– ដោយសារខ្លាញ់គឺជាវត្ថុចាំបាច់ចំពោះរាងកាយ តែបានច្រើនពេកក៏មិនល្អ បានតិចពេកក៏មិនល្អ។

-​ បច្ចុប្បន្ននេះ(ការពិតទៅ តាំងពីឆ្នាំ1980ឯណោះ) វេជ្ជសាស្រ្តសម័យបច្ចុប្បន្ននេះ សង្កត់ធ្ងន់លើការញ៉ាំអាហារយ៉ាងមានតុល្យភាព មិនសង្កត់ធ្ងន់លើការតម្រង់ទៅលើតែគុណប្រយោជន៍ ឬគុណវិបត្តិរបស់សារធាតុអាហារប្រភេទណាមួយនោះទេ។

– ឧទាហរណ៍ដូចជា អាហារក្រុមតំបន់មេឌីទែរ៉ាណេក៏មានជាតិខ្លាញ់ច្រើនគួរសមដែរ មិនមែនជាអាហារដែលមានជាតិខ្លាញ់ទាបឡើយ។

3 . តើយើងត្រូវញ៉ាំអាហារខ្លាញ់ប៉ុនណា ដឹងឬនៅ?

អ្នកខ្លះចង់បន្ថយខ្លាញ់ តែមិនដឹងថា ខ្លួនឯងញ៉ាំខ្លាញ់ប៉ុនណា?

ដល់មិនដឹងថា ពីដំបូងយើងញ៉ាំវាប៉ុនណា ធ្វើឱ្យពេលកាត់បន្ថយទៅហើយ ពិបាកវាយតម្លៃ ធ្វើឱ្យមិនអាចកំណត់គោលដៅបាន។

4 . បន្ថយអាហារខ្លាញ់ តែត្រូវប្រយ័ត្នការបន្ថយខ្លាំងជ្រុលពេក

– គោលការណ៍នៃការតមអាហារខ្លាញ់ គឺត្រូវមិនតមរហូតដល់អត់ញ៉ាំសោះនោះទេ…ព្រោះជាតិខ្លាញ់ក៏ជាវត្ថុមួយដែលរាងកាយត្រូវប្រើប្រាស់ដែរ។

– បើបន្ថយជាតិខ្លាញ់ខ្លាំង និងកំណត់កម្លាំងថាមពល រាងកាយនឹងសម្រួលខ្លួនចូលទៅនៅក្នុងក្រុមមនុស្សខ្វះអាហារបរិភោគ សាច់ដុំនឹងបាត់អស់ ហើយយូរទៅ រាងកាយងាយនឹងត្រឡប់មកធាត់ជាថ្មីម្ដងទៀត។

5 – ជាតិខ្លាញ់ដែលគួរបញ្ឈប់មែនទែននោះគឺ ខ្លាញ់ថ្រានស៍( Trans Fat)

ចំណែកខ្លាញ់ផ្សេងទៀត ដូចជាខ្លាញ់ជ្រូក ខ្លាញ់សត្វ ប្រេងដូង ប្រេងរុក្ខជាតិផ្សេងៗ ញ៉ាំបាន តែត្រូវគ្រប់គ្រងបរិមាណយ៉ាងស័ក្តិសម៕

Advertisement