ជំនឿបែបខុសៗ 6យ៉ាងពាក់ព័ន្ធនឹងសុខភាព ដែលអ្នកត្រូវពិចារណាឡើងវិញ!

មនុស្សជាច្រើនប្រហែលជាធ្លាប់បានឮអំពីជំនឿដែលពាក់ព័ន្ធនឹងរឿងសុខភាពខ្លះៗមកហើយ មិនថាតែការញ៉ាំផ្អែមខ្លាំងនឹងធ្វើឱ្យយើងកើតជំងឺទឹកនោមផ្អែម ឬមានតែអ្នកធាត់ទេដែលមានកូលេស្តេរ៉ូលក្នុងឈាមច្រើន ឬមានតែមនុស្សចាស់អាយុច្រើនទេដែលត្រចៀកធ្ងន់(ស្ដាប់មិនសូវឮ) ដូច្នេះថ្ងៃនេះ ឡារ៉ែននឹងនាំមិត្តអ្នកអានគ្រប់គ្នាមកពិសោធមើលថា តើជំនឿដែលយើងធ្លាប់បានឮ(និងមានអ្នកខ្លះអាចជឿ)មកតាំងពីនៅក្មេងៗនោះ មានភាពពិតត្រឹមត្រូវដែរឬទេ?

1​​​​​​​​​​ . ញ៉ាំអាហារដែលមានរសជាតិផ្អែមខ្លាំង ច្រើនតែធ្វើឱ្យកើតជំងឺទឹកនោមផ្អែម

នៅក្នុងការពិតវិញ មូលហេតុចម្បងរបស់ជំងឺទឹកនោមផ្អែមគឺ ការដែលរាងកាយរបស់យើងខ្វះអ័រម៉ូនអ៊ីនស៊ូលីនដែលមានតួនាទីសំខាន់ក្នុងការរក្សាកម្រិតជាតិស្ករនៅក្នុងឈាម។ បើសិនរាងកាយអាចផលិតអ័រម៉ូនមួយនេះបានជាប្រក្រតី ទោះជាអ្នកទទួលទានអាហារផ្អែមប៉ុនណា ក៏មិនមានបញ្ហាអ្វីដែរ វាគ្រាន់តែធ្វើឱ្យអ្នកធាត់តែប៉ុណ្ណោះ តែក្នុងករណីដែលអ្នកមានពូជអម្បូររបស់ជំងឺនេះស្រាប់ហើយ ត្រូវតែគ្រប់គ្រងអាហារឱ្យមានតុល្យភាព ទទួលទានអាហារឱ្យគ្រប់ 5ប្រភេទក្រុម មិនទទួលទានអាហារផ្អែមខ្លាំងជ្រុលពេក ក៏អាចនឹងជួយគ្រប់គ្រងមិនឱ្យអាការរបស់ជំងឺទឹកនោមផ្អែមដែលបង្កប់នៅក្នុងខ្លួនកម្រើកឡើងមកបានឡើង។

2 . មានតែមនុស្សធាត់ៗប៉ុណ្ណោះដែលមានកម្រិតកូលេស្តេរ៉ូលនៅក្នុងឈាមខ្ពស់

មិនមែនជាការពិតជានិច្ចនោះទេ មនុស្សស្គមៗក៏មានឱកាសប្រថុយប្រថាននឹងសភាវនេះដែរ ព្រោះកម្រិតកូលេស្តេរ៉ូលមិនបានវាស់លើទម្ងន់ខ្លួននោះទេ។ មិនថាខ្លួនអ្នកស្គម និងមិនទទួលទានអាហារដែលមានខ្លាញ់ក៏ដោយ ក៏អាចនឹងមានកូលេស្តេរ៉ូលនៅក្នុងឈាមខ្ពស់ដូចគ្នា បើសិនជាមានពូជអម្បូរដែលធ្វើឱ្យប្រព័ន្ធមេតាបូលីហ្សឹមក្នុងរាងកាយធ្វើការខុសប្រក្រតី រហូតកើតការផលិត និងប្រមូលសន្សំកូលេស្តេរ៉ូលទុកនៅក្នុងក្រសែឈាមច្រើនជ្រុលពេក ដែលនៅក្នុងករណីនេះ អ្នកជំងឺនឹងមិនដឹងខ្លួនទេ ដូច្នេះដើម្បីភាពមិនធ្វេសប្រហែស យើងគួរទៅពិនិត្យឈាមជាប្រចាំរៀងរាល់ឆ្នាំ រួមទាំងព្យាយាមចៀសពីអាហារដែលមានជាតិខ្លាញ់បង្កកខ្លួនច្រើនផង។

3 . ស្បែកសម្បុរស្រអែម ស៊ូជាមួយកម្ដៅថ្ងៃបានល្អជាងស្បែកពណ៌ស

តាមរយៈការស្រាវជ្រាវរបស់អាល្លឺម៉ង់បានរកឃើញថា កាំរស្មី UV ប្រភេទ A ឬដែលហៅថា UVA មានសមត្ថភាពជ្រៀតជ្រែកចូលទៅបំផ្លាញសាច់ស្បែកស្រទាប់ក្នុងរបស់មនុស្សយើងបាន ដោយមិនចាំបាច់ថា អ្នកមានមានស្បែកសម្បុរស្រអែម ឬសនោះទេ។ បើអ្នកត្រូវកម្ដៅថ្ងៃដុតខ្លាំងៗ ក៏មានឱកាសប្រថុយក្នុងការកើតជំងឺមហារីកស្បែកបានដូចគ្នា ដូច្នេះ មិនថារូបអ្នកមានស្បែកសម្បុរអ្វីនោះទេ អ្នកគួរតែមើលថែទាំខ្លួនដោយការលាបគ្រីមការពារកម្ដៅថ្ងៃ រួមទាំងស្លៀកសម្លៀកបំពាក់ណាដែលអាចបិទបាំងរាងកាយបានជិតល្អផងបើសិនត្រូវនៅក្រោមពន្លឺថ្ងៃរយៈពេលយូរ។

4 . មានតែមនុស្សចាស់ប៉ុណ្ណោះដែលត្រចៀកធ្ងន់(ស្ដាប់មិនសូវឮ)

បច្ចុប្បន្ននេះ យើងច្រើនបានជួបយុវជន-យុវនារីដែលមានបញ្ហាខាងការស្ដាប់ឮ ឬត្រចៀកធ្ងន់កាន់តែច្រើនឡើង មូលហេតុមួយផ្នែក គឺបណ្ដាលមកពីការដែលពួកគេចូលចិត្តលេងឧបករណ៍ដែលមានសំឡេងឮខ្លាំងជ្រុលពេកកាលពីនៅវ័យក្មេង ឬនៅពេលធំឡើងត្រូវធ្វើការងារ ឬស្នាក់នៅក្នុងកន្លែងដែលមានបរិស្ថានមិនល្អខាងសំឡេងខ្លាំងៗហ្នឹងឯង។

5 . អ្នកដែលកើតជំងឺលើសឈាម ហាមញ៉ាំកាហ្វេ

ក្នុងចំណុចនេះ អាចនឹងគ្មានភ័ស្តុតាងអះអាងឱ្យបានច្បាស់លាស់នៅឡើយ ទោះជាមានការហាមប្រាមអ្នកជំងឺលើសឈាមញ៉ាំកាហ្វេក៏ដោយ តែក្នុងការពិតវិញ អ្នកជំងឺទាំងនោះ មានចំនួនមិនតិចទេដែលមានទង្វើចូលចិត្តញ៉ាំកាហ្វេជាប្រចាំ និងនៅតែញ៉ាំជាបន្ត ដោយគ្មានបង្ហាញពីអាការកម្រើកនៃរោគសញ្ញាណាមួយឡើយ តែយ៉ាងណាក៏ដោយ មានការណែនាំមួយថា មិនគួរញ៉ាំកាហ្វេក្នុងមួយថ្ងៃលើសពី 4កែវឡើយ។

6 . បើសិនបណ្ដោយឱ្យបាតជើងត្រជាក់ នឹងធ្វើឱ្យកើតជំងឺរលាកប្លោកនាម

ចំពោះការពិតវិញ ប្លោកទឹកមូត្ររបស់យើងនឹងរលាក ឬអត់នោះ គឺអាស្រ័យលើមេរោគទេ ជាពិសេសបំផុតមេរោគពីពោះវៀនធំដែលអាចរបូតជ្រៀតចូលទៅក្នុងប្លោកទឹកមូត្រ រហូតធ្វើឱ្យកើតអាការរលាកបាន។

នៅពេលបានដឹងបែបនេះហើយ ត្រូវតែធ្វើការយល់ដឹងពីសុខភាពជាថ្មីហើយ តែយ៉ាងណាក៏ដោយ ការមើលថែទាំសុខភាព គ្រប់គ្រងរឿងអាហារការហូបចុក គេងលក់សម្រាកឱ្យបានគ្រប់គ្រាន់ រួមទាំងហាត់ប្រាណយ៉ាងជាប់លាប់ ក៏ជាមូលដ្ឋានគ្រឹះដែលអាចជួយការពារយើងឱ្យនៅឆ្ងាយពីរោគព្យាធិបានដូចគ្នាដែរ៕

Advertisement