ហេតុអីបានមនុស្សយើង “គេងមមើ”? តើត្រូវដាស់ឱ្យភ្ញាក់ឬទេ?

ទោះបីវាជារឿងគួរឱ្យខ្មាសអៀនដែលអ្នកខ្លះមានអាការគេងមមើនៅពេលយប់ ឬអ្នកខ្លះទៀតអាចនឹងនៅតែគេងមមើរហូត ទោះជាស្ថិតក្នុងវ័យមនុស្សធំហើយ និងមនុស្សគ្រប់រូបបានស្គាល់អាការគេងមមើនេះយ៉ាងច្បាស់ ទាំងកើតនៅលើខ្លួនឯង ឬឃើញមនុស្សក្បែរៗខ្លួនគេងមមើក៏ដោយ តែជឿថា មនុស្សជាច្រើនប្រហែលជានៅមិនទាន់បានដឹងពីមូលហេតុថា តើហេតុអីបានជាយើងគេងមមើ ក្រោកឡើងមកធ្វើនេះធ្វើនោះបានយ៉ាងច្រើន និងតើយើងគួរប្រតិបត្តិយ៉ាងណាជាមួយអ្នកគេងមមើ រួមទាំងវិធីការពារការគេងមមើនេះទៀតផង។ ដូច្នេះឃើញថា ទោះជាគ្រប់គ្នាបានស្គាល់អាការគេងមមើហើយមែន តែក៏នៅតែមិនទាន់ដឹងពីរឿងរ៉ាវរបស់ការគេងមមើជាច្រើនទៀតដែរ។

គេងមមើ បណ្ដាលមកពីអ្វី?

មូលហេតុរបស់ការគេងមមើនៅមិនទាន់អាចបញ្ជាក់បានយ៉ាងច្បាស់លាស់ថា បណ្ដាលមកពីអ្វីនោះឡើយ តែសន្និដ្ឋានថា អាចបណ្ដាលមកពីការគេងលក់មិនបានស្កប់ស្កល់ ត្រូវបានរុកកួនរំខានខណៈពេលគេង ភាពតានតឹងក្នុងអារម្មណ៍ វិតក្កកង្វល់ អាការគ្រុនក្ដៅមិនស្រួលខ្លួន ស្ថិតក្នុងសភាវសោកសៅ ស្រវឹងសល់ ឬផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើថ្នាំរម្ងាប់សរសៃប្រសាទ។ល។

អ្នកជំងឺដែលមានរោគប្រចាំកាយ អាចមានភាពប្រថុយប្រថានក្នុងការគេងមមើដែលបណ្ដាលមកពីអាការបន្ទាប់បន្សំរបស់ជំងឺផ្សេងៗដែលកំពុងកើត ដូចជា សភាវឈប់ដកដង្ហើមខណៈគេងលក់ អ្នកជំងឺដែលស្ថិតក្នុងសភាវងងុយគេងខ្លាំងជ្រុល( Narcolepsy) ក្រុមអាការជើងនៅមិនសុខ( Restless Legs Syndrome)ដែលធ្វើឱ្យអ្នកជំងឺមានអារម្មណ៍រំខានជើងរបស់ខ្លួនឯងរហូតគេងមិនសូវលក់ អ្នកជំងឺទឹករំលាយអាហារហូរបញ្រ្ចាស់ ឬឈឺក្បាលម៉ៃក្រេន ជាដើម។

ក្រៅពីនេះ តំណពូជក៏ជាផ្នែកមួយរបស់អាការគេងមមើដែរ ព្រោះបើមាននរណាម្នាក់ក្នុងក្រុមគ្រួសារមានអាការគេងមមើ នឹងធ្វើឱ្យយើងមានភាពប្រថុយប្រថានក្នុងការគេងមមើដែរខ្លាំងឡើងដល់ទៅ 10ដង រួមទាំងរឿងរញ្ជួយចិត្តពីខាងក្រៅដែលជំរុញឱ្យកើតអាការគេងមមើបាន អាចមានតាំងពីការអានសៀវភៅ មើលភាពយន្តភ័យរន្ធត់ ឬរូបភាពគួរឱ្យខ្លាចមុនពេលគេងដែលធ្វើឱ្យខួរក្បាល និងផ្លូវចិត្តត្រូវរុកកួនរំខានរហូតធ្វើឱ្យគេងលក់មិនស្កប់ស្កល់ រហូតកើតអាការគេងមមើបានដូចគ្នា។

គេងមមើមានអាការយ៉ាងណា?

អ្នកដែលមានអាការគេងមមើនឹងចាប់ផ្ដើមក្រោយពីការគេងលក់ទៅហើយ 1 – 3ម៉ោង ឬកើតអាការគេងមមើក្នុងអំឡុងពេលគេងលក់ខ្លាំង។ អាការរបស់ការគេងមមើមានតាំងពីកើតឡើងបន្តិចបន្តួច ដូចជាការនិយាយរអ៊ូៗពេលកំពុងគេងលក់ មមើយល់សប្តិកម្រើករាងកាយចុះឡើង ស្រែកវ៉ូសវ៉ាសខណៈទាំងភ្នែកកំពុងបិទ មានអារម្មណ៍ដូចស្ថិតក្នុងសភាវសើ្ទរលក់ស្ទើរភ្ញាក់ តែកម្រើករាងកាយមិនបានដូចខ្មោចសង្កត់ មមើនិយាយឥតឈប់ រហូតទៅដល់ក្រោកឡើងដើរទៅមក រើរបស់របរ និយាយតែម្នាក់ឯង និងធ្វើការងារផ្សេងៗ ជាដើម។ អ្នកខ្លះអាចដល់ថ្នាក់ងើបឡើងមកតុបតែងមុខមាត់ ឬញ៉ាំអាហារទៀតផង តែរយៈពេលក្នុងការមមើនឹងមិនសូវជាយូរប៉ុន្មានឡើយ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ និងភាគច្រើនអ្នកគេងមមើអាចដើរត្រឡប់មកកន្លែងគេងវិញបានដោយខ្លួនឯង។

តើអ្នកគេងមមើមានគ្រោះថ្នាក់ដែរឬទេ?

ជាប្រក្រតី អាការគេងមមើច្រើនតែកើតឡើងក្នុងអំឡុងវ័យក្មេង ហើយនឹងបាត់ទៅវិញជាបណ្ដើរៗដោយឯកឯងនៅពេលធំឈានចូលវ័យជំទង់ តែក៏មានអ្នកខ្លះនៅតែមានអាការគេងមមើនៅក្នុងវ័យមនុស្សធំដែរ។ ការគេងមមើគ្រាន់តែជាភាពខុសប្រក្រតីមួយរបស់ការគេងលក់ប៉ុណ្ណោះ គ្មានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដល់រាងកាយនោះទេ គ្រាន់តែគ្រោះថ្នាក់ដែលកើតឡើងអាចបណ្ដាលមកពីអាការដែលកើតឡើងក្រោយពីពេលគេងមមើ នោះគឺការចេញទៅដើរនៅក្នុងកន្លែងដែលគ្រោះថ្នាក់ ដូចជាប្រើប្រាស់កាំបិតនៅក្នុងចង្រ្កានបាយ មមើតោងចុះតាមមាត់បង្អួច ឬរានហាល ដើរចុះជណ្ដើរ បើកទ្វារដើរចេញទៅក្រៅផ្ទះ ជាដើម ដូច្នេះគួរតាមសង្កេតមើលយ៉ាងប្រុងប្រយ័ត្នពីអាកប្បកិរិយារបស់អ្នកគេងមមើឱ្យបានល្អ។

តើគួរដាស់អ្នកគេងមមើដែរឬទេ?

សំណួរនេះប្រហែលជាស្ថិតក្នុងក្ដីសង្ស័យរបស់មនុស្សជាច្រើនមិនខាន ហើយចម្លើយក៏គឺ ដាស់បាន! តែមិនគួរធ្វើឡើយ… ព្រោះគេអាចនឹងមិនភ្ញាក់ និងបើសិនជាគេភ្ញាក់វិញ អាចធ្វើឱ្យគេមានអាការមីងមាំង និងទម្រាំតែលង់លក់ទៅវិញម្ដងទៀតក៏ត្រូវប្រើពេលវេលាយូរជាងមុន ឬអាចនឹងគេងមិនលក់រហូតដល់ភ្លឺតែម្ដងក៏មាន ជាពិសេសក្មេងតូចអាចនឹងស្រែកយំរករឿងយូរទម្រាំនឹងគេងលក់ទៅវិញ ព្រោះអាចកើតក្ដីភ័យខ្លាចហ្នឹងឯង។ ដូច្នេះវិធីដែលល្អបំផុត គឺគួរប្រយ័ត្នប្រយែងអំពីសុវត្ថិភាពរបស់គេ ហើយព្យាយាមនាំគេត្រឡប់មកគេងនៅលើគ្រែវិញដោយមិនចាំបាច់ដាស់ឱ្យភ្ញាក់ឡើយ ដែលធ្វើឱ្យគេអាចគេងលក់បន្តទៅទៀតបានយ៉ាងងាយស្រួល។

ចំណុចប្រតិបត្តិចំពោះអ្នកដែលមានអាការគេងមមើជាប្រចាំ

ភាគច្រើនអាការគេងមមើមិនបានកើតឡើងម្ដង ឬពីរដង ហើយឈប់នោះទេ អាចនឹងកើតអាការគេងមមើនេះជារឿយៗប្រមាណជា 2 – 4ដងក្នុងមួយសប្ដាហ៍ ឬអាចនឹងតិច ឬច្រើនជាងហ្នឹង។ អ្វីដែលយើងគួរធ្វើនោះគឺ កត់កំណត់ត្រាពេលគេចូលគេង និងពេលដែលគេចាប់ផ្ដើមមានអាការគេងមមើ បន្ទាប់ពីនោះនៅយប់តៗមកទៀត ចូរសាកល្បងដាស់ឱ្យគេភ្ញាក់មុនពេលដែលគេចាប់ផ្ដើមមានអាការមមើប្រមាណ 30នាទី ហើយសឹមឱ្យគេគេងទៅវិញម្ដងទៀត។ វិធីនេះនឹងជួយកាត់បន្ថយអាការគេងមមើជាប្រចាំបាន៕

Advertisement