អាថ៌កំបាំងរបស់ការ “ស្ងាប” និងហេតុផលដែលធ្វើឱ្យអ្នកដទៃត្រូវស្ងាបតាម…

ស្ងាប ជាអាការដែលយើងជួបប្រទះជាញឹកញាប់នៅលើមនុស្សគ្រប់វ័យ ដែលរហូតមកដល់ពេលនេះហើយក៏នៅតែមិនទាន់មានចម្លើយដែលច្បាស់លាស់ណាមួយបញ្ជាក់ថា ហេតុអ្វីបានមនុស្សយើងត្រូវស្ងាបនៅឡើយ តែមានទ្រឹស្ដីជាច្រើនដែលអធិប្បាយថា ហេតុអីបានមនុស្សត្រូវស្ងាប និងហេតុអីបានត្រូវស្ងាបតាមគ្នា…ទ្រឹស្ដីទាំងអស់នោះមានដូចជា ៈ

ជួយឱ្យយើងមានអារម្មណ៍លែងងងុយគេង

ជាអ្វីដែលយើងបានដឹងច្បាស់ទាំងអស់គ្នាហើយថា ការស្ងាបតែងតែតាមមកដោយការធ្វើចលនារាងកាយ ដូចជាការពត់ខ្លួន ឬក្រោកឈរជាដើម ដែលទង្វើដ៏គួរឱ្យរំខានទាំងអស់នេះអាចជួយទប់ស្កាត់អារម្មណ៍ងងុយគេងដែលកើតឡើងបាន។

ជួយបន្ថែមភាពត្រជាក់ដល់ខួរក្បាល

ទ្រឹស្ដីមួយទៀតបានប្រាប់ថា ការស្ងាបជួយឱ្យខួរក្បាលត្រជាក់ ដោយសារតែការស្ងាបនឹងធ្វើឱ្យត្រូវស្រូបដង្ហើមចូលវែងៗដើម្បីទាញយកខ្យល់អាកាសត្រជាក់ៗចូលទៅតាមមាត់ បន្ទាប់ពីនោះក៏នឹងធ្វើឱ្យឈាមដែលកំពុងហូរទៅចិញ្ចឹមខួរក្បាលត្រជាក់ចុះ។ អ្នកកំណត់ទ្រឹស្ដីនេះបានអះអាងថា មានការសង្កេតឃើញសីតុណ្ហភាពរបស់ខួរក្បាលកើនឡើងខ្ពស់ក្នុងអំឡុងមុននឹងកើតអាការស្ងាប និងសង្កេតឃើញសីតុណ្ហភាពដែលថយចុះក្នុងអំឡុងពេលក្រោយស្ងាបរួច។

ហេតុអីបានមានការស្ងាបតាមៗគ្នា?

ការស្ងាបជាទង្វើដែលធ្វើឱ្យកើតមានការស្ងាបតាមគ្នាបាន ដូច្នេះពេលដែលឃើញនរណាម្នាក់ស្ងាប យើងក៏ច្រើនតែចង់កើតអាការស្ងាបតាមដែរ ដែលអាការនេះមានការសន្និដ្ឋានថា ការស្ងាបតាមគ្នានេះ មានចំណែកពាក់ព័ន្ធនឹងកម្រិតភាពយល់ចិត្តយល់ថ្លើម និងយល់ពីអារម្មណ៍របស់អ្នកដទៃ។

មិនចង់ស្ងាប ចូរសាកល្បងធ្វើបែបនេះ…

. ដកដង្ហើមចូលវែងៗ ៈ បើអ្នកណាមានអារម្មណ៍ថាខ្លួនឯងកើតអាការស្ងាបយ៉ាងច្រើននោះ ចូរសាកល្បងដកដង្ហើមចូល-ចេញវែងៗតាមច្រមុះ ព្រោះរាងកាយអាចត្រូវការអុកស្៊ីហ្ស៊ែនក្នុងបរិមាណច្រើនឡើង។ ការស្រាវជ្រាវមួយបានរកឃើញថា ការដកដង្ហើមចូល-ចេញវែងៗ អាចជួយបន្ថយអាការដែលចង់ស្ងាបតាមៗគ្នាបាន។

. កម្រើករាងកាយ ៈ អ្នកគួរកម្រើករាងកាយឱ្យច្រើនឡើង កុំអង្គុយនៅស្ងៀម ក្រៅពីនេះ អារម្មណ៍នឿយល្វើយ ធុញទ្រាន់ និងតានតឹងក៏ច្រើនតែធ្វើឱ្យមនុស្សយើងកើតអាការស្ងាបច្រើនបានដែរ។

. ធ្វើឱ្យរាងកាយត្រជាក់ ៈ អ្នកអាចប្រើវិធីចេញទៅដើរលេងនៅក្នុងទីកន្លែងដែលមានធាតុអាកាសល្អ ឬមានសីតុណ្ហភាពដែលត្រជាក់ស្រួលជាងកន្លែងចាស់ តែបើអ្នកគ្មានពេលក្នុងការធ្វើបែបនោះបាន ក៏សាកល្បងញ៉ាំភេសជ្ជៈត្រជាក់ៗ ឬញ៉ាំនំត្រជាក់ៗ ដូចជាអៃស្រ្គីម ឬទឹកកឈូសក៏បាន។ នៅពេលសីតុណ្ហភាពរបស់រាងកាយត្រជាក់ចុះហើយ ប្រហែលនឹងជាជួយឱ្យអាការស្ងាបច្រើននោះថយចុះ ឬបាត់អស់ទៅវិញបាន។

បើស្ងាបច្រើន ឬស្ងាបញឹកញាប់ជ្រុលពេក គួរត្រូវទៅជួបគ្រូពេទ្យឬទេ?

អ្នកគួរតែទៅជួបគ្រូពេទ្យ បើមានអារម្មណ៍ថាអាការស្ងាបរបស់អ្នកមិនប្រក្រតី និងមានអាការផ្សេងទៀតរួមជាមួយដែលអាចជាអាការដែលរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នក។ អ្នកគួរប្រាប់គ្រូពេទ្យថា មានអាការស្ងាបកើតឡើងនៅពេលណា រួមទាំងអាការផ្សេងៗរួមជាមួយផង ដូចជាមើលឃើញមិនសូវច្បាស់ ឈឺចាប់នៅត្រង់ណាមួយ ឬមានអត់បានគេងដែរឬទេជាដើម។ ព័ត៌មានទាំងអស់នេះ អាចនឹងជួយឱ្យគ្រូពេទ្យវិនិច្ឆ័យអាការដែលបង្កប់នៅក្នុងរាងកាយរបស់អ្នកបាន រួមទាំងការណែនាំក្នុងការព្យាបាលដែលល្អប្រសើរឡើងផងដែរ។

ការពិតទៅ ការស្ងាបអាចជាសញ្ញាខាងរាងកាយដែលកើតអាការចង់ឈ្នះចង់ចាញ់គ្នារវាងអាការដឹងខ្លួន និងអាការងងុយគេង ហើយនៅទីបំផុតក៏ធ្វើឱ្យកើតអាការងោក និងលក់ក្នុង(អារម្មណ៍គេងលក់ តែភ្នែកនៅបើក)ឡើង ដូច្នេះបើពេលនោះអាការងងុយគេងមានជ័យជម្នះ ហើយស្មារតី និងអារម្មណ៍របស់មនុស្សដែលកំពុងបើកបរបញ្ជាឱ្យចតរថយន្តដើម្បីឈប់សម្រាកនោះ យើងគួរតែធ្វើតាមបញ្ជារបស់រាងកាយ…៕

Advertisement