តបបញ្ហាសុខភាពគូស្នេហ៍ ៈ ពិនិត្យសុខភាពមុនរៀបការ ត្រូវពិនិត្យអ្វីខ្លះ?

ការពិនិត្យសុខភាពរាងកាយមុនរៀបការ ជារឿងដែលគូស្នេហ៍ទាំងឡាយគួរធ្វើមុននឹងសម្រេចចិត្តរស់នៅជាមួយគ្នាជាជីវិតគូ ឬរៀបការ ឬការសាងក្រុមគ្រួសារជាមួយគ្នាយ៉ាងពិតប្រាកដ។ ដោយសារតែម្នាក់ៗធ្លាប់តែរស់នៅតាមបែបរបស់ខ្លួនឯងរៀងៗខ្លួននោះ ការពិនិត្យសុខភាពរាងកាយមុនរៀបការ នឹងបញ្ជាក់ប្រាប់ពីសុខភាពរបស់អ្នកទាំងពីរ រួមទាំងភាពរឹងប៉ឹង និងភាពត្រៀមជាស្រេចក្នុងការមានបុត្រផងដែរ។

ចំណុចល្អរបស់ការពិនិត្យសុខភាពរាងកាយមុនរៀបការ

1 . បង្ហាញពីភាពស្មោះស្ម័គ្រចំពោះគ្នាទៅវិញទៅមក

ដោយសារការព្រមទៅពិនិត្យសុខភាពជាការបង្ហាញប្រាប់ពីសេចក្ដីស្រឡាញ់ដែលមានចំពោះគ្នា និងសម្ដែងឱ្យឃើញថា អ្នកត្រៀមខ្លួនជាស្រេចក្នុងការពិនិត្យសុខភាពដើម្បីរូបគេ(ឬនាង) ហើយបើសិនជារកឃើញជំងឺ ឬរោគណាមួយដែលអាចឆ្លងរាលដាលទៅដល់គេ(ឬនាង) ឬកូន ក៏យើងត្រៀមខ្លួនជាស្រេចក្នុងការទទួលយកការព្យាបាល ដើម្បីការពារទុកជាមុនដែរ។

2 . ត្រៀមខ្លួនជាស្រេចសម្រាប់ការសាងក្រុមគ្រួសារ

ជាការពិនិត្យដើម្បីរកមើលថា តើគូស្នេហ៍របស់អ្នកមានជំងឺឆ្លងដែលនឹងបង្កគ្រោះថ្នាក់ដល់ការតាំងគភ៌ឬទេ? ដើម្បីនឹងបានព្យាបាលជាមុន ព្រោះរូបអ្នកខ្លួនឯងក៏ប្រហែលជាចង់ឃើញកូនតូចកើតមកព្រមជាមួយសុខភាពរាងកាយដែលរឹងមាំ និងល្អឥតខ្ចោះបំផុតដែរ។

តើគ្រូពេទ្យនឹងពិនិត្យអ្វីខ្លះ?

នៅពេលយល់ព្រមទៅជួបគ្រូពេទ្យជាមួយគ្នាហើយ ក្រៅពីគ្រូពេទ្យនឹងពិនិត្យរាងកាយជាទូទៅហើយ ពេទ្យអាចនឹងពិនិត្យឈាមដើម្បីរកមើលភាពខុសប្រក្រតីណាមួយដែលអាចនឹងបង្កប់នៅក្នុងនោះ ដូចជា ៈ

1 . ក្រុមឈាម ដើម្បីឱ្យដឹងថា ជាឈាមក្រុម A, B, AB, ឬO។

2 . ភាពខាប់របស់គ្រាប់ឈាមក្រហម ដើម្បីរកមើលថា តើមានលោហិតស្លេកឬទេ? បើសិនមានសភាវលោហិតស្លេក គ្រូពេទ្យនឹងធ្វើការពិនិត្យរកមើលមូលហេតុជាបន្ត។

3 . ស៊ីហ្វ៊ីលីស ឬដែលនិយមហៅថា រោគស្វាយ ជាជំងឺកាមរោគមួយប្រភេទ។ អាចមិនដែលមានចេញអាការអ្វីប្លែកមែន តែអាចពិនិត្យឃើញដោយការពិនត្យឈាម។

4 . រើម ជំងឺនេះជួនកើត ជួនបាត់ និងមិនទាន់មានថ្នាំណាមួយអាចព្យាបាលរោគរើមដែលបង្កដោយមេរោគវីរុសឱ្យជាដាច់បាននៅឡើយ។

5 . វីរុសរលាកថ្លើម B

– បើរកឃើញថា មានមេរោគរលាកថ្លើម B ក៏នឹងបានមើលថែទាំខ្លួនឯង និងការពារមិនឱ្យឆ្លងរាលដាល។

6 . មេរោគវីរុសអេដស៍ សម្រាប់ការពិនិត្យរកមេរោគអេដស៍នេះ ស្រេចលើការស្ម័គ្រចិត្តរបស់អនាគតគូស្វាមីភរិយាថា តើត្រូវការពិនិត្យឬទេ? តែអ្នកដែលដឹងខ្លួនថា ស្ថិតក្នុងក្រុមប្រថុយប្រថាន(ស្រ្តីមានអាជីពពិសេស ពួកស្រឡាញ់ភេទដូចគ្នា)ក៏គួរពិនិត្យទុកឱ្យហើយប្រសើរជាង នោះក៏ដោយសារតែមនុស្សគ្រប់រូបដឹងច្បាស់ហើយថា មច្ជុរាជដែលមានឈ្មោះថា “អេដស៍” នេះគួរឱ្យភ័យខ្លាចប៉ុនណា ហើយការរួមភេទរួមឈាមជាមួយអ្នកដែលផ្ទុកមេរោគអេដស៍នេះ អ្នកមានឱកាសក្លាយជា “សមាជិកថ្មី” របស់ពួកគេយ៉ាងប្រាកដ។

ពេលអានចប់ហើយ កុំអាលខ្លាចការរៀបការអី ព្រោះការស្គាល់ពីជំងឺ ស្គាល់ការការពារ ក៏ប្រៀបដូចជាមានប្រព័ន្ធការពារជំងឺដែលធ្វើឱ្យយើងមានសុខភាពល្អដូច្នោះដែរ ទោះជាជំងឺឆ្លងតាមការមានភេទសម្ព័ន្ធប្រភេទខ្លះនៅមិនទាន់មានថ្នាំព្យាបាលឱ្យជាដាច់ ឬមានវ៉ាក់សាំងដែលអាចការពារបាននៅឡើយក្ដី តែក៏នៅមានវិធីផ្សេងអាចជួយបានដែរបើបានដឹងមុនដោយការពិនិត្យសុខភាពរាងកាយមុនរៀបការ។ ទាំងអស់នេះគឺដើម្បីមិនឱ្យរោគឆ្លងរាលដាលទៅស្វាមី ឬភរិយា ឬកូនតូចក្នុងគភ៌តាមរយៈឈាមហ្នឹងឯង៕

Advertisement