កម្ពុជាអនុញ្ញាតឱ្យបើកដំណើរសាលារៀនឡើង​វិញ ខណៈ​​ព្រឹត្តិការណ៍​3​វិច្ឆិកា ត្រូវ​បាន​បិទ​បញ្ចប់

កម្ពុជាអនុញ្ញាតឱ្យបើកដំណើរសាលារៀននិងពិធីជួបជុំផ្សេងៗឡើងវិញ ចាប់ពីថ្ងៃទី23វិច្ឆិកា

បន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ បន្ទាប់ពីការធ្វើតេស្តលើកទី4 ដែលជាលើកចុងក្រោយទៅលើអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍3វិច្ឆិកា កម្ពុជាក៏បានអនុញ្ញាតឱ្យបើកដំណើរការសាលារៀន និងពិធីជួបជុំផ្សេងៗឡើងវិញ។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ (18វិច្ឆិកកា) បានប្រកាសអនុញ្ញាតឱ្យបើកដំណើរការសាលារៀនឡើងវិញ ចាប់ពីថ្ងៃទី23វិច្ឆិកាខាងមុខ។ ការអនុញ្ញាតនេះ ត្រូវបានធ្វើឡើងក្រោយពីរដ្ឋាភិបាលបានប្រកាសថា ការធ្វើចត្តាឡីស័ករបស់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍3វិច្ឆិកានឹងត្រូវបិទបញ្ចប់នៅថ្ងៃទី19វិច្ឆិកាចំពោះរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ ព្រៃវែង និងកំពុងធំ ខណៈដែលខេត្តក្រុងមួយចំនួនទៀតនឹងត្រូវបានបិទបញ្ចប់នៅថ្ងៃទី25ខាងមុខ។

សម្ដេចតោជោក៏បានស្នើឱ្យអាជ្ញាធរអនុញ្ញាតឱ្យពលរដ្ឋរៀបចំពិធីមង្គលការ និងពិធីផ្សេងៗទៀតឡើងវិញ ប៉ុន្តែ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារការឆ្លងវីរុសCovid-19។

សូមរំលឹកថា កម្ពុជាបានផ្អាកដំណើរការសាលារៀន ទីជួបជុំនានា រួមនឹងព្រឹត្តិការណ៍ផ្សេងៗដែលមានមនុស្ស បន្ទាប់​ពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រី លោក Peter Szijjarto បានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី3វិច្ឆិកា និងត្រូវគេធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសCovid-19 បន្ទាប់ពីទៅដល់ប្រទេសថៃ។ ក្រោយ​មក កម្ពុជាក៏បានរកឃើញមនុស្សចំនួន4នាក់បាន​ឆ្លង​វីរុស​Covid-19 នៅក្នុងចំណោម​មនុស្ស​ 1422នាក់ដែល​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើ។

គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​Covid-19 សរុប​ចំនួន 304​នាក់ ក្នុង​នោះ​មាន291​នាក់​បាន​ជាសះស្បើយ និង​13​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​៕

 

Advertisement