“ខ្លាញ់ជ្រូក” អាហារសុខភាពលំដាប់ទី 8 របស់ពិភពលោកមែនឬ? តើគួរញ៉ាំយ៉ាងណាឱ្យសមល្មម?

ជាព័ត៌មានល្បីល្បាញមកយូរហើយសម្រាប់ការបង្ហើបឱ្យដឹងរបស់អ្នកស្រាវជ្រាវអំពីចំណីអាហារ 100យ៉ាងដែលមានគុណតម្លៃខាងភោជនាការខ្ពស់បំផុតនៅក្នុងពិភពលោក តែអ្វីដែលគួរឱ្យចាប់អារម្មណ៍របស់មនុស្សជាច្រើននោះ ប្រហែលជាអាហារលំដាប់ទី 8 គឺ “ខ្លាញ់ជ្រូក” ជាអាហារដែលពេទ្យជាច្រើនធ្លាប់បានប្រាប់ថា កុំឱ្យទទួលទានច្រើនពេក តែវាបែរជាជាប់លំដាប់ថ្នាក់ក្នុងចំណោមអាហារដែលមានគុណតម្លៃខាងភោជនាការខ្ពស់ទៅវិញ ដូច្នេះសួរថា តើយើងគួរទទួលទានខ្លាញ់ជ្រូកដែរឬទេ?

គុណតម្លៃខាងអាហាររបស់ ខ្លាញ់ជ្រូក

ក្រុមអ្នកស្រាវជ្រាវបានឱ្យហេតុផលថា ខ្លាញ់ជ្រូក គឺជាអាហារដែលសម្បូរទៅដោយវីតាមីន B និងសារធាតុរ៉ែជាច្រើនប្រភេទដែលចាំបាច់ចំពោះរាងកាយ ក្រៅពីនេះនៅមានខ្លាញ់មិនបង្កកខ្លួនច្រើនជាងខ្លាញ់សាច់គោ និងខ្លាញ់សាច់ចៀមទៀតផង។ ទោះជាស្ដាប់ទៅដូចជាមិនគួរឱ្យជឿក្ដី តែលទ្ធផលនៃការស្រាវជ្រាវនេះបានទទួលការអះអាងបញ្ជាក់ដោយអ្នកជំនាញខាងភោជនាហារពីប្រទេសសាំងហ្គាពួរដែលបានអះអាងថា ខ្លាញ់ជ្រូកប្រកបទៅដោយជាតិខ្លាញ់មិនបង្កកខ្លួនច្រើនដល់ទៅ 60% និងមានជាតិអាស៊ីត អូលេអ៊ិក ដែលជាអាស៊ីតខ្លាញ់ចាំបាច់ចំពោះរាងកាយ ដែលមានផលល្អចំពោះសរសៃឈាមបេះដូង និងជួយថែបំប៉នស្បែក រួមទាំងជួយកែសម្រួលតុល្យភាពអ័រម៉ូនផ្សេងៗក្នុងរាងកាយទៀតផង។

តែឈប់សិន! កុំអាលប្រញាប់ទៅទិញខ្លាញ់ជ្រូកមកញ៉ាំអី…

ទោះជាខ្លាញ់ជ្រូកមានគុណតម្លៃខាងសារធាតុអាហារគ្រប់មែនក្ដី តែយើងក៏ត្រូវបរិភោគឱ្យសមល្មមដែរ ព្រោះខ្លាញ់ជ្រូកនៅតែជាអាហារដែលផ្ដល់កម្លាំងថាមពលខ្ពស់ បើសិនទទួលទានច្រើនជ្រុលពេក នឹងធ្វើឱ្យកើតភាពប្រថុយប្រថានក្នុងការកើតមានខ្លាញ់ញ៉ុកណែននៅក្នុងសរសៃឈាមបានដូចគ្នា។

ការទទួលទានខ្លាញ់ជ្រូកឱ្យមានសុវត្ថិភាព

  1. បើគិតប្រុងទទួលទានខ្លាញ់ជ្រូក គួរបរិភោគផ្នែកសាច់ និងទទួលទានរួមជាមួយបន្លែ។
  2. ប្រើវិធីស្ងោរ ឬឆាទទួលទាន ច្រើនជាងការអាំង ឬចៀន។
  3. មិនគួរបរិភោគសាច់ជ្រូកដែលឆ្លងកាត់ការកែច្នៃផ្សេងៗ ដូចជា សាច់ប៉ាតេ សាច់ហ៊ែម ឡូឡូណា ឬសាច់ក្រកជាដើម។ល។
  4. មិនគួរបរិភោគខ្លាញ់ជ្រូកច្រើនជ្រុលពេកទេ ដោយត្រូវកំណត់ថា មិនគួរលើ់សពី 100ក្រាម(1ខាំ)ឡើយក្នុង 1ពេល។ មិនលើសពី 1ដងក្នុង 1ថ្ងៃ និង 1សប្ដាហ៍មិនលើសពី 3ដង៕
Advertisement