ក្រុមជំងឺ 5ប្រភេទដែលគួរប្រយ័ត្នក្នុងអំឡុង “រដូវភ្លៀង”

រដូវភ្លៀង គឺជារដូវមួយទៀតដែលសម្បូរដោយជំងឺគ្រោះថ្នាក់ ព្រោះដោយសារតែភាពសើមទទឹក និងធាតុអាកាសដែលក្ដៅហប់ ទើបវាជាអំឡុងពេលដែលមេរោគ វីរុស និងបាក់តេរីផ្សេងៗចម្រើនធំធាត់បានល្អ រួមទាំងជំងឺឆ្លងដែលមានជាមួយនឹងទឹកភ្លៀងក៏មានច្រើនដូចគ្នាដែរ។

ក្រុមជំងឺ 5ប្រភេទដែលត្រូវប្រយ័ត្នក្នុងអំឡុងរដូវភ្លៀង

ក្រុមទី1 ជាជំងឺឆ្លងខាងប្រព័ន្ធដង្ហើម

ជំងឺឆ្លងខាងប្រព័ន្ធដកដង្ហើម មានដូចជាជំងឺផ្ដាសាយធំ ដែលគេប្រទះឃើញនៅលើមនុស្សគ្រប់អាយុ និងឃើញមានឈឺធ្ងន់នៅលើក្មេងតូច ចំណែកឯអ្នកស្លាប់បាត់បង់ជីវិតភាគច្រើនជាមនុស្សចាស់ ឬអ្នកកើតជំងឺរ៉ាំរ៉ៃ។

ចំណែកឯជំងឺហើមសួត ឬរលាកសួតវិញ បណ្ដាលមកពីមេរោគវីរុស ឆ្លងតាមការប៉ះពាល់សំបោរ ទឹកមាត់ ឬការក្អកកណ្ដាស់ដាក់គ្នា។ អាចការពារបានដោយការថែរក្សាសុខភាព គេងសម្រាកឱ្យបានគ្រប់គ្រាន់ ធ្វើឱ្យរាងកាយកក់ក្ដៅ ឧស្សាហ៍លាងសម្អាតដៃ និងមិនប្រើប្រាស់របស់ផ្ទាល់ខ្លួនរួមជាមួយអ្នកដទៃ។

ក្រុមទី2 មានជំងឺ 5យ៉ាងដែលមានសត្វមូសជាភ្នាក់ងារចម្លងរោគ

ជំងឺដែលមានសត្វមូសជាភ្នាក់ងារចម្លងរោគ មានដូចជា ជំងឺគ្រុនឈាម ជំងឺគ្រុនរលាកខួរក្បាល ជំងឺគ្រុនចាញ់ គ្រុនឈឺសន្លាក់ដោយសារមូសខ្លា ជំងឺឆ្លងដោយមេរោគវីរុសហ្ស៊ីកា… តែទាំងអស់នេះអាចការពារបានដោយការកម្ចាត់ប្រភពបន្តពូជរបស់សត្វមូស និងការពារខ្លួនឯងមិនឱ្យត្រូវមូសខាំ។

ក្រុមទី3 ជំងឺឆ្លងតាមរយៈអាហារ និងទឹក

ជំងឺឆ្លងតាមអាហារ និងទឹក មានដូចជា ជំងឺអាសន្នរោគ បណ្ដាលមកពីមេរោគបាក់តេរីដែលប្រឡាក់ប្រឡូសនៅក្នុងអាហារ ទឹកបរិភោគ ឬពីសត្វរុយដែលជាភ្នាក់ងារចម្លងរោគ។

ចំណែកជំងឺរលាកថ្លើមប្រភេទA ឆ្លងតាមរយៈការប៉ះពាល់របស់របរប្រើប្រាស់ឡូកឡំគ្នា ទឹកមាត់ និងឈាមរបស់អ្នកជំងឺ។ ជំងឺទាំង2 នេះ អាចការពារបានដោយការទទួលទានអាហារដែលចម្អិនឆ្អិនល្អ ថ្មីៗ គ្មានសត្វរុយមករោម និងអាហារនៅសល់គួរកម្ដៅឱ្យក្ដៅខ្លាំង មុននឹងទទួលទាន ចៀសវាងពីអាហារស្ទើរឆ្អិន ស្ទើរឆៅ ញ៉ាំទឹកស្អាត និងចាក់វ៉ាក់សាំងការពារជំងឺឆ្លង។

ក្រុមទី4 ជំងឺឆ្លងផ្សេងៗ

ជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺដៃ ជើង មាត់ ប្រទះឃើញនៅលើកុមារ ដែលរាតត្បាតរៀងរាល់ឆ្នាំក្នុងអំឡុងរដូវភ្លៀង ដោយឆ្លងតាមរយៈការប៉ះពាល់ទឹកសំបោរ ទឹកមាត់ ឬលាមករបស់អ្នកជំងឺ។ ចំណែកជំងឺ លេបតូស្ប៉ៃរ៉ូស៊ិស មេរោគបាក់តេរីនឹងឆ្លងចូលទៅក្នុងរាងកាយមនុស្សតាមរយៈស្នាមរបួស ស្នាមដាច់រលាត់ សាច់ភ្នាសភ្នែក ច្រមុះ មាត់ ឬត្បុលចូលទៅក្នុងស្បែកដែលត្រាំទឹកយូររហូតទន់។

ក្រុមទី5 មហន្តភ័យក្នុងរដូវភ្លៀង

  • គ្រោះថ្នាក់ពីការទទួលទានផ្សិតពុល ដូច្នេះទើបមិនគួរទទួលទានផ្សិតដែលមិនធ្លាប់ស្គាល់ឡើយ។
  • គ្រោះថ្នាក់ពីសត្វមានពិស ៈ គួររៀបចំផ្ទះឱ្យបានស្អាត មិនឱ្យក្លាយជាជម្រករបស់សត្វមានពិស ប្រុងប្រយ័ត្ននៅពេលដែលត្រូវចូលទៅក្នុងទីកន្លែងដែលស៊ុបទ្រុប គំនរស្មៅ ឬគំនរឈើ ជាដើម។
  • ចំណែកឯមហន្តភ័យពីភ្លៀងផ្គររន្ទះ ៈ នៅពេលមានភ្លៀងផ្គររន្ទះ ចូរពួនសម្ងំនៅក្នុងទីសុវត្ថិភាព ដូចជាក្នុងអគារខ្នាតធំ ហាមប្រើទូរស័ព្ទដៃនៅកណ្ដាលទីវាលខណៈកំពុងកើតមានព្យុះភ្លៀងផ្គររន្ទះ ដោយសារតែវានឹងនាំក្រសែចរន្តអគ្គិសនីចូលមកក្នុងទូរស័ព្ទដៃបាន។
  • បើកបររថយន្តដោយក្ដីប្រុងប្រយ័ត្ន ដោយសារតែពេលភ្លៀងធ្លាក់ ផ្លូវថ្នល់នឹងរអិល ធ្វើឱ្យរយៈចម្ងាយនៃការដែលរថយន្តនឹងឈប់ វែងជាងប្រក្រតី និងថែមទាំងកាត់បន្ថយទស្សនវិស័យនៃមើលឃើញក្នុងការបើកបរទៀតផង៕
Advertisement