“វិលមុខ” ញឹកញាប់ កើតឡើងដោយសារអ្វី? និង 7វិធីកែអាការនេះ

មិនថាតែពេលក្រោកចេញពីលើគ្រែហើយវិលមុខ ងើយ ឬឱនមុខយូរៗហើយវិលមុខ ឬនៅសុខៗក៏ស្រាប់តែមានអារម្មណ៍ដូចជាផ្ទះកំពុងវិលខ្ញាល់ ជាដើម…អាការវិលមុខទាំងនេះសុទ្ធតែជាសញ្ញាគ្រោះថ្នាក់ដែលអាចសាងបញ្ហាខាងសុខភាពដល់មនុស្សនៅពេលក្រោយ និងថែមទាំងជាគ្រោះថ្នាក់សម្រាប់មនុស្សចាស់ដែលអាចនឹងកើតឧប្បត្តិហេតុដួលទាំងជំហរពេលក្រោកពីអង្គុយ ឬដួលនៅក្នុងបន្ទប់ទឹក ឬនៅត្រង់ជណ្ដើរ រហូតរងរបួសដល់ថ្នាក់ធ្វើឱ្យពិការបានទាំងអស់។

មូលហេតុនៃអាការវិលមុខ

វេជ្ជបណ្ឌិតជំនាញផ្នែក សោតឃាន-កណ្ឋរោគសាស្រ្ត បានបញ្ជាក់ថា អាការវិលមុខរបស់មនុស្សយើងកើតឡើងដោយសារតែប្រព័ន្ធទប់លំនឹងខ្លួនក្នុងរាងកាយបាត់បង់តុល្យភាព ដែលប្រព័ន្ធគ្រប់គ្រងការទប់លំនឹងខ្លួនរបស់រាងកាយនេះប្រកបដោយប្រព័ន្ធ 4 ដូចជា ប្រព័ន្ធការទប់លំនឹងខ្លួនរបស់ត្រចៀកស្រទាប់ខាងក្នុង ប្រព័ន្ធខ្សែភ្នែក ប្រព័ន្ធប្រសាទ និងសាច់ដុំសន្លាក់ រហូតដល់ប្រព័ន្ធដែលសំខាន់បំផុតគឺខួរក្បាល ដែលត្រូវធ្វើការស៊ីចង្វាក់គ្នា។ បើសិនប្រព័ន្ធណាមួយបាត់បង់តុល្យភាព នឹងធ្វើឱ្យយើងកើតអាការវិលមុខភ្លាមឡើងតែម្ដង។

ក្រៅពីនេះនៅមានមូលហេតុផ្សេងទៀត ដូចជា ៖

  • គេងសម្រាកមិនគ្រប់គ្រាន់។
  • ខ្វះការហាត់ប្រាណយ៉ាងជាប់លាប់ទៀងទាត់។
  • កើតរោគលោហិតស្លេក។
  • មានជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម លើសឈាម ជំងឺបេះដូង ជាតិខ្លាញ់នៅក្នុងឈាមខ្ពស់ ដែលគេប្រទះឃើញច្រើននៅលើមនុស្សចាស់។
  • ជំងឺដុះសាច់របស់ប្រព័ន្ធប្រសាទការទប់លំនឹងខ្លួន ឬសរសៃប្រសាទការស្ដាប់ឮ អាចមានអាការវិលមុខ ព្រមទាំងមានសំឡេងរំខាននៅក្នុងត្រចៀក។
  • រលាកស្រទាប់ត្រចៀកខាងក្នុង នឹងមានអាការវិលច្រើនថ្ងៃ បើមានអាការធ្ងន់ធ្ងរអាចនឹងបាត់បង់ការបានឮតែម្ដង។
  • ឈាមហូរទៅចិញ្ចឹមខួរក្បាលមិនគ្រប់គ្រាន់។

វិធីកាត់បន្ថយអាការវិលមុខ

  1. គេងលក់សម្រាកឱ្យបានគ្រប់គ្រាន់។
  2. ហាត់ប្រាណឱ្យបានទៀងទាត់ និងជាប់លាប់។
  3. ផ្លាស់ប្ដូរឥរិយាបថយឺតៗ និងមិនបង្វិលខ្លួន ឬក្រោកពីកៅអី ឬក្រោកពីដំណេក ឬបែរមុខ ឬបែរខ្លួនលឿនៗឡើយ។
  4. បន្ថយការជក់បារី និងបន្ថយការញ៉ាំគ្រឿងស្រវឹង រួមទាំងកាហ្វេផង។
  5. ញ៉ាំទឹកឱ្យបានច្រើនៗ។
  6. ព្យាយាមបន្ថយអាការតានតឹងធុញថប់ក្នុងអារម្មណ៍ ឬវិតក្កកង្វល់ឱ្យបានច្រើន។
  7. ក្នុងអំឡុងពេលដែលមានអាការវិលមុខញឹកញាប់ គួរចៀសវាងពីទង្វើ ឬទីកន្លែងដែលអាចបង្កគ្រោះថ្នាក់ ដូចជា បើកបររថយន្ត ឬឡើងទៅលើទីខ្ពស់ជាដើម។

បើសិនជាកើតអាការវិលមុខញឹកញាប់ និងមិនដឹងពីមូលហេតុច្បាស់លាស់ គួរទៅប្រឹក្សាជាមួយគ្រូពេទ្យដើម្បីពិនិត្យមើលអាការយ៉ាងលម្អិត៕

Advertisement