តើត្រូវដើរយ៉ាងណាឱ្យ “ស្គម” និង “រឹងប៉ឹង” មិនមានជំងឺ?

ក្នុងជីវិត…យើងអាចជ្រើសរើសផ្លូវដើរបានជានិច្ច គឺមិនខុសអ្វីពីការមើលថែទាំសុខភាពដែលហុចផលទៅដល់រាងកាយរបស់យើងខ្លួនឯងនោះទេ។ ការដែលយើងមានទម្ងន់ខ្លួនលើស មានអារម្មណ៍ទើសទាល់ មិនស្រណុកខ្លួន នឹងនាំទៅរកសភាវជំងឺជ្រៀតជ្រែកជាច្រើន ដូច្នេះហើយទើបការធ្វើកិច្ចការងារខាងរាងកាយ គឺជាជំនួយការសំខាន់ដែលយើងអាចធ្វើបានក្នុង 1ថ្ងៃៗ ដើម្បីប្រើប្រាស់ក្នុងការសាងសុខភាពដែលល្អ។ ដូចជាការដើរជាដើម…ការឈានដើរយ៉ាងត្រូវវិធី ក្រៅតែពីជួយដុតបំផ្លាញជាតិខ្លាញ់ផ្នែកដែលលើសហើយនោះ ការដើរនៅជួយជំរុញចរន្តឈាមរត់ និងបង្កើនបរិមាណអុកស៊ីហ្ស៊ែនទៅដល់គ្រប់កោសិកាក្នុងរាងកាយ ជួយឱ្យមានអារម្មណ៍ស្វាហាប់ និងមានជីវិតស្រស់ថ្លា។

  1. ខណៈពេលដើរ ភ្នែកសម្លឹងត្រង់ទៅខាងមុខ។ ក្បាល និងដងខ្លួនតាំងឱ្យត្រង់ ស្មាទាំងសងខាងស្ថិតក្នុងស្ថានភាពត្រង់
  2. បោះដៃឆ្វេង-ស្ដាំឆ្លាស់គ្នាមុខ-ក្រោយទន្ទឹមដងខ្លួន។ បាតដៃទាំងសងខាងក្ដាប់រលុងៗ និងបោះដៃក្នុងកម្ពស់ស្មើដើមទ្រូងក្នុងលក្ខណៈសម្រួលអារម្មណ៍។ ងកែងដៃបន្តិច ក្នុងមុម 90អង្សារវាងដើមដៃ និងកំភួនដៃ។
  3. ចង្វាក់ក្នុងការឈាន គួរឈានយ៉ាងស្មើជំហានរហូតពេញមួយចម្ងាយផ្លូវដែលដើរ។ មិនដើរលេងៗ ឬដើរបែបសប្បាយៗនោះទេ។
  4. ពេលដើរ ចូរឱ្យកែងជើងប៉ះនឹងដី ទទួលទម្ងន់ខ្លួនមុនចុងជើង។ ឈានជើងចេញទៅប្រមាណជាកន្លះជំហាន ឱ្យកែងជើងប៉ះដីឱ្យពេញបាតជើង។ ចំណែកជើងម្ខាងទៀត ពេលកំពុងតែធ្វើចលនា ចូរលើកកែងជើងឡើងទម្លាក់ទម្ងន់ខ្លួនទៅលើចុងជើងដែលជាន់ដី។ ធ្វើបែបនេះជារឿយៗទៅរហូតក្នុងពេលដើរ វានឹងជួយគ្រប់គ្រងសាច់ដុំកំភួនជើង គឺជាការដើរដើម្បីសុខភាពដែលត្រឹមត្រូវ និងបង្កើនបុគ្គលភាពទៀតផង។
  5. ចម្ងាយរបស់អំឡុងការឈានជើងដើរ អាស្រ័យលើល្បឿននៃការដើរ តែអ្វីដែលសំខាន់គឺ មិនត្រូវឈានវែងជ្រុលពេកទេ ព្រោះនឹងធ្វើឱ្យឆាប់ចុករួយសាច់ដុំភ្លៅ និងសាច់ដុំត្រគាកជាងប្រក្រតី។ ចំណែកការដើរឡើងទីទួលវិញ គួរដើរឱ្យយឺតៗ បង្អោនខ្លួនទៅខាងមុខបន្តិច បោះដៃឱ្យខ្លាំងជាងមុនបន្តិច ហើយពេលដើរចុះទីទួលវិញ ព្យាយាមគ្រប់គ្រងល្បឿនឱ្យបាន ដោយការឈានខ្លីៗ និងទម្លាក់ជើងស្រាលៗ។

តើលោកអ្នកធ្លាប់នឹកឆ្ងល់ដែរទេថា បើយើងដើរយ៉ាងត្រឹមត្រូវតាមវិធីហើយ តើគួរដើរច្រើនតិចប៉ុនណាទើបល្មមគ្រប់គ្រាន់?

  1. គួរដើរឱ្យបានចម្ងាយ 2.5 – 3.5គីឡូម៉ែត្រក្នុង 1ថ្ងៃ ឬ10,000ជំហាន។ ស្ដាប់មើលហាក់ដូចជាឆ្ងាយ តែបើចាប់ផ្ដើមហ្វឹកហាត់ទៅជារឿយៗនោះ ក៏អាចនឹងដើរបានឆ្ងាយជាងនេះច្រើនទៀត។
  2. បើមានអារម្មណ៍ថា រាប់ជំហានវាអាចនឹងធ្វើឱ្យលំបាកនោះ ក៏សាកល្បងប្រើវិធីងាយៗ គឺដើរឱ្យបានយ៉ាងតិចណាស់ 30នាទី និងយកមកបូករួមគ្នាឱ្យបាន 150នាទីក្នុង 1សប្ដាហ៍ ដោយអាចធ្វើតែម្ដងឱ្យគ្រប់ ឬចែកជាធ្វើ 2-3ដងក្នុងមួយថ្ងៃក៏បាន។
  3. ពេលមានអារម្មណ៍ថានឿយហត់ក្នុងកម្រិតដែលនិយាយដាច់ៗមិនពេញប្រយោគនោះ ចូរបន្ថយជំហានដើរ តែបើហត់ដង្ហក់ខ្លាំង ចូររកកន្លែងអង្គុយសម្រាក។
  4. គួរចាប់ផ្ដើមចាប់ពី 3ថ្ងៃក្នុង 1សប្ដាហ៍ និងបន្ថែមឱ្យដល់ខ្ពស់បំផុតគឺ 5-6ថ្ងៃក្នុង 1សប្ដាហ៍ តែរួមគ្នាហើយ ត្រូវមិនឱ្យតិចជាង 150នាទីក្នុង 1សប្ដាហ៍ឡើយ។

ក្រៅពីគន្លឹះក្នុងការដើរហើយ ការឡើងចុះជណ្ដើរជើងជំនួសជណ្ដើរយន្ត ក៏ជួយឱ្យមានកិច្ចការងារខាងរាងកាយកើនឡើងច្រើនដែរ តែរឿងសំខាន់គឺ ការសាងកម្លាំងជំរុញចិត្តដល់ខ្លួនឯង ព្យាយាមធ្វើស៊ាំធ្លាប់ក្នុង 1ថ្ងៃៗ។ តែប៉ុណ្ណឹង ការដើរដើម្បីបង្កើនសុខភាព និងរូបរាងល្អស្អាតនឹងក្លាយជារឿងដែលអាចធ្វើបានយ៉ាងងាយមិនខាន៕

Advertisement