រៀងរាល់40វិនាទី Covid-19 សម្លាប់បានមនុស្សម្នាក់ នៅសហរដ្ឋអាមេរិក

រៀងរាល់40វិនាទី Covid-19 សម្លាប់បានមនុស្សម្នាក់ នៅសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក ជាលើកដំបូងបានកត់ត្រាតួលេខអ្នកស្លាប់ដោយសារCovid-19 ជាង2,000ករណីនៅក្នុងមួយថ្ងៃ រាប់​ចាប់​ពី​ខែ​ឧសភា ពោលគឺមានន័យថា រៀងរាល់40វិនាទី មានអ្នកជំងឺCovid-19 ម្នាក់បានបាត់បង់ជីវិត។

សហរដ្ឋអាមេរិកដែលជាសម្បុកវីរុសCovid-19 ធំជាងគេលំដាប់ទីមួយក្នុងពិភពលោក បានរកឃើញអ្នកឆ្លងវីរុសសរុប 13,137,962នាក់ និងស្លាប់សរុប268,219នាក់ ក្នុងនោះមានករណីវិជ្ជមានថ្មីចំនួន186,409នាក់ និង​ស្លាប់​ថ្មី​ចំនួន​2,367​នាក់​នៅក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។

យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃទី24វិច្ឆិកា សហរដ្ឋអាមេរិកមានអ្នកជំងឺCovid-19 ដល់​ទៅ​2,157​នាក់បានស្លាប់នៅក្នុងអំឡុង24ម៉ោង ពោលគឺមានន័យថា រៀងរាល់40វិនាទី Covid-19 សម្លាប់បានមនុស្សម្នាក់។ នេះគឺជាលើកដំបូងហើយដែលសហរដ្ឋអាមេរិកមានអ្នកស្លាប់ជាង2,000នាក់នៅក្នុងមួយថ្ងៃដោយ​សារ​Covid-19 បើរាប់ចាប់ពីខែឧសភា។ តួលេខអ្នកជំងឺCovid-19 ដែលបានចូលព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃ​ទី​25វិច្ឆិកាមានចំនួនជាង88,000ករណី ខណៈដែលបានរកឃើញអ្នកវិជ្ជមានថ្មីចំនួន2.3លាននាក់នៅក្នុង​រយៈ​ពេល2សប្ដាហ៍កន្លងទៅ។

នៅទូទាំងពិភពលោក វីរុស​ Covid-19 បានឆ្លងទៅមនុស្សសរុប​ចំនួន​ 60,715,719នាក់ និងបានសម្លាប់មនុស្សចំនួន 1,426,734នាក់ ក្នុងនោះ អ្នកជំងឺបានកើនឡើងជាង575,730នាក់ និងអ្នកស្លាប់កើនឡើង​11,486​នាក់ ​ខណៈ​អ្នក​ជំងឺ​42,028,241​នាក់បានជាសះស្បើយ។ ចំណែកអ្នកជំងឺកំពុងព្យាបាលមានចំនួន​17,260,744​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ 103,933នាក់កំពុងប្រឈមនឹងការស្លាប់៕

ប្រភព៖ Reuters, Worldometers

 

Advertisement