គន្លឹះងាយៗក្នុងការប្រើប្រាស់កែវភ្នែកឱ្យបានត្រឹមត្រូវ

កែវភ្នែក គឺមាត់បង្អួចរបស់បេះដូង កែវភ្នែកជាអវយវៈដែលជួយក្នុងការមើលឃើញ និងទទួលដឹងព័ត៌មានផ្សេងៗ ដូច្នេះយើងគួរ​តែថែរក្សា និងថ្នាក់ថ្នមកែវភ្នែក ដើម្បីឱ្យប្រើការបានយូរ។ លេខនេះ ទំព័រសុខភាពនៃទស្សនាវដ្តី ឡារ៉ែន មានគន្លឹះល្អៗ ងាយៗក្នុងការប្រើប្រាស់កែវភ្នែកឱ្យបានត្រឹមត្រូវ និងដើម្បីសុខភាពកែវភ្នែកដ៏ល្អមកជម្រាបជូនមិត្តអ្នកអានដូចតទៅ ៈ

  • គួរសម្រាកខ្សែភ្នែក ដោយការសម្លឹងមើលវត្ថុដែលនៅឆ្ងាយៗ រៀងរាល់ 40 – 50នាទីម្តង ក្រោយពីអានសៀវភៅ មើលវីឌីអូ ឬទូរទស្សន៍យូរៗរួចមក។
  • គួរជ្រើសរើសអានសៀវភៅណាដែលធ្វើពីក្រដាសដែលចាំងពន្លឺតិចបំផុត ឬអានសៀវភៅណាដែលក្រដាសមើលហើយស្រួលភ្នែក។
  • មិនគួរសម្លឹង ឬសម្លក់ពន្លឺព្រះអាទិត្យចំៗក្នុងរយៈពេលយូរឡើយ។
  • ខណៈពេលចេញទៅនៅក្រោមពន្លឺថ្ងៃ ឬខណៈពេលបើកបរម៉ូតូ គួរពាក់វ៉ែនតាខ្មៅដើម្បីកាពារកែវភ្នែក។
  • មិនគួរចុច សង្កត់ ឬញីកែវភ្នែកដើម្បីឱ្យបាត់ឈឺដោយមិនចាំបាច់ឡើយ។
  • ការមើលទូរទស្សន៍ គួរអង្គុយឱ្យឆ្ងាយពីអេក្រង់ទូរទស្សន៍ប្រមាណជា 4 – 5ដងនៃទំហំទទឹងរបស់អេក្រង់ទូរទស្សន៍ និងគួរចៀសវាងពីអេក្រង់ទូរទស្សន៍ណាដែលតូចជ្រុលពេក ដែលធ្វើឱ្យយើងត្រូវទៅអង្គុយមើលជិត និងខំប្រឹងសម្លឹងមើលរហូតអាចធ្វើឱ្យខូចភ្នែកបាន។
  • មិនគួរលេងកីឡា ឬហាត់ប្រាណក្នុងឥរិយាបថណាដែលត្រូវគ្រវីក្បាល ឬឱនក្បាលទាបញឹកញាប់ឡើយ ព្រោះអាចធ្វើឱ្យ​កែវភ្នែកទទួលរងនូវការប៉ះពាល់បាន។
  • ក្នុងខណៈចុះលេងទឹក ឬហែលទឹក គួរពាក់វ៉ែនតាការពារទឹកគ្រប់ពេល ដើម្បីកុំឱ្យសារធាតុក្លរីន ឬកម្ទេចដីដែលនៅក្នុងទឹកចូលក្នុងភ្នែកបាន។
  • មិនគួរទុកសក់វែងបាំងមុខឡើយ ព្រោះសក់នឹងមកបាំងភ្នែកដែលនឹងធ្វើឱ្យយើងកាន់តែខំប្រឹងសម្លឹងមើលឡើង។
  • គេងសម្រាកបិទភ្នែក និងលក់ឱ្យបានគ្រប់គ្រាន់។
  • មិនគួរអានសៀវភៅពេលជិះនៅក្នុងរថយន្តឡើយ ព្រោះនឹងធ្វើឱ្យកែវភ្នែកខំរេតាមតួអក្សរជានិច្ច។
  • គួរអានសៀវភៅនៅក្នុងកន្លែងដែលមានពន្លឺគ្រប់គ្រាន់ មិនងងឹតពេក និងក៏មិនភ្លឺជ្រុលពេកដែរ។
  • ពិនិត្យសុខភាពកែវភ្នែក និងវាស់ខ្សែភ្នែក យ៉ាងតិចបំផុត 1ឆ្នាំឱ្យបាន 1ដង។
  • គួរទទួលទានអាហារឱ្យបានគ្រប់ 5ប្រភេទក្រុម ជាពិសេសសារជាតិអាហារ និងវិតាមីនដែលចាំបាច់ចំពោះកែវភ្នែក។

អាហារបំប៉នកែវភ្នែក

អាហារដែលបំប៉នកែវភ្នែក គឺអាហារដែលមានវិតាមីន A ដូចជា ផលិតផលធ្វើពីសាច់សត្វ ថ្លើមសត្វ ទឹកដោះ ខ្លាញ់ដែល​ចម្រាញ់ចេញពីថ្លើមត្រី ឬធញ្ញជាតិដែលមានសារធាតុពណ៌បៃតងខ្លាំង ពណ៌លឿងទុំ ដូចជា ត្រកួន ស្លឹកបាស ប្រូខូលី ល្ហុងទុំ ល្ពៅ មើមការ៉ុត និងបន្លែផ្សេងទៀតជាច្រើន។

តម្រូវការសារជាតិអាហារបំប៉នកែវក្នុង 1ថ្ងៃ

មិនថាតែកុមារ ឬមនុស្សធំឡើយ សុទ្ធតែត្រូវការវិតាមីន A ដែលនឹងទទួលបានពីអាហារផ្សេងៗដូចខាងក្រោមនេះ ៈ

កុមារ ៈ ត្រូវការអាហារដែលជួយបំប៉នភ្នែក ដូចជា ថ្លើមមាន់ ថ្លើមជ្រូក មើមការ៉ុត ល្ពៅ ស៊ុតក្រហម ស្លឹកបាស ផ្ទី ក្តាមសមុទ្រ ខាត់ណា និងប៊័រ។

មនុស្សធំ ៈ តម្រូវការអាហារដែលជួយថែបំប៉នកែវភ្នែកមនុស្សធំមានដូចជា ស្លឹកញ ថ្លើមមាន់ ថ្លើមគោ ស្លឹកជីនាងវង ស្លឹកត្រចៀកក្រាញ់ ស្លឹកស្អំ ត្រកួន ស្វាយទុំ ល្ហុង និងគួរទទួលទានអាហារឱ្យគ្រប់ទាំង 5ប្រភេទក្រុម ៕

Advertisement