ករណី​ឆ្លង​វីរុស Covid-19 នៅ​កម្ពុជា បាន​កើន​ដល់ 308នាក់ ខណៈ​ពិភពលោក​កើន​ដល់​ជិត62លាន​នាក់

ករណីឆ្លងវីរុស Covid-19 នៅកម្ពុជា បានកើនដល់ 308នាក់ ខណៈពិភពលោកកើនដល់ជិត62លាននាក់

តាមរយៈ​បណ្ដាញ​សង្គម ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាស​ឱ្យដឹងថា បានធ្វើ​តេស្ត​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី ចំនួន 1ករណី​ទៀត​កាលពី​ថ្ងៃទី 27វិច្ឆិកា ដែល​នេះ​បាន​នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​បាន​ឆ្លង​វីរុស​នេះ​នៅ​កម្ពុជា កើន​ដល់ 308 នាក់។

ករណី​វិជ្ជមាន​នឹង​វីរុស Covid-19 ថ្មី​នេះ បាន​កើតឡើង​ចំពោះ​ស្ត្រីជន​ជាតិខ្មែរ-អាមេរិកាំង មាន​អាយុ62ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ អ្នក​ជំ​ងឹ​នេះ​បានធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មុននឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី 26វិច្ឆិកា។ បច្ចុប្បន្ន ស្ត្រី​រូបនេះ​កំពុង​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត នាទី​ក្រុងភ្នំពេញ។

ក្រុម​អ្នកដំណើរ​ចំនួន 73នាក់​ដែល​បានរួម​ដំណើរ​នៅក្នុង​ជើងហោះហើរ​ជាមួយនឹង​ស្ត្រី​ខាងលើ កំពុង​ត្រូវ​បានដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល 14ថ្ងៃ នៅក្នុង​សណ្ឋាគារ​មួយចំនួន​នៅ​ភ្នំពេញ បន្ទាប់ពី​ធ្វើតេស្ត​អវិជ្ជមាន។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី 28វិច្ឆិកា ឆ្នាំ 2020 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស Covid-19 សរុប 308នាក់ ដែល​ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 299នាក់ និង 9នាក់​ផ្សេងទៀត​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ។

ដោយឡែក នៅ​ទូទាំង​ពិភពលោក តួលេខ​នៃ​ករណី​ឆ្លង​វីរុស Covid-19 បាន​កើន​ឡើងដល់ 61,967,331នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 1,448,287នាក់ អ្នកជា​សះស្បើយ 42,783,713នាក់ និង 17,735,331នាក់​ទៀង​កំពុង​សម្រាក​ព្យាបាល។ ក្នុងចំណោម​អ្នកជំងឺ​ដែល​កំពុង​ទទួល​ការព្យាបាល គឺមាន105,223នាក់​កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត៕

Advertisement