រកឃើញ​អ្នក​​វិជ្ជមាន​​​​នឹង ​Covid-19 ​ចំនួន​​ 7​នាក់​​​ទៀត​​​ហើយ ​​ក្នុង​អំឡុង​ ​24​ម៉ោង​​មុន​នេះ

កម្ពុជា​បាន​រកឃើញ​មនុស្ស​ចំនួន 7នាក់​ទៀត​ដែល​វិជ្ជមាន​ជាមួយនឹង​វីរុស Covid-19 កាលពី​ថ្ងៃទី 28 វិច្ឆិកា​កន្លងទៅនេះ នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​បាន​ឆ្លង​វីរុស កើនឡើង​ដល់ 315 នាក់។

តាមរយៈ​បណ្ដាញ​សង្គម ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ចំនួន 7 ករណី​បន្ថែមទៀត​នៅក្នុង​អំឡុង24ម៉ោង​កន្លងទៅនេះ។ ខាងក្រោម​នេះ​គឺជា​អ្នកជំងឺ​ទាំង 7 នាក់​ដែលមាន​ផ្ទុក Covid-19 ដែល​ត្រូវ​បាន​រកឃើញ​កាល​ពី​ថ្ងៃទី​ 28​វិច្ឆិកា​៖

-ស្ត្រីជន​ជាតិខ្មែរ-អាមេរិកាំង អាយុ 31 ឆ្នាំ នៅ​ទីក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ធ្វើដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក។

-ស្ត្រីជន​ជាតិខ្មែរ អាយុ 56 ឆ្នាំ រួម​នឹង​ស្វាមី​ដែលជា​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ រួម​នឹង​សមាជិកគ្រួសារ​ចំនួន 4 នាក់​ផ្សេងទៀត ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​អាយុ 36ឆ្នាំ កុមា​រ៉ា​ម្នាក់​អាយុ 12ឆ្នាំ បុរស​ម្នាក់​អាយុ 36ឆ្នាំ និង​បុរស​ម្នាក់ទៀត​អាយុ 30ឆ្នាំ។ អ្នក​ទាំងនេះ​ស្នាក់​នៅក្នុង​បុរី​ប៉េង​ហួត ក្នុង​ទីក្រុង​ភ្នំពេញ និង​នៅ​ទីក្រុង​សៀមរាប ខេត្តសៀមរាប។

គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 315នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 301នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន 14 នាក់៕

Advertisement