កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ចំនួន 3 នាក់​បន្ថែមទៀត

អ្នក​ជំងឺ​ Covid-19 ចំនួន​ 5 នាក់​ កំពុង​ទទួល​ការ​ព្យាបាល​​នៅ​ម​ណ្ឌល​សុខភាព​ចាក់អង្រែ នៃ​រាជធានី​ភ្នំពេញ

ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​នេះ​បានប្រកាសថា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ចំនួន 3ករណី​បន្ថែមទៀត ដែលនាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​បាន​ឆ្លង​វីរុស​នេះ ឡើងដល់ 329 នាក់។

ករណី​វិជ្ជមាន​នឹង Covid-19 ដែល​ទើប​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ មាន​ចំនួន 3 ករណី ដែល​នេះ​គឺជា​ករណី​នាំចូល ក្នុងនោះ​រួមមាន៖ ទីមួយ៖ បុរស​ជនជាតិខ្មែរ អាយុ 26ឆ្នាំ​ម្នា​ក់នៅ​ខេត្តកំពត បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន ដោយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង។ ទី​ពីរ៖ បុរស​ជនជាតិខ្មែរ អាយុ 46ឆ្នាំ នៅ​ខេត្តកណ្ដាល ធ្វើដំណើរ​ពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​កូរ៉េខាងត្បូង។ ទី​បី៖ ស្ត្រីជន​ជាតិខ្មែរ អាយុ 35ឆ្នាំ នៅ​ខេត្តកំពត ធ្វើដំណើរ​ពី​ប្រទេស​ចិន។

គិត​មកដល់​ព្រឹក​ថ្ងៃទី 2 ខែធ្នូ​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 329 នាក់ ខណៈ​អ្នក​បានជា​សះស្បើយ​មាន​ចំនួន 304 នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​មាន​ចំនួន 25 នាក់។ នៅក្នុង​ចំណោម​អ្នក​កំពុង​ទទួល​ការព្យាបាល មាន 20 នាក់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត និង 5 នាក់​នៅ​ម​ណ្ឌ​ល​សុខភាព​ចាក់អង្រែ នា​រាជធានី​ភ្នំពេញ៕

Advertisement