មូល​ប​ត្រ​ក្រុមហ៊ុន​ផលិត​ថ្នាំ​បាញ់​ច្រមុះ​ប្រឆាំង Covid-19 កើនឡើង​ជិត 500% ក្នុង​រយៈពេល​តែមួយ​ថ្ងៃ

មូល​ប​ត្រ​ក្រុមហ៊ុន​ផលិត​ថ្នាំ​បាញ់​ច្រមុះ​ប្រឆាំង Covid-19 កើនឡើង​ជិត 500% ក្នុង​រយៈពេល​តែមួយ​ថ្ងៃ

មូល​ប​ត្រ​របស់ Auris Medical ដែលជា​ក្រុមហ៊ុន​មួយ​មាន​ទីស្នាក់ការ​កណ្ដាល​នៅលើ​ទឹកដី Bermuda បាន​កើនឡើង​យ៉ាង​លឿន​ពី​តម្លៃ 1.1 ដុល្លារ​អាមេរិក​ក្នុងការ​ជួញដូរ​កាលពី​ថ្ងៃទី 30 វិច្ឆិកា ឡើងដល់​ជាង 5 ដុល្លារ/ហ៊ុន នៅក្នុង​ការជួញដូរ​កា​លពី​ម្សិលមិញ។ល។

ក្នុងការ​ជួញដូរ​កាល​ពីថ្ងៃ​ទី 1 ខែធ្នូ តម្លៃ​មូល​ប​ត្រ​របស់ Auris Medical បាន​កើន​ឡើងដល់ 480% បន្ទាប់ពី​មាន​ព័ត៌មាន​ថា ថ្នាំ​បាញ់​ច្រមុះ AM-301 ដែល​ក្រុមហ៊ុន​នេះ​បាន​ផលិតឡើង មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ការពារ​ការឆ្លង​វីរុស Covid-19។

មុន​នោះ Auris Medical បានធ្វើ​ការពិសោធ​ដោយ​ប្រើប្រាស់​ថ្នាំ AM-301 នេះ បាញ់​ទៅលើ​កោសិកា​ក្នុង​ច្រមុះ​របស់​មនុស្ស​សិប្បនិម្មិត​ដែល​ត្រូវបាន​គេ​បង្កើតឡើង​ដើម្បី​ជា​តំណាង​មនុស្ស​នៅក្នុង​បន្ទប់ពិសោធន៍។ លទ្ធផល​បាន​បង្ហាញថា កោសិកា​ដែល​ត្រូវបាន​បាញ់ថ្នាំ AM-301 មាន​ផ្ទុក​វីរុស Covid-19 តិចជាង 90% បើ​ធៀប​នឹង​កោសិកា​ដែល​មិនបាន​បាញ់ថ្នាំ​នេះ​ក្រោយ​រយៈពេល 48 ម៉ោង។ ប្រសិទ្ធភាព​នេះ​បាន​កើនឡើង 99.2% បន្ទាប់ពី​បាន​បាញ់ថ្នាំ​នេះ​រយៈពេល 72 ម៉ោង។ ប្រការនេះ​បង្ហាញថា ថ្នាំ​ប្រភេទ​បាញ់ AM-301 មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ទប់ទល់​នឹង​ការឆ្លង​វីរុស Covid-19។

ស្ថាបនិក និង​ជា CEO របស់ Auris Medical លោក Thomas Meyer បានឱ្យដឹងថា៖ «យើង​ពិតជា​មានការ​សប្បាយចិត្ត​ជាមួយនឹង​ប្រសិទ្ធភាព​របស់ AM-301 នៅក្នុង​ការប្រឆាំង​នឹង​វីរុស Covid-19 ក្រោយពី​ថ្នាំ​នេះ​ត្រូវបាន​ពិសោធ​នៅក្នុង​បរិស្ថាន​សិប្បនិម្មិត​ស្រដៀង​ទៅនឹង​ច្រមុះ​មនុស្ស​ពិត»។

លោក Thomas Meyer បន្ថែមថា៖ «ជាមួយនឹង​រូបមន្ត​ប្រភេទ​បាញ់​ថ្មី យើង​មាន​ភ័ស្ដុតាង​ផ្ទាល់​បង្ហាញថា AM-301 អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​តាមរយៈ​ភ្នាស​ក្នុង​រន្ធ​ច្រមុះ។

លោក Meyer ក៏បាន​និយាយថា Auris Medical នឹងធ្វើ​ការពិសោធ​បន្ថែម​ទៅលើ​ថ្នាំ​បាញ់​ច្រមុះ AM-301 ហើយ​តាម​ផែនការ ក្រុមហ៊ុន​នេះ​នឹងដាក់​ពាក្យសុំ​ចុះ​បញ្ជិកា​នៅ​ឆ្នាំ2021។ AM-301 កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ Altamira Medica ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Auris Medical។

ក្រុមហ៊ុន Auris Medical ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2003 និង​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង Hamilton នៃ​កោះ Bermuda ដែលជា​ទឹកដី​មួយ​របស់​ចក្រភព​អង់គ្លេស នៅ​កណ្ដាល​មហាសមុទ្រ​អា​ត្ល​ន់​ទិ​ក​ខាងជើង។ មូល​ប​ត្រ​របស់ Auris Medical Holding Ltd បច្ចុប្បន្ន​ត្រូវបាន​ដាក់ឱ្យ​ជួញដូរ​នៅលើ​ផ្សារ​ហ៊ុន Nasdaq ដោយ​ប្រើ​ឈ្មោះ «EARS»៕

Advertisement