8វិធី កម្ចាត់ក្លិនមាត់បានយ៉ាងល្អ ដែលជនជាតិជប៉ុនណែនាំ

ក្លិនមាត់បានសាងនូវភាពលែងជឿជាក់លើខ្លួនឯងចំពោះសាមីខ្លួនយ៉ាងខ្លាំង ទោះជាខំថែរក្សាព្យាបាលប្រអប់មាត់ និងធ្មេញល្អល្អះប៉ុនណាក្ដី តែជួនកាលក៏នៅតែមានក្លិនមាត់សាយភាយចេញមកបែបមិនដឹងខ្លួនដែរ ដូច្នេះពេលនេះ យើងនាំគ្នាមកដឹងពីមូលហេតុជាច្រើនប្រការដែលធ្វើឱ្យកើតក្លិនមាត់ និងវិធីការកម្ចាត់ក្លិនមាត់ឱ្យបានលទ្ធផលល្អដែលជនជាតិជប៉ុនណែនាំមកដូចខាងក្រោមនេះ…។

មូលហេតុរបស់ការកើតមានក្លិនមាត់

ក្លិនមាត់ មានមូលហេតុមកពីច្រើនរឿងណាស់ ទាំងពីការញ៉ាំកាហ្វេ និងស្រា ការទទួលទានអាហារដែលប្រកបដោយខ្ទឹមបារាំង ខ្ទឹមក្រហម ខ្ទឹមស និងគ្រឿងទេស ជាដើម តែមូលហេតុចម្បងវិញ បណ្ដាលមកពីការដុសសម្អាតធ្មេញមិនបានស្អាត ធ្វើឱ្យមេរោគបាក់តេរីក្នុងប្រអប់មាត់ទៅរំលាយកម្ទេចកម្ទីអាហារដែលនៅជាប់សេសសល់ក្នុងប្រអប់មាត់ និងបំពង់ក ដែលក្រៅពីនឹងធ្វើឱ្យកើតក្លិនស្អុយហើយ នៅបង្កឱ្យមានបញ្ហាក្នុងប្រអប់មាត់ទៀតផង ដូចជាមានបន្ទះផ្សឹតពណ៌សៗនៅលើអណ្ដាត និងគល់អណ្ដាតផ្នែកខាងក្នុង ពុកធ្មេញ ជំងឺរលាកអញ្ចាញដោយសារកំណកអតិសុខុមប្រាណ និងកំណកកំបោរប្រមូលសន្សំនៅតាមមុខតំណរបស់អញ្ចាញ និងធ្មេញ។ បើមិនបានទទួលការព្យាបាលទេ ជំងឺរលាកអញ្ចាញធ្មេញនឹងរីករាលដាលខ្លាំងឡើង ក្លាយជាជំងឺរលាកជុំវិញធ្មេញដែលនឹងបង្កឱ្យមានក្លិនកាន់តែស្អុយខ្លាំងឡើង។

មូលហេតុសំខាន់ 1ប្រការទៀតរបស់ការកើតមានក្លិនមាត់គឺ សភាវមាត់ស្ងួត មានទឹកមាត់តិច ដែលកើតពីការញ៉ាំទឹកមិនបានគ្រប់គ្រាន់។ នៅពេលមានទឹកមាត់តិច មេរោគផ្សេងៗជាច្រើននឹងនៅសេសសល់ក្នុងប្រអប់មាត់ ធ្វើឱ្យកើតមានក្លិនមិនប៉ងប្រាថ្នាកាន់តែច្រើនឡើង។ ក្រៅពីនេះ ក៏មានមូលហេតុមកពីប្រព័ន្ធរំលាយអាហារដែលមានមេរោគបាក់តេរីប្រភេទមិនល្អក្នុងក្រពះ និងពោះវៀនតូចដែលបង្កឱ្យកើតអាការឆ្អល់ណែនក្នុងពោះ និងភើមានក្លិនស្អុយចេញមក រួមទាំងអាការទល់លាមកច្រើនៗថ្ងៃ ក៏ធ្វើឱ្យកើតមានក្លិនមាត់មិនល្អបានដែរ។

វិធីកម្ចាត់ក្លិនក្នុងប្រអប់មាត់

វិធីកម្ចាត់ក្លិនក្នុងប្រអប់មាត់ អាចប្រើវិធីណាមួយ ឬប្រើរួមទាំងអស់ក៏បាន…

1-ប្រើម្សៅបេកឃីងសូដា

វិធីនេះនឹងជួយសម្លាប់មេរោគបាក់តេរីខាងក្នុងមាត់ អាចធ្វើបានដោយការលាយម្សៅបេកឃីងសូដា(អាចរកទិញបាននៅក្នុងផ្សារទំនើប) កន្លះស្លាបព្រាកាហ្វេក្នុងទឹក 1កែវ ហើយខ្ពុរក្នុងមាត់រយៈពេល 30វិនាទី រួចខ្ជាក់ចេញ។

2-ប្រើប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ ក្រៅពីមានគុណសម្បត្តិក្នុងការព្យាបាលមុខរបួសរលាកភ្លើង ឬទឹកក្ដៅហើយ វាក៏មានគុណសម្បត្តិក្នុងការបំបាត់ក្លិនមាត់បានដោយការកាត់បន្ថយបរិមាណមេរោគបាក់តេរីក្នុងប្រអប់មាត់ និងជួយបង្កើនបរិមាណទឹកមាត់។ វិធីងាយៗ គឺគ្រាន់តែខ្ពុរមាត់ដោយទឹកប្រទាលកន្ទុយក្រពើ 1ថ្ងៃ 2ដង ព្រឹក និងល្ងាច។

3-ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់

ការញ៉ាំទឹកតិច នឹងធ្វើឱ្យលំហូរវិលរបស់ទឹកមាត់មានតិច និងនាំឆ្ពោះទៅរកការមានក្លិនមាត់មិនល្អ។ ក្នុង 1ថ្ងៃ គួរញ៉ាំទឹកឱ្យបានញឹកញាប់ ដើម្បីបង្កើនលំហូរវិលរបស់ទឹកមាត់នៅក្នុងប្រអប់មាត់។

4-ញ៉ាំស្រាទំពាំបាយជូរក្រហម 1ថ្ងៃ 1កែវ

តាមរយៈការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ការញ៉ាំស្រាទំពាំងបាយជូរក្រហម 1ថ្ងៃ 1កែវ នឹងជួយកាត់បន្ថយការរីកចម្រើនរបស់មេរោគបាក់តេរីក្នុងប្រអប់មាត់ តែទាំងអស់នេះ ដើម្បីការពារពណ៌របស់ស្រាក្រហមប្រឡាក់ជាប់ធ្មេញ គួរដុសសម្អាតធ្មេញ ឬខ្ពុរមាត់ក្រោយពេលញ៉ាំស្រានេះរួច។

5-ទទួលទានបន្លែ និងផ្លែឈើដែលសម្បូរដោយជាតិកាកសរសៃ

ការទំពាបន្លែ ឬផ្លែឈើដែលសម្បូរទៅដោយកាកសរសៃអាហារ ដូចជាស្ពៃក្ដោប សាលាដ ការ៉ុត ឃឹនឆាយ ផ្លែប៉ោម និងផ្លែត្របែក ក្រៅពីបានសាងនូវភាពស្រស់ថ្លាដល់ពេលហូបអាហារហើយ ការទំពាបន្លែ និងផ្លែឈើទាំងនោះ នឹងជួយលាងជម្រះវត្ថុកខ្វក់នៅក្នុងមាត់ និងបន្ថែមការបញ្ចេញទឹកមាត់ទៀតផង។

6-ទទួលទានក្រូចឆ្មារ និងផ្លែបួយត្រាំ

ផ្លែក្រូចឆ្មារ និងផ្លែបួយត្រាំមានអាស៊ីតអតិសុខុមប្រាណដែលជួយបង្កើនការបញ្ចេញទឹកមាត់ និងបង្កើនការរំលាយរបស់ប្រូតេអ៊ីនដែលជាប្រភពធ្វើឱ្យកើតក្លិនអាក្រក់ក្នុងមាត់ និងថែមទាំងជួយការពារមិនឱ្យកម្ទេចអាហារដែលជាប់នៅក្នុងកន្លៀតធ្មេញរលួយស្អុយក្នុងករណីដែលមិនបានដុសសម្អាតធ្មេញក្រោយពេលបាយបានភ្លាមៗ។

7-ញ៉ាំទឹកតែ

ទឹកតែភាគច្រើនប្រកបដោយសារធាតុ ហ្វ្លាវ៉ូណយដ៍ ដែលមានឫទ្ធិក្នុងការកាត់បន្ថយក្លិនមាត់ និងជួយកម្ចាត់មេរោគបាក់តេរីក្នុងប្រអប់មាត់។ វិធីការដែលមានប្រសិទ្ធភាពក្នុងការជួយកាត់បន្ថយក្លិនមាត់បានល្អបំផុត គឺការញ៉ាំទឹកតែក្រោយពេលបាយរួច។

8-ទទួលទានយ៉ាអួ(ទឹកដោះគោជូរ)ជាប្រចាំ

មួយក្នុងចំណោមមូលហេតុសំខាន់របស់ក្លិនមាត់ គឺការមានមេរោគបាក់តេរីច្រើនលើសនៅក្នុងក្រពះ និងពោះវៀនតូច ដែលធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតី។ ការទទួលទានយ៉ាអួជាប្រចាំ នឹងជួយកែសម្រួលប្រព័ន្ធទូទៅក្នុងពោះវៀនឱ្យល្អឡើង ហើយមានការស្រាវជ្រាវមួយបានរកឃើញថា ការទទួលទានយ៉ាអួជាប្រចាំរៀងរាល់ថ្ងៃ 1ថ្ងៃ 1ពែង នឹងជួយបន្ថយបរិមាណសារធាតុដែលធ្វើឱ្យកើតក្លិនស្អុយក្នុងមាត់ ដូចជា ហៃដ្រូចេនសាល់ហ្វៃដ៍ បានទៀតផង។

បើសិនជាបានដុសសម្អាតធ្មេញ និងមើលថែទាំសុខភាពប្រអប់មាត់បានល្អហើយ តែក៏នៅតែមានអារម្មណ៍ថា នៅតែមានក្លិនមាត់មិនល្អទៀតនោះ ចូរសាកល្បងប្រើវិធីណាមួយដូចខាងលើ-លមើលក៏បាន​៕

Advertisement