ឡាវ​ហាម​នាំចូល​គ្រឿង​សមុទ្រ​ពី​ថៃ ព្រោះ​ខ្លាច Covid-19

ប្រទេស​ឡាវ​បានចេញ​បទបញ្ជា​ផ្អាក​នាំចូល​គ្រឿង​សមុទ្រ​ពី​ប្រទេស​ថៃ ទន្ទឹមនឹង​ការ​រឹតបន្តឹង​សកម្មភាព​នៅតាម​បន្ទាត់​ព្រំដែន​របស់​ប្រទេស​ទាំងពីរ បន្ទាប់ពី​នៅ​ប្រទេស​ថៃ​មាន​រលក​នៃ​ការឆ្លង​រាលដាល Covid-19 ដែល​ទាក់ទង​នឹង​ផ្សារ​ត្រី។

ក្រសួងពាណិជ្ជកម្ម​ឡាវ បាន​ផ្អាក​ជាបន្ទាន់​នូវ​ការ​នាំចូល​គ្រឿង​សមុទ្រ​ស្រស់ និង​ក្លាសេ​ពី​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី 25 ខែធ្នូ ដោយសារតែ​មានការ​ព្រួយបារម្ភ​ខ្លាច​គ្រឿង​សមុទ្រ​មាន​ផ្ទុក Covid-19។ បទបញ្ជា​ខាងលើ​ត្រូវបាន​ប្រទេស​ឡាវ​ធ្វើឡើង ក្រោយពី​ខេត្ត Samut Sakhon របស់​ថៃ ក្លាយជា​ចំណុចកណ្ដាល​នៃ​រលក​ឆ្លង​ថ្មី​របស់​វីរុស Covid-19 ដោយមាន​មនុស្ស​ជាង 1,000 នាក់​ទទួលបាន​លទ្ធផល​វិជ្ជមាន បន្ទាប់ពី​អ្នកជំនួញ​បង្កង​ម្នា​ក់មាន​ផ្ទុក​វីរុស​នេះ។

បទបញ្ជា​ខាងលើ​នឹង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រុម​អ្នក​នាំចូល​គ្រឿង​សមុទ្រ​នៅ​ប្រទេស​ឡាវ។ អាជ្ញាធរ​ឡាវ​កំពុងតែ​តាមដាន​ក្រុម​អ្នក​នាំចូល​គ្រឿង​សមុទ្រ​នៅ​រដ្ឋធានី Vientiane និង​បណ្ដា​ខេត្ត​របស់​ឡាវ ព្រមទាំង​កំពុង​បង្កើន​ការត្រួតពិនិត្យ​លើ​ទំនិញ​នាំចូល​តាម​កុងតឺន័រ ដើម្បី​ស្វែងរក​វត្តមាន​របស់ Covid-19។ យោងតាម​បទបញ្ជា​របស់​ក្រសួងពាណិជ្ជកម្ម អាជ្ញាធរ​បាន​អំពាវនាវ​ឱ្យ​ក្រុមមន្ត្រី​រដ្ឋាភិបាល និង​ពលរដ្ឋ​ក្នុងស្រុក គោរព​តាម​វិធានការ​នានា ដោយ​មិនត្រូវ​ទិញ និង​បរិភោគ​គ្រឿង​សមុទ្រ​ដែល​នាំចូល​ពី​ប្រទេស​ថៃ។

ក្រុមមន្ត្រី​ឱ្យដឹងថា នេះ​គឺជា​វិធានការ​បណ្ដោះអាសន្ន ហើយ​វា​នឹងត្រូវ​បាន​បន្ត​អនុវត្ត​រហូតដល់​កិច្ច​ការធានា​សុវត្ថិភាព​សម្រាប់​គ្រឿង​សមុទ្រ​ដែល​នាំចូល​ពី​ប្រទេស​ថៃ ត្រូវបាន​គេ​ធ្វើឡើង។

សូមបញ្ជាក់ថា ឡាវ និង​ទី​ម័​រ​ខាងកើត​គឺជា​ប្រទេស​ពីរ​ដែលមាន​ករណី​វិជ្ជមាន​នឹង Covid-19 តិចជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន ប្រទេស​ឡាវ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​សរុប 41 ករណី ក្នុងនោះ​មាន 37 ករណី​បានជា​សះស្បើយ និង 4 ករណី​កំពុង​ព្យាបាល។ ដូច​ទៅនឹង​កម្ពុជា ប្រទេស​ឡាវ​មិនទាន់មាន​ករណី​ស្លាប់​ដោយសារ​វីរុស Covid-19 នៅឡើយ៕

ប្រភព៖ Vientiane Times

Advertisement