សិង្ហ​បុរី បានចាប់ផ្ដើម​ចាក់​វ៉ាក់សាំង Covid-19​ ដល់​ពលរដ្ឋ​អាទិភាព

ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី 30 ខែធ្នូ បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន Pfizer ដល់​ពលរដ្ឋ​របស់ខ្លួន ដោយ​ផ្ដល់​អាទិភាព​ដំបូង​គេ​ដល់​បុគ្គលិក​សុខាភិបាល និង​ពលរដ្ឋ​វ័យ​ចំណាស់។

តាម​គម្រោង រដ្ឋាភិបាល​ប្រទេស​នេះ​នឹងមាន​វ៉ាក់សាំង​ក្នុង​បរិមាណ​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ 5.7 លាន​នាក់ នៅក្នុង​ត្រីមាស​ទី 3 នៃ​ឆ្នាំ 2021 ក្នុងនោះ ពលរដ្ឋ​សិង្ហ​បុរី និង​ជនបរទេស​ដែល​រស់នៅ​យូរអង្វែង​ក្នុងប្រទេស​នេះ​នឹង​ទទួលបាន​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ។

គិត​មកដល់​បច្ចុប្បន្ន សិង្ហ​បុរី បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 58,569 នាក់ ក្នុងនោះ​មាន 29 នាក់​បាន​ស្លាប់ និង 58,411 នាក់​បានជា​សះស្បើយ។ ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ សិង្ហ​បុរី​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 27 ករណី​បន្ថែមទៀត។

នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 នេះ មាន​មនុស្ស​ចំនួន 83,060,556 នាក់​បាន​ឆ្លង​វីរុស Covid-19 ក្នុងនោះ​មាន​អ្នកស្លាប់ 1,812,050 នាក់ និង​អ្នក​បានជា​សះស្បើយ​​ចំនួន 58,862,045 ខណៈ​អ្នក​កំពុង​ព្យាបាល​​ចំនួន 22,386,461 នាក់៕

Advertisement