មន្ត្រី​ចិន​និយាយថា «មិនចាំបាច់​ខ្លាច Covid-19 ដែល​បានក្លាយ​ពូជ​ថ្មី​នោះទេ»

មន្ត្រី​សុខាភិបាល​ចិន​បាន​និយាយថា មិនទាន់មាន​សញ្ញា​ណាមួយ​បង្ហាញថា Covid-19 ក្លាយ​ពូជ​ថ្មី​ប៉ះពាល់​ដល់​សមត្ថភាព​បង្កើត​អង្គ​ប​ដិ​ប្រាណ​របស់​វ៉ាក់សាំង Covid-19 ដែល​ចិន​ទើបតែ​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​នៅឡើយ។

«មិនចាំបាច់​ភ័យខ្លាច​នោះទេ។ Covid-19 ប្រភេទ​ថ្មី មកដល់ពេលនេះ​មិនទាន់​ប្ដូរផ្លាស់​ជាក់លាក់​ទៅលើ​លទ្ធភាព​នៃ​ការបង្ក​ជំងឺ​នៅឡើយ បើ​ធៀប​នឹង​ប្រភេទ​មុននេះ» លោក Yu Wang ប្រធាន​វិទ្យាស្ថាន​ទប់ស្កាត់​រោគ​ឆ្លង​ដោយសារ​វីរុស​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង​របស់​ចិន (China CDC) ថ្លែង​នៅលើ​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃទី 1 ខែមករា។

ព័ត៌មាន​នេះ​ត្រូវបាន​លើកឡើង​មួយថ្ងៃ​បន្ទាប់ពី​ចិន​បានផ្ដល់​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន Sinopharm។ លោក Yu Wang បានឱ្យដឹងថា មិនទាន់​រកឃើញ​ផលប៉ះពាល់​របស់ Covid-19 ក្លាយ​ពូជ​ថ្មី ទៅលើ​សមត្ថភាព​នៃ​ការបង្ក​អង្គ​ប​ដិ​ប្រាណ​នៃ​វ៉ាក់សាំង​របស់ Sinopharm នៅឡើយ។

ក្រុមមន្ត្រី​ចិន កាលពី​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 បាន​បញ្ជាក់ថា បាន​រកឃើញ​ករណី​ឆ្លង Covid-19 ក្លាយ​ពូជ B.1.1.7 ដំបូង​នៅ​ប្រទេស​នេះ ដែល​កើត​ឡើងលើ​នារី​វ័យ 23 ឆ្នាំ​ម្នាក់​ដែល​បាន​ត្រលប់​ពី​ប្រទេស​អង់គ្លេស កាលពី​ពាក់កណ្ដាល​ខែធ្នូ។ នារី​នេះ​ត្រូវបាន​បញ្ជូន​ចូល​ពេទ្យ នៅពេល​មាន​រោគសញ្ញា​មួយចំនួន។

ក្រុម​អ្នកឯកទេស​ផ្នែក​សុខាភិបាល​ចិន បានធ្វើ​តេស្ត​ហ្សែ​ន​នៃ​សំណាក​កាលពី​ថ្ងៃទី 24 ធ្នូ ដោយសារតែ​នារី​ខាងលើ «មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅមក​ប្រទេស​អង់គ្លេស និង​ភាពមិនប្រក្រតី​មួយចំនួន​នៃ​លទ្ធផល​ធ្វើតេស្ត Nucleic acids»។

លទ្ធផល​បាន​បង្ហាញថា ប្រភេទ Covid-19 នៅលើ​អ្នកជំងឺ​នេះ ខុស​ទៅនឹង​ប្រភេទ​ដែល​បានបង្ហាញ​ខ្លួន​នៅ​ទីក្រុង Wuhan និង Shanghai។ ការធ្វើ​តេស្ត​លម្អិត​បង្ហាញថា វា​គឺជា Covid-19 ក្លាយ​ពូជ​ថ្មី B.1.1.7 ដែលមាន​សមត្ថភាព​ចម្លង​ខ្ពស់ ដែល​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អង់គ្លេស​នាពេល​កន្លងមក។

សូម​រំលឹកថា កាលពី​ថ្ងៃទី 14 ខែធ្នូ ឆ្នាំ 2020 ប្រទេស​អង់គ្លេស​បានប្រកាសថា បាន​រកឃើញ​ប្រភេទ Covid-19 ក្លាយ​ពូជ​ថ្មី​ដែលមាន​សភាព​ប្រែប្រួល​ដ​ល់​ទៅ 20 ទម្រង់​ផ្សេងទៀត បើ​ធៀប​នឹង​វីរុស​ដើម ព្រមទាំង​មាន​សមត្ថភាព​ចម្លង​ខ្ពស់ជាង 70% ទៀតផង។ ក៏ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​អះអាងថា មិនទាន់មាន​ភ័ស្តុតាង​បង្ហាញថា B.1.1.7 មាន​សមត្ថភាព​សម្លាប់​មនុស្ស​ខ្ពស់ជាង​ប្រភេទ Covid-19 ដើម​នៅឡើយ។

ប្រទេស​រាប់សិប​នៅលើ​ពិភពលោក បាន​រកឃើញ​ករណី​ឆ្លង Covid-19 ប្រភេទ​ថ្មី។ មកដល់ពេលនេះ ប្រទេស​ជាង 50 បាន​ហាម ឬ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​ពី​ប្រទេស​អង់គ្លេស​ដើម្បី​កាត់បន្ថយ​ការឆ្លង​វីរុស Covid-19 ប្រភេទ​ថ្មី​នេះ។

Covid-19 បាន​ផ្ទុះ​ឆ្លង​រាលដាល​នៅ​ប្រទេស​ចិន​ចាប់ពី​ខែធ្នូ ឆ្នាំ 2019 ហើយ​គិតដល់​បច្ចុប្បន្ន វា​បាន​បង្ហាញខ្លួន​នៅក្នុង​ប្រទេស និង​ដែនដី​ចំនួន 218 ក្នុង​ពិភពលោក ដោយមាន​មនុស្ស​ជាង 84 លាន​នាក់​បាន​ឆ្លង​វីរុស និង​ជាង 1,8 លាន​នាក់​បាន​ស្លាប់ ខណៈ​ជាង 59 លាន​នាក់​បានជា​សះស្បើយ។ ប្រទេស​ចិន​មាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ជាង 87 លាន​នាក់ និង​ជាង 4.600 នាក់​បាន​បាត់​បង់ជីវិត៕

ប្រភព៖ Reuters

Advertisement