ករណី​វិជ្ជមាន​នឹង Covid-19 ក្នុង​ពិភពលោក កើន​លើស 85លាន​នាក់! អាមេរិក​ព្រួយបារម្ភ​ពី​ការផ្ទុះ​ឆ្លង​ក្រោយ​ថ្ងៃបុណ្យ

ពិភពលោក​បាន​រកឃើញ​មនុស្ស​ជាង 85.4លាន​នាក់ វិជ្ជមាន​នឹង Covid-19 ក្នុងនោះ​មាន​ជាង 1.85លាន​នាក់​បាន​ស្លាប់។ ក្រុមមន្ត្រី​សហរដ្ឋអាមេរិក កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង​អំពី​ហានិភ័យ​នៃ​ការផ្ទុះ​ឆ្លង​រាលដាល​ថ្មី​នៅក្រោយ​ការឈប់​សម្រាក​ថ្ងៃបុណ្យ។

ក្នុង​រយៈពេល 24ម៉ោង​ចុង​ក្រោយនេះ ពិភពលោក​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី ចំនួន 538,797​ នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 7,715​ នាក់ ធ្វើឱ្យ​អ្នក​វិជ្ជមាន​នឹង​វីរុស​នេះ​សរុប​កើន​ដល់ 85,455,471នាក់ និង​អ្នកស្លាប់​សរុប​កើន​ដល់ 1,850,112នាក់។ អ្នកជំងឺ​ដែល​បានជា​សះស្បើយ​មាន​ចំនួន 60,387,163នាក់។ នេះ​បើតាម​គេហទំព័រ Worldometers។

សហរដ្ឋអាមេរិក​គឺជា​សម្បុក​វីរុស Covid-19 ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​អ្នក​វិជ្ជមាន​សរុប​​ 21,080,684នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន 360,027នាក់ បន្ទាប់ពី​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​ថ្មី​ចំនួន 161,493នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 1,336នាក់ ក្នុងអំឡុង 24ម៉ោង​កន្លងទៅនេះ។ ក្នុង​ខែ​ចុងក្រោយ​នៃ​ឆ្នាំ 2020 ប្រទេស​នេះ មាន​អ្នក​ឆ្លង​វីរុស​ដល់​ទៅ​ជាង 6.4លាន​នាក់ និង​អ្នកស្លាប់​ជាង 77,000នាក់។

ក្រុមមន្ត្រី​សុខាភិបាល កាលពី​ថ្ងៃទី 3មករា ឆ្នាំ2021 បាន​ព្រមាន​ថា ថ្ងៃខែ​ដ៏​អាក្រក់​នៅតែ​ស្ថិតនៅ​ខាងមុខ នៅពេលដែល​ករណី​ឆ្លង​ថ្មី​អាច​បន្ត​កើនឡើង ទាក់ទិន​នឹង​សកម្មភាព​ជួបជុំគ្នា​ក្នុង​រដូវ​បុណ្យ។

វេជ្ជបណ្ឌិត Anthony S. Fauci ដែលជា​អ្នកជំនួញ​លំដាប់​កំពូល​ផ្នែក​រោគ​ឆ្លង​នៅ​សហរដ្ឋអាមេរិក បានឱ្យដឹងថា៖ «នោះ​គឺជា​ទិដ្ឋភាព និង​សំណាងអាក្រក់​បំផុត ប៉ុន្តែ ត្រូវបាន​ព្យាករ​ជាមុន​រួចហើយ»។

ប្រភព៖ AFP, Reuters

Advertisement