គន្លឹះល្អៗ 4យ៉ាង ដើម្បីមានសុខភាពល្អ

មនុស្សជាច្រើនអាចនឹងរៀបផែនការនៅក្នុងឆ្នាំថ្មី2020នេះ ឱ្យក្លាយជាឆ្នាំនៃការចាប់ផ្តើមនូវរឿងថ្មីៗចំពោះខ្លួនឯង ឬតាំងគោលបំណងដើម្បីធ្វើរឿងល្អៗចំពោះខ្លួនឯង ជាដើម។ បើលោកអ្នកនឹកចង់ក្រោកឡើងមកផ្លាស់ប្តូរខ្លួនឯងជាថ្មី ដើម្បីចាប់ផ្តើមឆ្នាំថ្មី(ដែលមិនទាន់ហួសពេលនៅឡើយ)បែបរស់រវើកនោះ ក្រៅពីសាងភាពសប្បាយរីករាយឱ្យខ្លួនឯងហើយ នៅបានធ្វើឱ្យអ្នកនៅជុំវិញខ្លួនយើងសប្បាយរីករាយជាមួយដែរទៀតផង។ ខាងក្រោមនេះជាគន្លឹះល្អៗ 4យ៉ាងក្នុងការធ្វើឱ្យមានសុខភាពល្អ ដែលយើងអាចធ្វើបានដោយខ្លួនឯង ដើម្បីជីវិតកាន់តែប្រសើរឡើង។

1-ដកដង្ហើមវែងៗដើម្បីសុខភាពល្អ

សាកល្បងសង្កេតមើលខ្លួនឯងថា តើលក្ខណៈការដកដង្ហើមរបស់លោកអ្នកយ៉ាងម៉េចដែរ ដកដង្ហើមខ្លីៗញាប់ៗ ដកដង្ហើមវែងៗ ឬយឺតៗ? ការហ្វឹកហាត់ដកដង្ហើមឱ្យបានវែងៗចូល-ចេញយ៉ាងយឺតៗ មិនត្រឹមតែនឹងជួយឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយស្វាហាប់ ព្រោះតែរាងកាយបានទទួលអុកស៊ីហ្ស៊ែនយ៉ាងពេញទំហឹងប៉ុណ្ណោះទេ តែថែមទាំងជួយកម្ចាត់ជាតិពុលចេញពីរាងកាយបានទៀតផង ហើយនៅជួយកាត់បន្ថយអាការមួម៉ៅ ឆាប់ខឹងបានទៀតផង។ សាកល្បងហ្វឹកហាត់ដកដង្ហើម 5 – 10នាទីក្នុង 1ថ្ងៃសិនក៏បាន ដោយធ្វើក្នុង 1ថ្ងៃម្តង ធានាថាលោកអ្នកនឹងមានអារម្មណ៍សប្បាយទាំងកាយ និងចិត្តច្រើនឡើងមិនខាន។

2-ចាប់ផ្តើមថាមពលជីវិតដោយ បន្លែផ្លែឈើសរីរាង្គ

ការជ្រើសរើសញ៉ាំបន្លែផ្លែឈើសរីរាង្គ ឬអ័រហ្កានិក ឬគ្មានសារធាតុគីមីឱ្យបានយ៉ាងតិច 5ពេលក្នុង 1សប្តាហ៍ លោកអ្នកនឹងប្រាកដក្នុងចិត្តបានតែម្តងថា រាងកាយបានទទួលសារជាតិអាហារដែលបរិសុទ្ធកាន់តែច្រើនឡើង ហើយរាងកាយក៏នឹងបានទទួលវីតាមីន និងសារធាតុរ៉ែច្រើនឡើងដែរ ឯភាពប្រថុយប្រថានក្នុងការកើតរោគផ្សេងៗ ក៏ថយចុះទៅតាមនោះដែរ។

 

3-បែងពេលវេលាឱ្យខ្លួនឯង

នារីៗទាំងឡាយ គួរតែបែងចែកពេលវេលាដើម្បីសាងសេចក្តីសុខដល់ខ្លួនឯងខ្លះផង ដែលវិធីការអង្គុយតាំងសមាធិ ឬនៅស្ងៀមៗ ប្រមាណជា 15 – 20នាទី គឺជាវិធីមួយទៀតដែលអាចសាកថ្មឱ្យថាមពលជីវិត និងសាងភាពស្ងប់ស្ងាត់ទាំងខាងកាយ ឬផ្លូវចិត្តបាន។ ទាំងអស់នេះ ក្នុងអំឡុងពេលដែលលោកអ្នកកំពុងសាងភាពស្ងប់ស្ងាត់ដល់ខ្លួនឯងនោះ សូមសាកល្បងអុជទៀនក្រអូបដែលមានក្លិនស្រាលៗ ប្រហើរៗ ដើម្បីជួយសាងបរិយាកាសឱ្យកាន់តែមានភាពធូរស្រាល និងបិទភ្នែកចុះយ៉ាងមានសេចក្ដីសុខក្នុងចិត្តបានកាន់តែខ្លាំងឡើង ធ្វើឱ្យរាងកាយបានចូលដល់ការសម្រាកបានយ៉ាងពេញទំហឹង។

4-ធ្វើខ្លួនឱ្យសប្បាយៗ(កុំកើតទុក្ខច្រើន)

សាកល្បងរិះរកវិធីកែសម្រួលខ្លួន ដូចជា កែសម្រួលការតុបតែងខ្លួន​ ឱ្យមានអារម្មណ៍ថា កាន់តែជឿជាក់ និងសប្បាយៗឡើង ដើម្បីស្វាគមន៍ការងារថ្មីៗក្នុងឆ្នាំថ្មីនេះ ដោយការរកមើលសម្លៀកបំពាក់ឈុតក្រណាត់កប្បាស់កូតុង ឬអាវយឺតសាច់កូតុងមកពាក់ទៅធ្វើការ វានឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍សប្បាយ ទាន់សម័យ និងរហ័សរហួនបានកាន់តែខ្លាំងឡើង ឬបើលោកអ្នកមានផែនការចង់ទៅជប់លៀងកម្សាន្តជាមួយមិត្តភក្តិនៅពេលល្ងាចនៃថ្ងៃធ្វើការ ការស្លៀកសម្លៀកបំពាក់បំពេញការងារ ឬសម្លៀកបំពាក់ផ្លូវការ ទៅជប់លៀងនោះ ប្រហែលមិនសូវជាល្អមើលប៉ុន្មានទេ ដូច្នេះគួររកមើលអាវសាច់ក្រណាត់កូតុង ពាក់បែបសប្បាយៗ ពណ៌ស្អាតៗ ជាមួយខោខូវប៊យឡូយៗចេញពីផ្ទះទៅ ប្រសើរជាង។

តែ ចុងក្រោយនេះ បន្ទាប់ពីត្រឡប់ពីការងារមកដល់ផ្ទះវិញហើយ រឿងដំបូងដែលគួរធ្វើនោះ គឺការផ្លាស់សម្លៀកបំពាក់ដែលស្លៀកពេញ 1ថ្ងៃនោះចេញ ហើយស្លៀកឈុតសប្បាយៗជំនួសវិញ ដើម្បីឱ្យរាងកាយបានសម្រាក និងធូរស្រាលអារម្មណ៍៕

Advertisement