នាយករដ្ឋមន្ត្រី​ថៃ​ស្នើឱ្យ​ពលរដ្ឋ​នៅក្នុង​ផ្ទះ ក្នុង​គ្រា​ករណី​វិជ្ជមាន​នឹង Covid-19 កំពុង​កើនឡើង​យ៉ាងខ្ពស់

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន​នៅក្នុង​ផ្ទះ​ដើម្បី​ទប់ស្កាត់ «រលក​ធំ​បំផុត» នៃ​ការឆ្លង​រាលដាល​របស់​វីរុស Covid-19 បន្ទាប់ពី​ក្រុមមន្ត្រី​បញ្ជាក់​អំពី​ការកើនឡើង​ខ្ពស់​នៃ​ករណី​ឆ្លង​ថ្មី​ដល់​ទៅ 745 នាក់​ក្នុងថ្ងៃនេះ។

រដ្ឋាភិបាល​ថៃ ថ្ងៃនេះ​បានប្រកាសថា ខេត្ត​ក្រុង​ចំនួន 28 រួមមាន​ទាំង​រាជធានី​បាងកក​ផងដែរ គឺជា​តំបន់​ដែល​កំពុងមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង Covid-19 ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ធ្វើការ​ក្នុងផ្ទះ ចៀសវាង​ការជួប​ជុំគ្នា ឬ​ចាក​ចេញពី​ខេត្ត​របស់ខ្លួន​ក្នុង​គ្រា​ដែលមាន​ការផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង ក្រោយ​ការរកឃើញ​ករណី​ឆ្លង​នៅក្នុង​ផ្សារ​ត្រី​ក្បែរ​ទីក្រុង​បាងកក​កាលពីពេលថ្មីៗនេះ។

នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-ocha បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា៖ «យើង​មិន​ចង់​បិទទ្វារ​ប្រទេស​ទាំងមូល​នោះទេ ព្រោះ​យើង​ដឹង​ច្បាស់​អំពី​បញ្ហា ដូច្នេះ​តើ​គ្រប់គ្នា​អាច​បិទទ្វារ​ដោយ​ខ្លួនឯង​បានទេ?។ ប្រការនេះ​អាស្រ័យ​លើ​អ្នក​គ្រប់គ្នា ហើយ​បើសិនជា​មិន​ចង់​ឆ្លង​វីរុស គ្រប់គ្នា​គ្រាន់តែ​នៅផ្ទះ​ក្នុង​រយៈពេល​ពី 14-15 ថ្ងៃ។ បើសិន​អ្នក​គិត​ដូច្នេះ នោះ​គ្រប់យ៉ាង​នឹងមាន​សុវត្ថិភាព ហើយ​ងាយស្រួល​ក្នុងការ​គ្រប់គ្រង»។

សម្រាប់​ថ្ងៃនេះ ប្រទេស​ថៃ​មាន​អ្នកស្លាប់​ថ្មី​ចំនួន 1 ករណី និង​បាន​រកឃើញ​ករណី​វិជ្ជមាន​ថ្មី​ចំនួន 745 នាក់ ដែល​នេះ​គឺជា​កម្រិត​ខ្ពស់បំផុត​រាប់​ចាប់ពី​ថ្ងៃ​ដែល​ប្រទេស​នេះ​រកឃើញ​ករណី​ដំបូង។ គិត​ត្រឹម​ថ្ងៃនេះ ប្រទេស​ថៃ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 8,439 នាក់ និង​អ្នកស្លាប់​សរុប​ចំនួន 65 នាក់។ យ៉ាងនេះ​ក្ដី ប្រទេស​ថៃ​នៅតែ​ស្ថិត​ក្នុងចំណោម​បណ្ដា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ទាប​ជាងគេ​នៅ​អាស៊ី។

ករណី​ឆ្លង​ថ្មី​ភាគច្រើន​គឺ​ជាប់ទាក់ទង​នឹង​ក្រុម​ពលរដ្ឋ​បរទេស​ដែល​ចាប់ផ្ដើម​ឆ្លង​រាលដាល​នៅ​ខេត្ត Samut Sakhon នៅ​ភាគ​និរតី​ក្រុង​បាងកក និង​បាន​រាលដាល​ទៅកាន់​ខេត្ត​នានា​ជាង​ពាក់កណ្ដាល​របស់​ប្រទេស​នេះ។ រដ្ឋាភិបាល​ថៃ​បានចេញ​បញ្ជា​ឱ្យ​ហាង​នានា និង​អ្នកលក់​អាហារ​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ចាប់ពី​ម៉ោង 19 យប់ ដល់​ម៉ោង 6 ព្រឹក​ថ្ងៃ​បន្ទាប់ ដោយ​ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី 5 ខែមករា ដើម្បី​ទប់ទល់​នឹង​ការឆ្លង​វីរុស។

ការលក់​គ្រឿង​ស្រវឹង​នៅក្នុង​ហាង និង​បារ ក៏ដូចជា​ទីតាំង​កម្សាន្ត​នានា​នៅក្នុង​បណ្ដា​ខេត្ត​ដែលមាន​ហានិភ័យ​ខ្ពស់​ក៏ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន។ អភិបាលខេត្ត-ក្រុង​នានា ទទួលបាន​សិទ្ធិ​ក្នុង​ការចេញ​បទបញ្ជា​ដោយឡែក​ដើម្បី​ចូលរួម​ទប់ស្កាត់ Covid-19។

ចំណែក​សាលារៀន និង​មជ្ឈមណ្ឌល​អប់រំ​នៅ​ទូទាំងប្រទេស ក៏ត្រូវ​បិទទ្វារ ផ្អាក​ដំណើរការ​រយៈពេល​ពេញ​មួយខែ​ផងដែរ៕

ប្រភព៖ Reuters

Advertisement