អង់គ្លេស​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស​ជាថ្មី

នាយករដ្ឋមន្ត្រី​អង់គ្លេស​បានចេញ​បទបញ្ជា​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស អំពាវនាវ​ឱ្យ​ប្រជាជន​នៅក្នុង​ផ្ទះ និង​បិទទ្វារ​សាលារៀន​ដើម្បី​ឈានទៅរក​ការគ្រប់គ្រង​ស្ថានភាព Covid-19 ក្លាយ​ពូជ។

«មន្ទីរពេទ្យ​នានា​កាន់តែ​ទទួលរង​សម្ភា​ធ​ខ្លាំង​ដោយសារ Covid-19 បើ​ធៀប​នឹង​ដំណាក់កាល​ដំបូង​នៃ​ការ​រាតត្បាត​របស់​វីរុស​នេះ។ ភាគច្រើន ប្រទេស​យើង​កំពុង​អនុវត្ត​វិធានការ​តឹងរ៉ឹង ពិតណាស់ យើង​ត្រូវ​ការធ្វើ​ច្រើនជាង​នេះ​ដើម្បី​គ្រប់គ្រង​វីរុស​ក្លាយ​ពូជ​នេះ។ យើង​ត្រូវតែ​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស ហើយ​រដ្ឋាភិបាល ជាថ្មី​ម្ដងទៀត សូម​ណែនាំ​ឱ្យ​ពលរដ្ឋ​នៅក្នុង​ផ្ទះ» នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson មានប្រសាសន៍​លើ​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃទី 4 មករា។

យោងតាម​បទបញ្ជា​បម្រាម​គោចរ​ថ្មី​នេះ ហាង​លក់ទំនិញ​មិនចាំបាច់​នៅ​ទូទាំងប្រទេស និង​ទីតាំង​ទទួលភ្ញៀវ​នានា​នឹងត្រូវ​បន្ត​បិទទ្វារ។ សាលា​បឋម និង​មធ្យមសិក្សា​នឹង​ចាប់ផ្ដើម​បិទទ្វារ​ចាប់ពី​ថ្ងៃទី 5 មករា ដោយ​ទទួល​តែ​សិស្ស​ងាយ​រងគ្រោះ ឬកូនៗរបស់​ក្រុម​ពលករ​ដែល​ធ្វើការ​ក្នុង​វិស័យ​ចាំបាច់​ក្នុងសង្គម។

នាយករដ្ឋមន្ត្រី​បានឱ្យដឹងថា បទបញ្ជា​ខាងលើ​អាច​នឹង​ត្រូវបាន​បន្ធូរ​បន្ថយ​ច​ចាប់ពី​ពាក់កណ្ដាល​ខែកុម្ភៈ បើសិនជា​កម្មវិធី​ចាក់​វ៉ាក់សាំង​ដំណើរការ​រលូត​ដូច​បាន​គ្រោងទុក។

បច្ចុប្បន្ន អង់គ្លេស​គឺជា​សម្បុក​វី​រុស​ធំជាងគេ​លំដាប់​ទី​ប្រាំ​ក្នុង​ពិភពលោក ដោយមាន​អ្នក​ឆ្លង Covid-19 សរុប​ជាង 2.7 លាន​នាក់ ក្នុងនោះ​មាន​ជាង 75,000 នាក់​បាន​បាត់​បង់ជីវិត៕

ប្រភព៖ Reuters

Advertisement