ប្រទេស​ដែល​ចាក់​វ៉ាក់សាំង Covid-19 ជូន​ពលរដ្ឋ​​ បើ​ទោះ​មិនមាន​អ្នក​ឆ្លង​សូម្បីតែ​ម្នាក់

សាធារណរដ្ឋ​ផៅ​ឡូ អាច​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​បណ្ដា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 បើទោះជា​មិនទាន់មាន​អ្នក​ឆ្លង​វីរុស​នេះ​ក៏ដោយ។

សាធារណរដ្ឋ​ផៅ​ឡូ (Palau) ដែលជា​ប្រទេស​កោះ​មួយ​មាន​ប្រជាជន​សរុប 18,000 នាក់ កាលពី​ថ្ងៃទី 2 ខែមករា បានទទួល​វ៉ាក់សាំង Covid-19 លើកទីមួយ​ពី​ក្រុមហ៊ុន​អាមេរិក Moderna។ ក្រសួងសុខាភិបាល​ប្រទេស​នេះ បានប្រកាស​នៅលើ​ទំព័រ Twitter ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​បានចាប់ផ្ដើម​ចាប់ពី​ថ្ងៃទី 3 ខែមករា ឆ្នាំ 2021។

វ៉ាក់សាំង​ចំនួន 2,800 ដូ​ស​ដំបូង ដែល​បាន​បញ្ជូន​ដល់​ប្រទេស​នេះ ត្រូវបាន​ចាក់​ជូន​ក្រុមមនុស្ស​អាទិភាព​ដំបូង រួមមាន បុគ្គលិក​សុខាភិបាល​ជួរមុខ ក្រុមមន្ត្រីសំខាន់ៗ និង​ក្រុម​ពលរដ្ឋ​ងាយ​រងគ្រោះ ក្នុងនោះ ម្នាក់ៗនឹងត្រូវ​បាន​ចាក់​ពីរ​ម្ជុល​ដែលមាន​គម្លាត​ពីគ្នា 28 ថ្ងៃ។

អង្គការ​សុខា​ភាព​ពិភពលោក (WHO) បានឱ្យដឹងថា សាធារណរដ្ឋ​ផៅ​ឡូ គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ភាគតិច​ក្នុង​ពិភពលោក​ដែល​មិនទាន់មាន​អ្នក​ឆ្លង​វីរុស Covid-19 និង​អ្នកស្លាប់​ដោយសារ​វីរុស​នេះ។ កាលពី​ខែមករា ឆ្នាំ 2020 នៅពេល Covid-19 បានចាប់ផ្ដើម​រាតត្បាត​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ផៅ​ឡូ គឺជា​ប្រទេស​ដែល​បានចាប់ផ្ដើម​ប្រើប្រាស់​វិធានការ​រឹតបន្តឹង​ព្រំដែន​យ៉ាង​តឹងរ៉ឹង​បំផុត។

ផៅ​ឡូ​បានចាប់ផ្ដើម​បិទ​ច្រកព្រំដែន​នៅក្នុង​ខែមីនា និង​ចាប់ផ្ដើម​ធ្វើតេស្តរ​កវី​រុស Covid-19 ជូន​ពលរដ្ឋ​នៅក្នុង​ខែមេសា។ វិធានការ​ទាំងនេះ​បានរួម​ចំណែក​ជួយ​ឱ្យ​ប្រទេស​កោះ​មួយ​នេះ រួច​ផុតពី​ការ​រាតត្បាត​របស់ Covid-19។ នេះ​បើតាម​ការចែករំលែករ​បស់​ឯកអគ្គរដ្ឋទូត​ប្រទេស​ផៅ​ឡូ​នៅ​អង្គការសហប្រជាជាតិ​កាលពី​ខែឧសភា ឆ្នាំ 2020។

ជា​ប្រទេស​ឯករាជ្យ និង​មាន​ទំនាក់ទំនង​សេរី​ជាមួយ​សហរដ្ឋអាមេរិក ផៅ​ឡូ បានទទួល​ផលប្រយោជន៍​ពី​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក ឬ​ហៅថា យុទ្ធនា​ការអភិវឌ្ឍ​វ៉ាក់សាំង​មហា​លឿន​ដែលមាន​ឈ្មោះថា Operation Warp Speed (OWS)។

Sylvia Osarch អាយុ 60 ឆ្នាំ ជា​វេជ្ជបណ្ឌិត​ផ្នែក​មនុស្ស​ចាស់ គឺជា​មនុស្ស​ដំបូង​គេ​នៅ​ផៅ​ឡូ ដែល​បានទទួល​ការចាក់​វ៉ាក់សាំង Covid-19

ប្រទេស​កោះ ផៅ​ឡូ មាន​ផ្ទៃដី​ត្រឹមតែ 459 គីឡូម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ ដែល​នេះ​ស្មើនឹង 1/6 នៃ​ទំហំ​ផ្ទៃដី​របស់ Rhode Island ជា​រដ្ឋ​តូច​បំផុត​នៅ​សហរដ្ឋអាមេរិក។ ជាមួយនឹង​ផ្ទៃក្រឡា​តូច​បែបនេះ ផៅ​ឡូ អាច​ក្លាយជា​ប្រទេស​ដំបូង​គេ​មួយ​ក្នុង​ពិភពលោក​ដែល​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19។

តាម​គម្រោង​ដំបូង ផៅ​ឡូ នឹង​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅក្នុង​ខែឧសភា ប៉ុន្តែ Ritter Udui អ្នកទទួលខុសត្រូវ​លើ​ស្ថានភាព​បន្ទាន់​របស់​ក្រសួងសុខាភិបាល បាន​និយាយថា ដំណាក់កាល​បញ្ចប់​យុទ្ធនាការ​នេះ​អាច​នឹង​យឺត​ជាង​ការគ្រោងទុក ដោយសារតែ​មានការ​ពន្យា​រ​ពេល​ក្នុងការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ពី​សហរដ្ឋអាមេរិក។

«ការចាក់​វ៉ាក់សាំង​មិន​ត្រូវបាន​ចាប់បង្ខំ​នោះទេ ដូច្នេះ​ទើប​គោលដៅ​របស់​យើង​គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យបាន 80% នៃ​ប្រជាជន​សរុប» Udui ថ្លែង​បែបនេះ។

Sylvia Osarch អាយុ 60 ឆ្នាំ ជា​វេជ្ជបណ្ឌិត​ផ្នែក​មនុស្ស​ចាស់ គឺជា​មនុស្ស​ដំបូង​គេ​នៅ​ផៅ​ឡូ ដែល​បានទទួល​ការចាក់​វ៉ាក់សាំង Covid-19 ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី 3 ខែមករា។

ផៅ​ឡូ​បានជ្រើសរើស​វ៉ាក់សាំង​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Moderna របស់​សហរដ្ឋអាមេរិក ព្រោះថា​វា​អាច​ត្រូវបាន​រក្សាទុក​ក្នុង​ទូទឹកកក​ប្រភេទ​ស្ដង់ដា ជំនួស​ឱ្យ​ការរក្សា​ទុក​ក្នុង​សីតុណ្ហភាព -70 អង្សា​សេ​ដូចជា​វ៉ាក់សាំង​របស់ Pfizer។ ប៉ុន្តែ ក្រុមមន្ត្រី​ប្រទេស​នេះ​បានឱ្យដឹងថា ផៅ​ឡូ បានទទួល​ឃ្លាំង​ត្រជាក់​មួយ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ2020 ដែល​អាច​រក្ស​ទុក​វ៉ាក់សាំង 5,000 ដូ​សរ​បស់​ក្រុមហ៊ុន Pfizer៕

ប្រភព៖ CNN

Advertisement