ចិន​រារាំង​មិនឱ្យ​អ្នកជំនាញ​របស់ WHO ស្រាវជ្រាវ​ប្រភព Covid-19 នៅលើ​ទឹកដី​របស់ខ្លួន

បុគ្គលិក​សុខាភិបាល​នៅ​ខាង​មុខ​ស្ថានីយ៍​រថភ្លើង​​នៅ​តំបន់​ Hankou ទីក្រុង​ Wuhan

អាជ្ញាធរ​ចិន​បានប្រកាសថា មិន​ផ្ដល់​ទិដ្ឋាការ​ដល់​ក្រុម​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក សម្រាប់​ការចូល​មកកាន់​ទីក្រុង Wuhan ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​របស់​វីរុស Covid-19 បើ​ទោះ​សមាជិក​មួយចំនួន​បានចេញ​ដំណើរ​រួចហើយ​ក្ដី។

ប្រតិភូ​នៃ​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) មាន​គម្រោង​ទៅកាន់​ទីក្រុង Wuhan នៃ​ខេត្ត Hubei របស់​ប្រទេស​ចិន ជា​កន្លែង​ដែល​ត្រូវគេ​ជឿថា ជា​ប្រភព​នៃ​វីរុស Covid-19 ដើម្បី​ធ្វើការ​ស្រាវជ្រាវ​លើ​ករណីដំបូងៗនៃ​ការឆ្លង​វីរុស​នេះ។ ក្រុម​អ្នកជំនាញ​នេះ មិន​មានបំណង​ស្រាវជ្រាវ​លើ​ទ្រី​ស្ដី​ដែលថា Covid-19 មាន​ប្រភព​ចេញពី​បន្ទប់ពិសោធន៍​នៅ Wuhan ដែល​ធ្លាប់​ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​បដិសេធ​នាពេល​កន្លង។

វេជ្ជបណ្ឌិត Mike Ryan នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​សុខាភិបាល​បន្ទាន់​របស់ WHO បានឱ្យដឹងថា ប្រតិភូ​នេះ​រួមមាន ក្រុម​អ្នកជំនាញ​មកពី​ប្រទេស​នានា​ដែល​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ចិន​ទាក់ទង​នឹង​គម្រោង​ទៅកាន់​ប្រទេស​ចិន។ លោក Ryan បាន​និយាយ​កាលពី​ថ្ងៃទី 5 ខែមករា​ថា៖ «ក្រុម​នេះ​នឹង​ចាប់​ផ្ដើមធ្វើ​កិច្ចការ​នៅ​ថ្ងៃស្អែក»។

ក៏ប៉ុន្តែ នៅពេល​សមាជិក​ពីរ​នាក់​ដែល​នៅ​ឆ្ងាយ​បានចេញ​ដំណើរ ក្រុម​អ្នកស្រាវជ្រាវ​នេះ​ក៏បាន​ទទួល​ព័ត៌មាន​ថា ទិដ្ឋាការ​របស់​ពួកគេ​មិន​ត្រូវបាន​មន្ត្រី​ចិន​អនុញ្ញាត​នោះឡើយ។ សមាជិក​ម្នាក់​បាន​ត្រលប់​ក្រោយ​វិញ ខណៈ​ម្នាក់ទៀត​កំពុង​ឆ្លងកាត់​ប្រទេស​ទី​បី។

លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​សម្ដែង​ការខកចិត្ត​ចំពោះ​ព័ត៌មាន​ខាងលើនេះ និង​ឱ្យដឹងថា បាន​អំពាវនាវ​ឱ្យ​ប្រទេស​ចិន អនុញ្ញាតឱ្យ​ក្រុម​អ្នកជំនាញ​បាន​ចូល​ស្រុក។

លោក Tedros ថ្លែងថា៖ «ខ្ញុំ​បាន​ទាក់ទង​ទៅកាន់​ក្រុមមន្ត្រី​ចិន និង​បានធ្វើឱ្យ​ប្រាកដ​អំពី​ភារកិច្ច​ថា នេះ​គឺជា​អាទិភាព​មួយ​របស់ WHO និង​ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ»។

ជាច្រើន​ខែ​មកហើយ WHO បាន​ប្រឹងប្រែង​ដើម្បី​អាច​បញ្ជូន​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ទៅកាន់​ប្រទេស​ចិន។ ពួកគេ​ចាប់ផ្ដើម​ពិភាក្សា​ជាមួយ​ក្រុមមន្ត្រី​ចិន​តាំងពី​ខែកក្កដា ដើម្បី​រក​ផ្លូវ​ចូលទៅ​កាន់​ទីក្រុង Wuhan ក្នុង​បំណង​ស្រាវជ្រាវ​ឱ្យដឹង​ប្រាកដថា តើ​វីរុស Covid-19 បាន​ឆ្លង​ពីស​ត្វ​មក​មនុស្ស​ដោយ​របៀប​ណាខ្លះ។

Ilona Kickbusch ប្រធាន​មជ្ឈមណ្ឌល​សុខាភិបាល​សកល​នៅ​ទីក្រុង​ហ្សឺ​ណែវ យល់់ថា កត្តា​ភូមិសាស្ត្រ​នយោបាយ​បាននិងកំពុង​រារាំង​បណ្ដា​ប្រទេស​ក្នុងការ​សហការគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង Covid-19 ហើយ​អរិភាព​ដែល​កើតឡើង​អាចជា​ឧបសគ្គ​នៃ​យុទ្ធនា​ការស្វែងយល់​អំពី​ប្រភព និង​ដំណើរការ​នៃ​រោគរាតត្បាត។

Kickbusch ថ្លែងថា៖ «ខ្ញុំ​គិតថា នឹងមាន​ការលំបាក​ខ្លាំង​នៅក្នុង​ការស្វែងរក​ប្រភព​របស់​វីរុស ព្រោះថា ពេលវេលា​​បាន​​កន្លង​ផុត​ទៅ​​យូរ​ណាស់​មកហើយ»។

ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​របស់ WHO សង្ឃឹមថា ការដែល​ចិន​បដិសេធ​មិនឱ្យ​ពួកគេ​ចូល​ប្រទេស​នេះ គ្រាន់តែ​ជា​បញ្ហា​​បន្ទាប់​បន្សំ​​ប៉ុណ្ណោះ​ ហើយ​ថា «បញ្ហា​ការិយាធិបតេយ្យ​នឹង​ត្រូវបាន​ដោះស្រាយ​យ៉ាង​ឆាប់រហ័ស»៕

ប្រភព៖ Guardian

Advertisement