ញាក់ភ្នែក រឿងនេះពាក់ព័ន្ធនឹងសុខភាព ឬលាភសំណាង?

ញាក់ភ្នែក អាការនេះយើងប្រហែលជាធ្លាប់ស្គាល់ច្បាស់ណាស់ ជាពិសេសដែលគេប្រាប់ថា បើញាក់ភ្នែកខាងឆ្វេង គឺប្រផ្នូលល្អ តែបើញាក់ភ្នែកស្តាំវិញ បញ្ជាក់ថា រឿងមិនល្អកំពុងតែជិតកើតឡើងហើយ តែចំពោះរឿងសុខភាពវិញ តើញាក់ភ្នែកជាសញ្ញាប្រាប់ពីហេតុការ ឬគ្រាន់តែជាភាពខុសប្រក្រតីបន្តិចបន្តួចរបស់រាងកាយ?។

ញាក់ភ្នែកកើតមកពីអ្វី?

ញាក់ភ្នែក ឬស្បែកភ្នែកញាក់ មិនថាតែញាក់ភ្នែកឆ្វេង ឬស្តាំនោះទេ ខាងវេជ្ជសាស្រ្តបានចាត់ទុកថា អាការញាក់ភ្នែកបណ្តាលមកពីសាច់ដុំនៅម្តុំបរិវេណភ្នែកពង្រឹងខ្លួន ដែលកើតចេញពីការញាក់ដែលខុសប្រក្រតីរបស់សរសៃប្រសាទនៅម្តុំនោះ ដោយបច្ច័យដែលធ្វើឱ្យកើតអាការញាក់ភ្នែកនោះមានទាំងការគេងសម្រាកមិនបានគ្រប់គ្រាន់ ការទទួលទានតែ ឬកាហ្វេក្នុងបរិមាណច្រើនជ្រុលពេក ឬភាពតានតឹងធុញថប់ និងកង្វល់ក្នុងអារម្មណ៍ក៏ធ្វើឱ្យភ្នែកញាក់ទាំងឆ្វេង ទាំងស្តាំបានដែរ។

ញាក់ភ្នែកញឹកញាប់ និងច្រើនថ្ងៃ មានគ្រោះថ្នាក់ដែរឬទេ?

អាការញាក់ភ្នែកគរាន់តែជាភាពខុសប្រក្រតីក្នុងអំឡុងពេលខ្លីៗក៏ពិតមែន ប៉ុន្តែលោកវេជ្ជបណ្ដិតជំនាញផ្នែកចក្ខុបានប្រាប់ថា បើសិនជាភ្នែកញាក់ញឹកញាប់ និងយូរលើស 1 សប្តាហ៍ ឬមានអាការញាក់ភ្នែករួមជាមួយការញាក់របស់សាច់ដុំនៅកន្លែងផ្សេងទៀត ដូចជារង្វះមាត់ និងថ្ពាល់ និងមានអាការភ្នែកក្រហម ឬមានអាចម៍រួមជាមួយផង រួមទាំងបើការញាក់ភ្នែកនោះមានភាពធ្ងន់ធ្ងរដល់ថ្នាក់ធ្វើឱ្យស្បែកភ្នែកបិទផងនោះ ករណីទាំងនេះពេទ្យជំនាញខាងភ្នែកបានណែនាំឱ្យមកពិនិត្យអាការនៅមន្ទីពេទ្យដើម្បីរកមើលមូលហេតុពិតប្រាកដ។

ញាក់ភ្នែកបែបណាដែលចាត់ទុកថា កើតជំងឺ

វេជ្ជបណ្ឌិតជំនាញខាងភ្នែកបានរៀបរាប់ថា អាការញាក់ភ្នែកអាចចាត់ចូលក្នុងក្រុមជំងឺបានដូចគ្នា ដោយក្រុមទីមួយហៅថា Essential Blepharospasm ដែលអ្នកជំងឺនឹងមានអាការញាក់ភ្នែកចំពោះតែបរិវេណស្បែកភ្នែកតែម្យ៉ាង និងច្រើនតែញាក់តែម្ខាងប៉ុណ្ណោះក្នុងរយៈដំបូង ប៉ុន្តែបន្ទាប់ពីញាក់យូរៗម្តង តមកភ្នែកនឹងញាក់ញឹកញាប់ឡើង មានភាពខ្លាំងក្លាឡើង និងចាប់ផ្តើមរាលដាលទៅញាក់លើភ្នែកម្ខាងទៀត ដែលពេទ្យក៏ប្រាប់ថា ជាជំងឺដែលគ្មានមូលហេតុ និងអាចគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ គ្រាន់អាចសាងភាពរំខាន និងសាងឧបសគ្គក្នុងការរស់នៅបន្តិចបន្តួចប៉ុណ្ណោះ។

ចំណែកសភាវមួយទៀតគឺ Hemi facial Spasm ដោយអាការនឹងមានទាំងញាក់ភ្នែក និងសាច់ដុំផ្ទៃមុខរាលដាលទៅដល់បំពង់កផ្នែកខាងញាក់នោះដំណាលគ្នាទៀតផង។ សភាវនេះ គ្រូពេទ្យបានដាស់តឿនឱ្យប្រយ័ត្ន ដោយសារតែជាអាការដែលបង្ហាញបានថា មានភាពខុសប្រក្រតីកើតឡើងជាមួយសរសៃប្រសាទគូទី 7 នៅក្នុងខួរក្បាលរបស់អ្នក ដែលជាសរសៃប្រសាទគ្រប់គ្រងការធ្វើការងាររបស់សាច់ដុំលើផ្ទៃមុខ ដោយអាការខុសប្រក្រតីដែលថានេះអាចកើតបានទាំងសរសៃឈាមបរិវេណសរសៃប្រសាទនោះកោង-ង ឬមានសាច់ដុះទៅសង្កត់សរសៃប្រសាទរហូតក្លាយជាមូលហេតុរបស់ការញាក់ភ្នែក និងសាច់ដុំផ្សេងទៀតញាក់ផងដែរ។ ទាំងអស់នេះការវិនិច្ឆ័យរោគដំណាក់កាលដំបូងត្រូវអាស្រ័យការស្គែនខួរក្បាលដើម្បីរកមើលភាពមិនសមប្រកបរបស់សរសៃប្រសាទដើម្បីឱ្យពេទ្យធ្វើការព្យាបាលជាបន្ត។

អូខេ! ស្គាល់ពីមូលហេតុរបស់ការញាក់ភ្នែករួចហើយ ឥឡូវយើងនាំគ្នាមកមើលពីជំនឿ និងពាក្យទំនាយអំពីការញាក់ភ្នែកនេះវិញម្តង។

ញាក់ភ្នែកនៅពេលព្រឹក(រាប់ចាប់ពីពេលភ្ញាក់ពីគេង ជិតភ្លឺ)

  • ញាក់ភ្នែកខាងស្តាំ ៈ នឹងមានញាតិមិត្តបងប្អូនពីស្រុកឆ្ងាយមករក។
  • ញាក់ភ្នែកខាងឆ្វេង ៈ នឹងមានការឈ្លោះប្រកែកតវ៉ា ឬមានរឿងក្តៅក្រហាយកើតឡើង។

ញាក់ភ្នែកនៅពេលព្រឹក(ម៉ោង 09ៈ00 – 12ៈ00)

  • ញាក់ភ្នែកខាងស្តាំ ៈ នឹងញាតិមិត្តបងប្អូនពីស្រុកក្រៅ ឬពីតាមខេត្តនាំលាភមកឱ្យ។
  • ញាក់ភ្នែកខាងឆ្វេង ៈ នឹងមានកើតរឿងមិនល្អនៅក្នុងក្រុមគ្រួសារ។

ញាក់ភ្នែកនៅពេលរសៀល(13ៈ00 – 16ៈ00)

  • ញាក់ភ្នែកខាងស្តាំ ៈ រឿងដែលកំពុងគិត ឬកំពុងធ្វើនឹងទទួលបានជោគជ័យ។
  • ញាក់ភ្នែកខាងឆ្វេង ៈ នឹងមានមនុស្សភេទផ្ទុយនឹកដល់ ឬអាចនឹងមករក។

ញាក់ភ្នែកនៅពេលល្ងាច(17ៈ00 – 19ៈ00)

  • ញាក់ភ្នែកខាងឆ្វេង ៈ នឹងមានសាច់ញាតិបងប្អូន ឬមិត្តជិតដិតដែលនៅឆ្ងាយមកលេង។
  • ញាក់ភ្នែកខាងស្តាំ ៈ នឹងបានជួបសាច់ញាតិ ឬមិត្តភ័ក្តិដែលបែកគ្នាយូរដោយមិននឹកស្មានដល់។

ញាក់ភ្នែកនៅពេលយប់(19ៈ00 តទៅ)

  • ញាក់ភ្នែកខាងឆ្វេង ៈ នឹងមានតំណឹងល្អមកដល់នៅពេលព្រឹកស្អែកឡើង ឬនឹងបានទទួលលាភពីស្នាដៃដែលបានធ្វើពីមុន
  • ញាក់ភ្នែកខាងស្តាំ ៈ នឹងមានរឿងឈ្លោះប្រកែកជាមួយមនុស្សក្នុងគ្រួសារ។

ភ្នែកញាក់ខាងឆ្វេង ឬខាងស្តាំ គឺគ្រាន់តែជាអាការខុសប្រក្រតីរបស់សាច់ដុំប៉ុណ្ណោះ តែបើអ្នកណាជឿលើពាក្យចាស់បុរាណដែលប្រាប់ថាជាប្រផ្នូលអាក្រក់ ឬប្រាប់ពីដំណឹងល្អនោះក៏មិនមែនជារឿងប្លែកអ្វីដែរ គ្រាន់តែកុំទៅជឿជ្រុលពេករហូតដល់ភ្លេចសង្កេតមើលភាពខុសប្រក្រតីរបស់រាងកាយទៅបានហើយ៕

Advertisement