កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី 1ករណី​ទៀត ខណៈ​​ពិភព​លោក​​រក​ឃើញ​ជាង 598,800ករណី

ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាសថា មាន​ករណី​ឆ្លង Covid-19 ថ្មី​ចំនួន 1 នាក់​ទៀត នាំឱ្យ​តួលេខ​អ្នក​វិជ្ជមាន​នឹង​វីរុស​នេះ​នៅ​កម្ពុជា​កើន​ដល់ 392 នាក់។

ករណី​វិជ្ជមាន​ថ្មី​នេះ កើតឡើង​ចំពោះ​ស្ត្រីជន​ជាតិខ្មែរ អាយុ 23 ឆ្នាំ ស្នាក់នៅ​ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង ជា​អ្នក​ដែល​ទើបតែ​បាន​ត្រលប់​មកពី​ប្រទេស​ថៃ​កាលពី​ថ្ងៃទី 8 មករា។ ព័ត៌មាន​បន្ថែម​សូម​អាន​ក្នុង​តារាង​ខាងក្រោម។

គិត​មកដល់​ព្រឹក​ថ្ងៃទី 11 ខែមករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 392 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 374 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 18 នាក់។

ពិភពលោក​ទើបតែ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន​ជាង 598,800 ករណី ធ្វើឱ្យ​តួលេខ​សរុប​កើន​ដល់​ជាង 90,662,900 នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ជាង 1,942,300 នាក់​បាន​ស្លាប់ និង​ជាង 64,788,500 នាក់​បានជា​សះស្បើយ។ បច្ចុប្បន្ន ពិភពលោក​នៅមាន​អ្នកជំងឺ​ជាង 23,931,980 កំពុង​ព្យាបាល ក្នុងនោះ​មាន​ជាង 108,000 នាក់​កំពុង​ប្រឈម​នឹង​ការស្លាប់​ដោយសារ​អាការ​ធ្ងន់​ធ្ងន់៕

Advertisement