អ៊ីស្រាអែល​គ្រោង​នឹង​ចាក់​វ៉ាក់សាំង Covid-19 ដល់​ពលរដ្ឋ​ទាំង​ថ្ងៃ​ទាំង​យប់

ប្រភពព័ត៌មាន​ពី​ប្រទេស​អ៊ីស្រាអែល បានឱ្យដឹងថា កាលពី​ថ្ងៃទី 10 ខែមករា ទំនិញ​ជា​វ៉ាក់សាំង Covid-19 ចំនួន 700,000 ដូ​សរ​បស់​ក្រុមហ៊ុន Pfizer ត្រូវបាន​បញ្ជូន​ដល់​អ៊ីស្រាអែល​តាម​ជើងយន្តហោះ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល Yuli Edelstein ជា​អ្នក​ទៅ​ទទួលយក​វ៉ាក់សាំង​នេះ​ដោយផ្ទាល់។

ក្នុង​ថ្ងៃ​ដដែល ក្រសួងសុខាភិបាល​ប្រទេស​នេះ​បានប្រកាសថា រហូតមកដល់​បច្ចុប្បន្ន ពលរដ្ឋ​ដែលមាន​អាយុ​លើសពី 60 ឆ្នាំ ចំនួន 70% បាន​ចាក់​វ៉ាក់សាំង Covid-19 រួចហើយ។ នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយនឹង​បុគ្គលិក​ក្នុង​វិស័យនេះ រដ្ឋមន្ត្រី​សុខាភិបាល Edelstein បានស្នើ​ឱ្យ​រៀបចំ​ផែន​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ទាំង​ថ្ងៃ ទាំងយប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​ឱ្យ​បានជា​អតិបរមា។

នាយករដ្ឋមន្ត្រី Netanyahu ឱ្យដឹងថា នឹង​បង្កើន​ចំនួន​អ្នក​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង​ឱ្យបាន 170,000 នាក់​ក្នុង​មួយថ្ងៃ។ ប្រធាន​អង្គភាព​ប្រឆាំង Covid-19 លោក Nachman Ash ថ្លែងថា អ៊ីស្រាអែល​មានលទ្ធភាព​អាច​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន 200,000 នាក់​ក្នុង​មួយថ្ងៃ ដែល​រួមមាន​ទាំង​ការចាក់​លើកទីមួយ និង​លើក​ទី​ពីរ។

ក្រសួងសុខាភិបាល​អ៊ីស្រាអែល​បានចាប់ផ្ដើម​រៀបចំ​គម្រោង​សម្រាប់​ការចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក​ក្នុង​វិស័យ​អប់រំ ក្នុងនោះ គ្រួ​បង្រៀន​ដែល​ត្រូវ​ធ្វើការ​នៅក្នុង​អំឡុងពេល​មាន​បម្រាម​គោចរ​ទូទាំងប្រទេស នឹងមាន​អាទិភាព​មុនគេ។ ក្រុម​អាទិភាព​បន្ទាប់​គឺជា​ក្រុមមនុស្ស​ដែលមាន​វ័យ​ចាប់ពី 55 ដល់ 60 ឆ្នាំ ហើយ​បន្ទាប់មកទៀត​គឺ​ពលរដ្ឋ​ដែលមាន​វ័យ​ច្រើនជាង 50 ឆ្នាំ។

យោងតាម​កិច្ចព្រមព្រៀង​រវាង​អ៊ីស្រាអែល និង​ក្រុមហ៊ុន Pfizer ជា​រៀងរាល់​សប្ដាហ៍ Pfizer នឹង​ប្រគល់​ទំនិញ​ជា​វ៉ាក់សាំង​ចំនួន​រាប់ម៉ឺន​ដូ​ស​ដល់​អ៊ីស្រាអែល រហូតដល់​ពលរដ្ឋ​ទាំងអស់​នៃ​ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់។

គិត​មកដល់​បច្ចុប្បន្ន នៅ​អ៊ីស្រាអែល ពលរដ្ឋ​ជាង 1.8 លាន​នាក់​បាន​ចាក់​វ៉ាក់សាំង Covid-19 លើកទីមួយ​រួចហើយ ដែល​តួលេខ​នេះ​គឺ​ប្រហាក់ប្រហែល​នឹង 20% នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​នេះ។

រហូតមកដល់​ថ្ងៃទី 11 មករា​នេះ ប្រទេស​អ៊ីស្រាអែល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 491,319 នាក់ ក្នុងនោះ​មាន 3,671 នាក់​បាន​ស្លាប់ និង 419,907 នាក់​បានជា​សះស្បើយ៕

ប្រភព៖ Times of Israel

Advertisement