ថ្នាំ​ព្យាបាល​រលាក​សន្លាក់ Actemra ជួយ​បង្កើន​អត្រា​នៃ​ការ «រួច​ជីវិត» ពី Covid-19 របស់​អ្នកជំងឺ​ធ្ងន់​ធ្ងន់

ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ប្រភេទ​ខ្សោយ actemra ឬ​ហៅថា tocilizumab ដែល​ត្រូវបាន​សាកលវិទ្យាល័យ Osaka និង​ក្រុមហ៊ុន​ផលិត​ឱសថ Chugai សហការ​ជាមួយ​អង្គការ​មួយចំនួន​របស់​ជប៉ុន​អភិវឌ្ឍ​និង​ផលិតឡើង មាន​សមត្ថភាព​ក្នុងការ​បង្កើន​អត្រា «រួច​ជីវិត» ពី Covid-19 របស់​អ្នកជំងឺ​ដែលមាន​អាការ​ធ្ងន់ធ្ងរ។

លទ្ធផល​នៃ​ការពិសោធ​ក្នុងការ​ព្យាបាល​អ្នកជំងឺ Covid-19 ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Imperial College London (អង់គ្លេស) សហការ​ជាមួយ​អង្គការ​មួយចំនួន​បាន​បង្ហាញថា អត្រា​នៃ​ការស្លាប់​របស់​អ្នកជំងឺ Covid-19 ចំនួន 350 នាក់​ដែល​ប្រើប្រាស់​ថ្នាំ actemra គឺ​ស្មើនឹង 28% ទាប​ជាង 7.5% បើ​ធៀប​នឹង​អ្នកជំងឺ Covid-19 ចំនួន 400 នាក់​ដែល​មិនបាន​ប្រើប្រាស់​ថ្នាំ​នេះ។ ទន្ទឹមនឹងនេះ ថ្នាំ​ព្យាបាល​រលាក​សន្លាក់​ប្រភេទ​កម្រិត​ស្រាល​មួយ​ផ្សេងទៀត​ក៏បានផ្ដល់​លទ្ធផល​ប្រហាក់ប្រហែលគ្នា​នេះដែរ។

ថ្នាំ actemra មាន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ប្រតិកម្ម​ហួស​កម្រិត​របស់​ប្រព័ន្ធ​ការពារ​រាងកាយ។ បច្ចុប្បន្ន ថ្នាំ​នេះ​កំពុង​ត្រូវបាន​ប្រទេស​ជប៉ុន អង់គ្លេស និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​ប្រើប្រាស់​ដើម្បី​ព្យាបាល​អ្នកជំងឺ Covid-19 ដែលមាន​អាការ​ធ្ងន់ធ្ងរ។

ក្រៅពី​ថ្នាំ actemra កន្លងមក remdesivir ដែលជា​ថ្នាំ​ព្យាបាល​ជំងឺ​បង្កឡើង​ដោយ​វីរុស ក៏បាន​ធ្វើឱ្យមាន​ការចាប់​អារម្មណ៍​ខ្លាំង​នៅក្នុង​ពិភព​វេជ្ជសាស្ត្រ ដោយសារ​វា​មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ Covid-19។ បច្ចុប្បន្ន remdesivir ទទួលបាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់​នៅក្នុង​ប្រទេស​ជាង 50 ក្នុង​ពិភពលោក។ នៅ​ជប៉ុន ថ្នាំ remdesivir នេះ ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​ចាប់ពី​ខែឧសភា ឆ្នាំ 2020។

បច្ចុប្បន្ន ក្រសួងសុខាភិបាល​ជប៉ុន​ក៏​កំពុង​ពិចារណា​លើ​លទ្ធភាព​នៃ​ការប្រើប្រាស់​តែ​វ៉ាក់សាំង Covid-19 របស់ ​ក្រុម​ហ៊ុន​ Pfizer/BioNTech សម្រាប់​ពលរដ្ឋ​ដែលមាន​វ័យ​ចាប់ពី 16 ឆ្នាំ​ឡើងទៅ ព្រោះថា នៅ​ប្រទេស​ជប៉ុន វ៉ាក់សាំង​នេះ មិនទាន់​ត្រូវបាន​យកទៅ​ពិសោធ​លើ​ក្រុមមនុស្ស​ដែលមាន​អាយុ​ក្រោម 20 ឆ្នាំ​នៅឡើយ​ហើយ​ក្រៅពីនេះ ការឆ្លង​វីរុស​នៅលើ​កុមារ​ក៏មាន​អត្រា​ទាប​ផងដែរ។

មុននេះ ជប៉ុន​បាន​ចុះកិច្ចសន្យា​ទិញ​វ៉ាក់សាំង Covid-19 ចំនួន 60 លាន​ដូ​ស​ពី​ក្រុមហ៊ុន Pfizer/BioNTech សម្រាប់​ប្រើប្រាស់​នៅ​ពាក់កណ្ដាល​ដើមឆ្នាំ 2021៕

ប្រភព៖ Japan Times

Advertisement