ខេត្ត Heilongjiang ដែលមាន​ប្រជាជន 37 លាន​នាក់​របស់​ប្រទេស​ចិន ត្រូវ​បាន​​​ប្រកាស​អាសន្ន ដោយសារតែករណី​វិជ្ជមាន Covid-19 ថ្មី​

ខេត្ត Heilongjiang របស់​ប្រទេស​ចិន​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​ភាពប្រកាស​អាសន្ន​ចាប់ពី​ថ្ងៃទី 13 មករា​នេះ ក្រោយពី​បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ជាច្រើន​នាក់ដែល​មិន​មាន​រោគ​សញ្ញា​។

សារព័ត៌មាន AFP ឱ្យដឹងថា ប្រទេស​ចិន​បាន​គ្រប់គ្រង​ការឆ្លង​រាលដាល​វីរុស Covid-19 បាន​យ៉ាង​ល្អ បន្ទាប់ពី​វីរុស​នេះ​បាន​រាតត្បាត​ពេញទី​ក្រុង Wuhan កាលពី​ចុងឆ្នាំ 2019។ ប៉ុន្តែ ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ចិន​បាន​រកឃើញ​ករណី​វិជ្ជមាន​ជាច្រើន​នាក់​ដែលជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ បញ្ហា​នេះ​បានធ្វើឱ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត ដាក់​បម្រាម​គោចរ កាត់បន្ថយ​ការធ្វើដំណើរ លុប​ចោល​ការ​ជួប​ជុំ រួម​នឹង​ការធ្វើ​តេស្ត​បន្ថែមទៀត។

ក្នុងចំណោម​ខេត្ត​ដែល​បានចាប់ផ្ដើម​រឹតបន្តឹង​ការធ្វើដំណើរ ឬ​ការជួបជុំ Heilongjiang ដែលជា​ខេត្ត​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​ចិន ក៏​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​ស្ថានភាព​ប្រកាសអាសន្ន ដោយ​ស្នើឱ្យ​ពលរដ្ឋ​​មិន​ចាក​ចេញពី​តំបន់​មូលដ្ឋាន បើសិន​មិនមាន​កិច្ចការ​សំខាន់​ខ្លាំង ក៏ដូចជា​ការលុបចោល​ព្រឹត្តិការណ៍​ជួបជុំ​នានា​ផងដែរ។ វិធានការ​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ទប់​ទល់នឹង​ការកើនឡើង​នៃ​ករណី​ឆ្លង Covid-19 ថ្មី ដោយសារ​ថា ខេត្ត​នេះ​ទើបតែ​បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 28 នាក់ ក្នុងនោះ​មាន 12 នាក់​​មិនមាន​រោគសញ្ញា។

មុននេះ ទីក្រុង Suihua របស់​ខេត្ត Heilongjiang ដែលមាន​ប្រជាជន​ជាង 5.2 លាន​នាក់ ក៏ត្រូវ​បានដាក់​បម្រាម​គោចរ​កាលពី​ថ្ងៃទី 11 មករា បន្ទាប់ពី​រកឃើញ​មនុស្ស​ជាង 40 នាក់​វិជ្ជមាន​នឹង Covid-19 ក្នុងនោះ​មាន 45 នាក់​មិនមាន​រោគសញ្ញា។ ចាប់ពី​ថ្ងៃទី 13 មករា​នេះ ទីក្រុង​មួយចំនួន​នៅក្បែរ Suihua ក៏បាន​ចាប់ផ្ដើម​ដាក់​ប​ម្រាម​គោចរ ឬ​រឹតបន្តឹង​ការធ្វើដំណើរ​ផងដែរ។

ប្រទេស​ចិន​បានឱ្យដឹងថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 115 នាក់​ ​ក្នុង​ថ្ងៃទី 13 ខែមករា​នេះ ក្នុងនោះ​មាន​ជាង 90 ករណី​នៅក្នុង​ខេត្ត Hebei។ អាជ្ញាធរ​ចិន កាលពី​សប្ដាហ៍​មុន​បានចាប់ផ្ដើម​យុទ្ធនាការ​ធ្វើតេស្ត Covid-19 ជាថ្មី និង​បាន​បិទ​ប្រព័ន្ធ​គមនាគមន៍​សាធារណៈ សាលារៀន និង​ហាង​នានា​នៅ​ទីក្រុង Shijiazhuang ខេត្ត Hebei ដែលជា​សម្បុក​វីរុស Covid-19 ថ្មី​បំផុត។

គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ចិន បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 87,706 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 4,634 នាក់ និង​អ្នក​កំពុង​ព្យាបាល 784 នាក់ ខណៈ​ជា​អ្នក​បានជា​សះស្បើយ​មាន​ចំនួន 82,288 នាក់៕

ប្រភព​៖ France24

Advertisement