រុស្ស៊ី​រកឃើញ​វីរុស Covid-19 ក្លាយ​ពូជ​ចំនួន 18 ប្រភេទ នៅក្នុង​រាងកាយ​អ្នកជំងឺ​ម្នាក់

ក្រុម​អ្នកស្រាវជ្រាវ​របស់​ប្រទេស​រុស្ស៊ី បាន​រកឃើញ​វីរុស Covid-19 ក្លាយ​ពូជ​ចំនួន 18 ប្រភេទ នៅក្នុង​រាងកាយ​របស់​ស្ត្រី​អ្នកជំងឺ​ម្នាក់​ដែល​បាន​ឆ្លង Covid-19 កាលពី​ជាង 4 ខែ​មុន។

សារព័ត៌មាន Sputnik បានឱ្យដឹងថា លទ្ធផល​នៃ​​​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ត្រូវបាន​ប្រកាស​នៅ​ដើមខែ​មករា​នៅលើ​ទំព័រ virological.org បង្ហាញ​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា Skolkovo រួម​នឹង​​បណ្ឌិតសភា​វិទ្យាសាស្ត្រ​រុស្ស៊ី សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Pavlov First State ប្រចាំ St.Petersburg វិទ្យាស្ថាន​ស្រាវជ្រាវ​វីរុស​ផ្ដាសាយ Smorodintsev និង​​មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង St.Petersburg បានឱ្យដឹងថា៖ «យើង​បាន​កត់ត្រា​ការវិភាគ​ហ្សែ​ន​នៃ​វីរុស SARS-CoV-2 (Covid-19) ពី​អ្នកជំងឺ Covid-19 ម្នាក់​ដែលមាន​ជំងឺមហារីក។ ប្រព័ន្ធ​ហ្សែ​ន​បានបង្ហាញ​អំពី​ការកើនឡើង​ដោយ​ឯកឯង​របស់​វីរុស​ក្លាយ​ពូជ​ថ្មី​ចំនួន 18 ប្រភេទ នៅក្នុង​រយៈពេល​ជាង 4 ខែ​នៃ​ការឆ្លង​វីរុស​ Covid-19។ ពួកវា​រួមមាន​បណ្ដា​ប្រភេទ​វីរុស​ក្លាយ​ពូជក្នុង​​ក្រុម S ៖ Y453F និង Δ69-70HV ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​សម្បុក​វីរុស​ដែលមាន​ទាក់​ទាក់ទង​នឹង​សត្វ​កញ្ជ្រោង»។

វីរុស​ក្លាយ​ពូជ​នានា​ដែល​បាន​រីកចម្រើន​នៅលើ​រាងកាយ​របស់​ស្ត្រី​អ្នកជំងឺ​វ័យ​ 47 ឆ្នាំ​ខាងលើ ត្រូវបាន​គេ​ហៅថា អ្នកជំងឺ S។ អ្នកជំងឺ​នេះ ទំនងជា​បាន​ឆ្លង​វីរុស​នៅពេល​កំពុង​ព្យាបាល​ជំងឺមហារីក​នៅ​មន្ទីរពេទ្យ។ «អ្នកជំងឺ​នេះ ធ្លាប់បាន​ប៉ះពាល់​ផ្ទាល់​នឹង​អ្នកជំងឺ​វ័យ​ចំណាស់​ម្នាក់ ជា​អ្នកជំងឺ​ប្រភេទ A ដែល​​បាន​ស្លាប់​ដោយសារ​បាន​ឆ្លង Covid-19» នេះ​បើតាម​កំណត់ត្រា​នៃ​របាយការណ៍​ស្រាវជ្រាវ។

ថ្ងៃទី 17 មេសា 2020 អ្នកជំងឺ S បាន​ចេញពី​មន្ទីរពេទ្យ។ ថ្ងៃទី 30 មេសា 2020 អ្នកជំងឺ​នេះ​វិជ្ជមាន​នឹង Covid-19។

ការស្រាវជ្រាវ​បន្ត​ឱ្យដឹងថា៖ «លទ្ធផល​នៃ​ការធ្វើ​តេស្ត​ក្នុង​ថ្ងៃទី 14ឧសភា 19ឧសភា 9មិថុនា និង​ថ្ងៃទី 14 កក្កដា សុទ្ធតែ​បង្ហាញថា អវិជ្ជមាន​នឹង Covid-19។ ប៉ុន្តែ​អ្នកជំងឺ S នេះ មាន​អាការ​នៃ​ជំងឺ Covid-19 យ៉ាងធ្ងន់ធ្ងរ​ចាប់ពី​ថ្ងៃទី 25 ឧសភា ដល់​ថ្ងៃទី 21 សីហា។ បន្ទាប់មក​ អ្នកជំងឺ​នេះ​ក៏​វិជ្ជមាន​ជាថ្មី​នៅ​ថ្ងៃទី 3សីហា 8សីហា 17សីហា និង 20សីហា។ ចុងក្រោយ អ្នកជំងឺ​នេះ​ក៏​អវិជ្ជមាន​នៅក្នុង​ថ្ងៃទី 12កញ្ញា 2020 និង​ថ្ងៃទី 10វិច្ឆិកា និង 16ធ្នូ»។

យោងតាម​អ្នកវិទ្យាសាស្ត្រ Nikolai Kryuchkov ការ​ក្លាយ​ពូជ​របស់​វីរុស Covid-19 បាន​កើតឡើង​ញឹកញាប់​ជាង​មុន​ចំពោះ​អ្នកជំងឺ​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ បើ​ធៀប​នឹង​អ្នកជំងឺ​ដែលមាន​សុខភាព​ធម្មតា។

ការស្រាវជ្រាវ​ខាងលើ​បានបង្ហាញ​ទៀតថា វីរុស​ក្លាយ​ពូជ​ទាំងឡាយ​នៅលើ​រាងកាយ​អ្នកជំងឺ​ខាងលើ មាន​ចំណុច​ជាច្រើន​ដែល​ដូច​ទៅនឹង​វីរុស​ក្លាយ​ពូជ​ដែល​រកឃើញ​នៅ​ប្រទេស​អង់គ្លេស។

ប៉ុន្តែ កាលពី​ថ្ងៃទី 11 មករា 2021 លោក Alexander Gintsburg ប្រធាន​មជ្ឈមណ្ឌល Gamaleya ដែលជា​កន្លែង​អភិវឌ្ឍ​វ៉ាក់សាំង Covid-19 Sputnik V របស់​រុស្ស៊ី បានបញ្ជាក់ថា លទ្ធភាព​ដែលថា រុស្ស៊ី​មាន​វីរុស Covid-19 ប្រភេទ​​ថ្មី​​ដោយ​ឡែក​​គឺជា​រឿង​ដែល​អាច​កើតមាន​ក្នុង​កម្រិត​ខ្ពស់៕

ប្រភព​៖ Sputnik

Advertisement