វៀតណាម​អះអាងថា «វ៉ាក់សាំង Covid-19 របស់ខ្លួន បង្កើត​អង់​ទី​ក័​រ​ច្រើនជាង 20ដង ធៀប​នឹងអ្នក​មិន​បាន​ចាក់»

ក្រោយ​ការចាក់​វ៉ាក់សាំង Covid-19 កម្រិត​នៃ​ការ​ទប់​ទល់នឹង​ការឆ្លង​វីរុស​របស់​ក្រុម​អ្នកស្ម័គ្រចិត្ត ត្រូវបាន​វាយតម្លៃថា​ល្អ នៅពេល​វា​បង្កើត​អង្គ​ប​ដិ​ប្រាណ​ច្រើនជាង 4 ដង ទៅ 20 ដង បើ​ធៀប​នឹង​អ្នក​មិនបាន​ចាក់​វ៉ាក់សាំង​​នេះ។

អនុប្រធាន​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​យោធា​វៀតណាម លោក Ho Anh Son កាលពី​ថ្ងៃទី 14 មករា ឱ្យដឹង​ថា យោងតាម​ការស្រាវជ្រាវថ្មីៗនេះ កម្រិត​នៃ​ការឆ្លើយតប​របស់​អង្គ​ប​ដិ​ប្រាណ​នៃ​ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​បាន​ចាក់​វ៉ាក់សាំង Covid-19 ត្រូវបាន​វាយតម្លៃថា​ល្អ នៅពេល​បង្កើតបាន​អង្គ​ប​ដិ​ប្រាណ​ច្រើនជាង 4 ដង បើ​ធៀប​នឹង​មនុស្ស​ធម្មតា។ ជាង​នេះ ក៏មាន​អ្នកស្ម័គ្រចិត្ត​ខ្លះ​កកើត​អង់​ទី​ក័​រ​ច្រើនជាង 20 ដង​ក៏មាន។

លោក Son បញ្ជាក់ថា ក្រោយ​ការចាក់​វ៉ាក់សាំង Covid-19 លើក​ទី​ពីរ បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​របស់​អ្នកស្ម័គ្រចិត្ត​នឹង​កើនឡើង​ខ្ពស់ និង​រក្សា​កម្រិត​នេះ​បានយូរ​អង្វែង។ ដូច្នេះ ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​បាន​ចាក់​លើក​ទី​ពីរ​ក្នុង​ថ្ងៃទី 14 មករា នឹង​ត្រូវបាន​តាមដាន​ក្នុង​រយៈពេល 6 ខែ ដើម្បី​ឱ្យដឹងថា សមត្ថភាព​នៃ​ការការពារ​របស់​វ៉ាក់សាំង​នេះ​អាច​បន្លាយពេល​យូរ​ប៉ុនណា។ ក្រោយ​រយៈពេល​មួយឆ្នាំ ក្រុម​អ្នកស្ម័គ្រចិត្ត​នឹងត្រូវ​បាន​វាយតម្លៃ​លើ​បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​ក្នុង​រាងកាយ ដើម្បីឱ្យ​​អ្នក​ស្រាវ​ជ្រាវ​​កំណត់​​បរិមាណ​វ៉ាក់សាំង និង​ផែនការ​ចម្រាញ់​ជ្រើសរើស។

អនុប្រធាននៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រយោធាវៀតណាម លោក Ho Anh Son

ប៉ុន្តែ មកដល់​បច្ចុប្បន្ន មិនទាន់មាន​ទិន្នន័យ​គ្រប់គ្រាន់​ដើម្បី​អាច​កំណត់​បរិមាណ​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​នៅ​ឡើយ​។ ក្រោយ​ចូលឆ្នាំ​ចិន ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ប្រទេស​វៀតណាម​នឹងមាន​គម្រោង​ពិសោធ​វ៉ាក់សាំង Covid-19 ឈ្មោះ Nanocovax នេះ​សម្រាប់​ដំណាក់កាល​ទី​ពីរ ដែល​គ្រោង​នឹង​ចាក់​ពីរ​ម្ជុល​ក្នុង​មួយ​ដូ​ស។

Nanocovax គឺជា​វ៉ាក់សាំង​ទប់ស្កាត់ Covid-19 ដំបូង​របស់​វៀតណាម ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ឱសថ​ជីវ​បច្ចេកវិទ្យា Nanogen។ វ៉ាក់សាំង​នេះ​ត្រូវការ​សីតុណ្ហភាព​ចាប់ពី 2 អង្សា​សេ ដល់ -8 អង្សា​សេ ដើម្បី​រក្សា​គុណភាព​បានល្អ។

កាលពី​ព្រឹក​ថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2020 វ៉ាក់សាំង Covid-19 មួយ​ម្ជុល​ដំបូង​របស់​វៀតណាម ត្រូវបាន​ចាក់ឱ្យ​អ្នកស្ម័គ្រចិត្ត​ចំនួន 3 នាក់ ក្នុងចំណោម​ជាង 200 នាក់​ដែល​បាន​ចុះឈ្មោះ។ គិត​មកដល់​បច្ចុប្បន្ន ការពិសោធ​វ៉ាក់សាំង Nanocovax លើ​មនុស្ស​ដំណាក់កាល​ដំបូង​នេះ សម្រេចបាន 50% ហើយ​តាម​ផែនការ គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​នៅក្នុង​ខែកុម្ភៈ ឆ្នាំ 2021។ ក្រសួងសុខាភិបាល​នឹងធ្វើ​ការវាយតម្លៃ នៅ​មុនពេល​អនុញ្ញាតឱ្យ​ពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​ពីរ ដោយមាន​អ្នកស្ម័គ្រចិត្ត​ចំនួន 560 នាក់៕

ប្រភព៖ CB

Advertisement