ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក ឆ្លង Covid-19

ប្រធានាធិបតី​របស់​ម៉ិ​ក​ស៊ិ​ក លោក Lopez Obrador ទើបតែ​បានប្រកាស​ឱ្យដឹងថា លោក បាន​ឆ្លង Covid-19 នាំឱ្យ​បញ្ជី​ឈ្មោះ​នៃ​មេដឹកនាំ​ពិភពលោក​ដែល​ឆ្លង​វីរុស Covid-19 កាន់តែ​វែងឡើង។

«ខ្ញុំ​មានការ​សោកស្ដាយ​ណាស់​នៅពេល​ប្រកាសថា ខ្ញុំ​បាន​ឆ្លង​វីរុស Covid-19។ អាការរោគ​ស្រាល​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​ទទួល​ការព្យាបាល» ប្រធាន​ធិបតី​ម៉ិ​ក​ស៊ិ​ក លោក Andres Manuel Lopez Obrador បាន​បង្ហោះ​សារ​បែបនេះ​នៅលើ​បណ្ដាញ​ស​ង្គ​ល​កាលពី​ថ្ងៃទី 24 មករា (ព្រឹក​ថ្ងៃទី 25 មករា នៅ​កម្ពុជា)។ លោក​បាន​បន្ថែមទៀត «ខ្ញុំ​នៅតែមាន​ការជឿជាក់​ដូចដើម»។

លោក Lopez Obrador ថ្លែងថា លោក​នឹង​បន្តធ្វើ​ការ​ពី​វិមាន​ប្រធានាធិបតី និង​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រសួងមហាផ្ទៃ​ជំនួស​លោក​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅក្នុង​សប្ដាហ៍​នេះ។

លោក Lopez Obrador មាន​អាយុ 67 ឆ្នាំ ដែលមាន​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ និង​មាន​បញ្ហា​បេះដូង ត្រូវបាន​គេ​មើលឃើញថា ហាក់​មិនដែល​ពាក់​ម៉ាស ព្រមទាំង​នៅតែ​ធ្វើការ​ទៅតាម​ធម្មតា​នៅក្នុង​អំឡុង​វិបត្តិ​សុខភាព Covid-19។ លោក​ធ្លាប់មាន​បញ្ហា​បេះដូង និង​ត្រូវ​ចូល​ពេទ្យ​កាលពី​ឆ្នាំ 2013។

នៅ​ដើម​ខែម​ករានេះ Jesus Ramirez Cuevas ដែលជា​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក ក៏មាន​លទ្ធផល​វិជ្ជមាន​នឹង Covid-19 ផងដែរ។

មុន​លោក Lopez Obrador មេដឹកនាំ​ពិភពលោក​ជាច្រើនរូប​ក៏​ធ្លាប់​ឆ្លង Covid-19 ក្នុងនោះ​មានដូចជា ប្រធានាធិបតី​អង់គ្លេស លោក Boris Johnson ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Jair Bolsonaro អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump និង​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ផងដែរ។

ម៉ិ​ក​ស៊ិ​ក​គឺជា​សម្បុក​វីរុស Covid-19 ធំជាងគេ​លំដាប់​ទី 4 ក្នុង​តំបន់​អាមេរិក​ឡាទីន ដោយមាន​អ្នក​ឆ្លង​វីរុស​ចំនួន​ជាង 1.7 លាន​នាក់ និង​ជិត 150,000 នាក់​បាន​ស្លាប់៕

ប្រភព៖ AFP, ABC

Advertisement