ថៃប្រកាសអំពីគម្រោងចាក់វ៉ាក់សាំង Covid-19 ដល់ក្រុមមនុស្សអាទិភាព

ថៃប្រកាសអំពីគម្រោងចាក់វ៉ាក់សាំង Covid-19 ដល់ក្រុមមនុស្សអាទិភាព

ប្រទេស​ថៃ កាលពី​ថ្ងៃទី 25 មករា បានប្រកាស​ឱ្យដឹង​អំពី​គម្រោង​ចាក់​វ៉ាក់សាំង​ទប់ស្កាត់ Covid-19 នៅ​ខែកុម្ភៈ​ខាងមុខ ដោយ​ប្រើប្រាស់​វ៉ាក់សាំង 50,000 ដូ​ស របស់ AstraZeneca។

ឆ្លើយ​នឹង​សំណួរ​របស់​ក្រុម​អ្នកយកព័ត៌មាន លោក Sopon Mekton ដែលជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល​របស់​ថៃ បានឱ្យដឹងថា បុគ្គលិក​សុខាភិបាល​នៅក្នុង​ខេត្ត Samut Sakhon ដែលជា​ស្នូល​នៃ​រលក​វីរុស​ថ្មី​បំផុត​នៅ​ប្រទេស​នេះ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​ដំបូង​គេ បន្ទាប់មក​គឺ​ក្រុមមនុស្ស​វ័យ​ចំណាស់ និង​ពលរដ្ឋ​ដែលមាន​ជំងឺ​ប្រចាំកាយ។

កាលពី​សប្ដាហ៍​មុន ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ថ្នាំពេទ្យ​របស់​ថៃ បានអនុម័ត​ប្រើប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ប៉ុន្តែ​មិនទាន់​បានអនុម័ត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac Biotech ដែល​ខ្លួន​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​នៅឡើយ។

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ប្រទេស​ថៃ Anutin Charnvirakul បញ្ជាក់ថា ប្រទេស​នេះ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ជាង 2 សែន​ដូ​សរ​បស់ AstraZeneca និង 2 លាន​ដូ​ស របស់ Sinovac Biotech។

គិត​មកដល់​ព្រឹក​ថ្ងៃទី 26 មករា ឆ្នាំ 2021 នេះ ប្រទេស​ថៃ​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 13,687 នាក់ ក្នុងនោះ​មាន 75 នាក់​បាន​ស្លាប់៕

ប្រភព​៖ Bangkok Post

Advertisement