កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី 2នាក់ ខណៈ​អ្នក​ឆ្លង​សរុប​ទូទាំង​ពិភពលោក​កើន​លើស 100លាន​នាក់

ព្រឹក​ថ្ងៃទី 26 មករា ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​ប្រកាស​ឱ្យដឹងថា ក្នុង​ថ្ងៃទី 25 មករា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 2 ករណី​ទៀត នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​ដែល​បាន​ឆ្លង​វីរុស​នៅ​កម្ពុជា​កើន​ដល់ 460 នាក់។

ករណី​វិជ្ជមាន​ទាំងពីរ​ខាងលើនេះ សុទ្ធតែជា​ករណី​នាំចូល ក្នុងនោះ​មាន 1 ករណី​ជា​ពល​ការិនី​ត្រលប់​មកពី​ប្រទេស​ថៃ និង 1 ករណី​ទៀត ជា​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌូនេស៊ី។ ក្រៅពី​រកឃើញ​ករណី​វិជ្ជមាន ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅ កម្ពុជា​ក៏មាន​អ្នកជា​សះស្បើយ​ចំនួន 2 ករណី​ផងដែរ។ ព័ត៌មាន​លម្អិត សូម​អាន​តារាង​ខាងក្រោម។

គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 460 នាក់ ក្នុងនោះ​មាន 412​ នាក់​បានជា​សះស្បើយ និង 48 នាក់​កំពុង​សម្បា​ក​ព្យាបាល។

នៅ​ទូទាំង​ពិភពលោក អ្នក​ឆ្លង Covid-19 បាន​កើន​ឡើងដល់​ជាង 100 លាន​នាក់ និង​អ្នកស្លាប់​កើន​ដល់​ជាង 2,148,000 នាក់ ខណៈ​អ្នកជំងឺ​កំពុង​ព្យាបាល​មាន​ចំនួន​ជាង 25.8 លាន​នាក់៕

Advertisement