ម៉ាឡេស៊ី​ទិញ​វ៉ាក់សាំង​​ចំនួន​ 18.4​លាន​​ដូ​ស​ ខណៈ​​អ្នកស្លាប់​ដោយសារ Covid-19 កើន​ដល់​ជាង 1.9សែន​នាក់

ក្រសួងសុខាភិបាល​ម៉ាឡេស៊ី កាលពី​ថ្ងៃទី 26 មករា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឱសថ​ចំនួន​ពីរ​គឺ Pharmaniaga Lifescience Sdn Bhd និង Doupharma Sdn Bhd ដើម្បី​ទិញ​វ៉ាក់សាំង Covid-19 ចំនួន 18.4 លាន​ដូ​ស។

យោងតាម​ប្រភពព័ត៌មាន​ពី​រាជធានី គួ​ឡា​ឡាំ​ពួរ Pharmaniaga Lifescience Sdn Bhd ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Pharmaniaga (ក្រុមហ៊ុន​លំដាប់​កំពូល​របស់​ម៉ាឡេស៊ី) នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង CoronaVac របស់​ក្រុមហ៊ុន​ចិន Sinovac ចំនួន 12 លាន​ដូ​ស មកឱ្យ​ម៉ាឡេស៊ី។

ក្រសួងសុខាភិបាល​ឱ្យដឹងថា បរិមាណ​នៃ​វ៉ាក់សាំង CornaVac ខាងលើនេះ គ្រប់គ្រាន់​សម្រាប់​ចាក់ឱ្យ​មនុស្ស​ចំនួន 6 លាន​នាក់ ស្មើនឹង 18.75% នៃ​ប្រជាជន​សរុប​របស់​ប្រទេស​ម៉ាឡេស៊ី។ វ៉ាក់សាំង CornaVac នឹង​ត្រូវបាន​ផ្គត់ផ្គង់​មកឱ្យ​ម៉ាឡេស៊ី ទៅតាម​ដំណាក់កាល ដោយ​ចាប់ផ្ដើម​ពី​ចុងខែ​មីនា​ខាងមុខ។

ចំណែក​វ៉ាក់សាំង Sputnik V ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​រុស្ស៊ី Gamaleya ចំនួន 6.4 លាន​ដូ​ស ដែល​ផ្គត់​ផ្គង់​​ដោយ​ក្រុមហ៊ុន Duopharma នឹង​ចាក់ឱ្យ​ពលរដ្ឋ​បាន 3.2 លាន​នាក់។

វ៉ាក់សាំង​ចំនួន​ពីរ​ប្រភេទ​ខាងលើ​នឹង​ត្រូវបាន​ចាក់​ចំនួន 2 លើក​សម្រាប់​មនុស្ស​ម្នាក់ និង​ចាក់ឱ្យ​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ។ ចំពោះ CoronaVac ការចាក់​លើក​ទី​ពីរ​នឹងមាន​គម្លាត​ពី​លើកទីមួយ​ចំនួន​ពីរ​សប្ដាហ៍ ខណៈ Sputnik V គម្លាត​នេះ​នឹងមាន​រយៈពេល 21 ថ្ងៃ។

ប្រទេស​ម៉ាឡេស៊ី គិត​មកដល់​ព្រឹក​ថ្ងៃទី 27 មករា ឆ្នាំ 2021 នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 190,434 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 700 នាក់ ខណៈ 40,574 នាក់​កំពុង​សម្រាក​ព្យាបាល៕

 

ប្រភព៖ Yahoo News

Advertisement