កម្ពុ​ជាមាន​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី 1នាក់ ខណៈ​ពិភពលោក​រកឃើញ​ជាង 101លាន​នាក់

ក្រសួងសុខាភិបាល​កម្ពុ​ជា ព្រឹក​ថ្ងៃទី 28 មករា​នេះ បានឱ្យដឹងថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 1 ករណី ដែលជា​ពលករ​ត្រលប់​មកពី​ប្រទេស​ថៃ។

ករណី​វិជ្ជមាន​ថ្មី​នេះ​កើតឡើង​ចំពោះ​ស្ត្រីជន​ជាតិខ្មែរ អាយុ 42 ឆ្នាំ នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រៅពី​ករណី​វិជ្ជមាន ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ កម្ពុជា​ក៏មាន​ករណី​ជាសះស្បើយ​ចំនួន 5 នាក់​ផងដែរ។ ព័ត៌មាន​លម្អិត សូម​អាន​តារាង​ខាងក្រោម។

គិត​មកដល់​ព្រឹក​ថ្ងៃទី 28 មករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 461 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 428 នាក់ ខណៈ​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 33 នាក់។

នៅ​ទូទាំង​ពិភពលោក អ្នក​វិជ្ជមាន​នឹង Covid-19 បាន​កើន​ដល់ 101,403,758 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 2,182,237 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 25,919,908 នាក់។ ក្នុងអំឡុង 24 ម៉ោង​មកនេះ ពិភពលោក​ក៏មាន​អ្នក​វិជ្ជមាន​ថ្មី​ជាង 582,340 នាក់​ផងដែរ៕

Advertisement