(វីដូអូ​) រូបភាព​ស្កែ​ន 3D «ពិត» ដំបូង​គេ​បង្អស់​ស្ដីពី Covid-19 ត្រូវបាន​ប្រកាសបង្ហាញ

ក្រុម​អ្នកវិទ្យាសាស្ត្រ​បានប្រកាស​បង្ហាញ​វីដេអូ​មួយ​ស្ដីអំពី​រូបភាព 3D ដំបូង​គេ​បង្អស់​របស់​វីរុស Covid-19 ដែល​ត្រូវបាន​ស្កែ​ន​ដោយ​បច្ចេកវិទ្យា​ទំនើប ផ្ដល់នូវ​ការយល់ដឹង​បន្ថែម​អំពី​រចនាសម្ព័ន្ធ​របស់​វីរុស​នេះ។

វីដេអូ​ខាងលើនេះ ត្រូវបាន​បង្ហាញ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ មកពី​សាកលវិទ្យាល័យ Tsinghua នាទី​ក្រុង​ប៉េកាំង សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា King Abdullah (KAUST) របស់ប្រទេស​​អារ៉ាប់​ប៊ី​សា​អូឌីត ជា​មួយ​នឹង​​​ក្រុមហ៊ុន Nanographics នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Vienna របស់​អូទ្រីស កាលពី​ថ្ងៃទី 25 ខែមករា​កន្លងទៅ។

ទំហំ​របស់​ធាតុ (element) មួយ​នៃ​វីរុស Covid-19 គឺ​ពិតជា​តូច​ល្អិត​ខ្លាំងណាស់ ដោយមាន​អង្កត់ផ្ចិត​​ 100 nanomet ដែល​ស្មើនឹង 1/70,000 នៃ​អង្កត់ផ្ចិត​របស់​សរសៃ​សក់​មនុស្ស។ ប៉ុន្តែ វា​មាន​រចនាសម្ព័ន្ធ​ដ៏​ស្មុគស្មាញ។

ដើម្បី​បង្កើតបានជា​រូបភាព 3D ដ៏​ពិតប្រាកដ​បំផុត​អំពី​វីរុស​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​ពី​សាកលវិទ្យាល័យ Tsinghua បាន​ស្កែ​ន​សំណាក​ដែល​ត្រូវបាន​ក្លា​សែ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ស្កែ​ន Electron cryotomography (CryoET)។

បន្ទាប់មក ក្រុមហ៊ុន Nanographics បានប្រែក្លាយ​រូបភាព​ដែល​ស្កែ​ន​ដោយ CryoET នេះ ទៅជា​រូបភាព 3D ដោយ​ប្រើប្រាស់​បច្ចេកទេស​ពិសេស​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ KAUST។

ចុងក្រោយ បន្ទាប់ពី​បាន​ចាក់​ពណ៌​សិប្បនិម្មិត​ទៅលើ​ផ្នែកផ្សេងៗរបស់​វីរុស​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ ជា​លើកដំបូង អាច​មើលឃើញ​ធាតុ​ល្អិត​បំផុត​របស់ Covid-19 ជាមួយនឹង​កម្រិត​នៃ​ភាព​ប្រាកដ ជាក់ស្ដែង និង​លម្អិត​ខ្ពស់បំផុត៕

ប្រភព៖ SCMP

Advertisement