ប្រទេស​ជិត​ខាង​របស់​កម្ពុជា​ ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​ការគ្រប់គ្រង Covid-19

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ វៀតណាម និង​តៃវ៉ាន់ គឺជា​ប្រទេស និង​ដែនដី​ដែល​ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​ការប្រយុទ្ធ​ប្រឆាំងនឹង Covid-19 ដោយសារតែ​គ្រប់គ្រង​ស្ថានភាព​វិបត្តិ​សុខភាព​នេះ​បាន​យ៉ាង​ល្អ។

តារាង​ចំណាត់ថ្នាក់​នៃ​ការ​ទប់​ទល់នឹង Covid-19 (Covid Performance Index) ដែល​ត្រូវបាន​វិទ្យាស្ថាន Lowy នៅ​ទីក្រុង Sydney ប្រទេស​អូស្ត្រាលី ប្រកាស​បង្ហាញ​ក្នុង​ថ្ងៃទី 28 មករា បាន​បង្ហាញថា នូ​វែ​ល​ហ្សេ​ឡង់ ឈរ​លំដាប់​កំពូល​តារាង ព្រោះតែ​គ្រប់គ្រង​ស្ថានភាព Covid-19 បានល្អ​ជាងគេ​នៅក្នុង​ចំណោម​ប្រទេស និង​ដែនដី​ចំនួន​ជិត 100 ក្នុង​​ពិភព​លោក​ ដែល​វិទ្យាស្ថាន Lowy បាន​វាយតម្លៃ។ វិទ្យាស្ថាន Lowy បាន​បញ្ជាក់ថា បញ្ជី​ចំណាត់ថ្នាក់​នេះ មិនបាន​រាប់បញ្ចូល​ប្រទេស​ចិន ជា​កន្លែង​ដែល Covid-19 ចាប់ផ្ដើម​បង្ហាញ​វត្តមាន​ដំបូង​គេ​កាលពី​ខែធ្នូ ឆ្នាំ 2019 នោះទេ ដោយសារតែ​ខ្វះ​ទិន្នន័យ​បើកចំហ។ ដូច្នេះ ប្រទេស និង​ដែនដី​ទាំងឡាយ (ក្នុងនោះ​មាន​កម្ពុជា) ដែល​មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​នេះ ក៏​អាចមាន​មូលហេតុ​ដូចគ្នានេះដែរ។

ក្រុម​ប្រទេសផ្សេងៗដែល​ស្ថិតនៅក្នុង «top 10» នៃ​តារាង​ចំណាត់ថ្នាក់​នេះ រួមមាន ប្រទេស​ថៃ (លេខ 3) ប្រទេស​ស៊ី​ប ប្រទេសរ​វ៉ាន់ដា អ៊ី​ស្លង់ អូស្ត្រាលី ឡា​ត​វី និង​ស្រីលង្កា។ ទាំងនេះ​គឺជា​ប្រទេស​ដែល​សុទ្ធ​តែមាន​អត្រា​នៃ​ការឆ្លង និង​អត្រា​នៃ​ការស្លាប់​ក្នុង​កម្រិត​ទាប បើ​ធៀប​នឹង​ប្រជាជន​សរុប និង​មធ្យមភាគ​លើ​មនុស្ស​ម្នាក់។

ចំណែក​ប្រទេស​ដែល​ស្ថិតក្នុង bottom 10 (បាត​តារាង) នៃ​តារាង​ចំណាត់ថ្នាក់​នេះ រួមមាន ប្រទេស ប្រេ​ស៊ី​ល ម៉ិ​ក​ស៊ិ​ក កូ​ឡុំ​ប៊ី អ៊ីរ៉ង់ សហរដ្ឋអាមេរិក បូ​ឡា​វី ប៉ា​ណា​ម៉ា អូ​ម៉​ង់ អ៊ូយ​ក្រែ​ន និង​ប្រទេស​ឈី​លី ដោយសារតែ​គ្រប់គ្រង Covid-19 មិនបាន​ល្អ។

ជា​សរុប មាន​ប្រទេស​ចំនួន 98 ត្រូវបាន​វិទ្យាស្ថាន Lowy វាយតម្លៃ​អំពី​ស្ថានភាព Covid-19 នៅក្នុង​អំឡុងពេល 36 សប្ដាហ៍ រាប់​ចាប់ពី​ការរកឃើញ​ករណី​វិជ្ជមាន​ទី 100 នៃ​ប្រទេសនីមួយៗ និង​យក​ទិន្នន័យ​ដែលមាន​ស្រាប និង​គិតដល់​ថ្ងៃទី 9 មករា។

ទិន្នន័យ​ធ​ម្យ​ម​ភាគ​ត្រូវ​បានគិត​ក្នុងអំឡុង 14 ថ្ងៃ គឺជា​ករណី​ឆ្លង​ត្រូវបាន​បញ្ជាក់ តួលេខ​នៃ​ការឆ្លង​ដែល​បានបញ្ជាក់​លើ​ពលរដ្ឋ 1លាន​នាក់ តួលេខ​អ្នកស្លាប់​ដែល​បានទទួល​ស្គាល់ តួលេខ​អ្នកស្លាប់​ម្នា​ក់លើ 1 លាន​នាក់ រួម​នឹង​ចំនួន​ករណី​ដែល​ត្រូវបាន​បញ្ជាក់​ទៅតាម​អត្រា​នៃ​ការធ្វើ​តេស្ត និង​អត្រា​ធ្វើតេស្ត​លើ​ម្នា​ក់លើ 1 លាន​នាក់។

បណ្ដាប្រទេស​ និង​ដែន​ដី​ដែល​ឈរ​លើ​កំពូល​តារាង​ចំណាត់​ថ្នាក់

របាយការណ៍​នៃ​ការស្រាវជ្រាវ​នេះ ត្រូវបាន​បង្ហាញ​ឱ្យដឹង ក្នុង​គ្រា​ដែល​ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​វិជ្ជមាន​ជាង 100 លាន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ជាង 2 លាន​នាក់។

តារាង​ចំណាត់ថ្នាក់​ខាងលើ​ក៏បាន​បង្ហាញថា បណ្ដា​ប្រទេស និង​ដែនដី​នៅ​ទ្វីបអាស៊ី​ប៉ាស៊ីហ្វិក ទទួលបាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រង Covid-19 ខណៈដែល​អឺរ៉ុប និង​អាមេរិក ត្រូវបាន​ជាន់ពន្លិច​ដោ​យ​រលក​នៃ​ការឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស៕

ស្វែង​យល់​បន្ថែម​៖ នៅទីនេះ

ប្រភព៖ Reuters

Advertisement