ថៃ​ជិត​បាន​ចាក់​វ៉ាក់សាំង Covid-19 ដែល​ផលិត​ក្នុងស្រុក

ប្រទេស​ថៃ​មាន​គម្រោង​ផលិត​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ក្នុងស្រុក​ដើម្បី​ត្រៀម​សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 ទ្រង់ទ្រាយ​ធំ​នៅក្នុង​ខែមិថុនា​ខាងមុខ។

ប្រធាន​វិទ្យាស្ថាន​ជាតិ​វ៉ាក់សាំង​របស់​ថៃ លោក Nakorn Premsri កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា តាម​ផែនការ ប្រទេស​នេះ​នឹង​បញ្ចប់​ការពិសោធ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ក្នុងស្រុក នៅ​ចុងខែ​ឧសភា និង​ផលិត​រួចរាល់​នៅក្នុង​ខែមិថុនា 2021​ ដើម្បី​ត្រៀម​សម្រាប់​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ក្នុង​ទ្រង់ទ្រាយ​ធំ។ លោក Nakorn Premsri បាន​និយាយ​ថា ​ប្រទេស​​ថៃ​​អាច​ផលិត​វ៉ាក់សាំង Covid-19 បាន​ចំនួន 18 លាន​ដូ​ស​រៀងរាល់ខែ។

យោងតាម​មេដឹកនាំ​វិទ្យាស្ថាន​ខាងលើ មូល​ហេតុដែល​ប្រទេស​នេះ​បានជ្រើសរើស​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​គឺ​ព្រោះ​ពួកគេ​ចង់​ធានាឱ្យមាន​ប្រភព​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក ក្នុង​គ្រា​ដែល​ពិភពលោក​​កំពុង​​ប្រយុទ្ធ​​ប្រឆាំង​នឹង​វីរុស​ Covid-19 ដែល​បានសម្លាប់​មនុស្ស​ជាង 2 លាន​នាក់។

ប្រធានវិទ្យាស្ថានជាតិវ៉ាក់សាំងរបស់ថៃ លោក Nakorn Premsri

ប្រទេស​ថៃ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca កាលពី​ខែតុលា ឆ្នាំ 2020 តាម​ពីក្រោយ​ប្រទេស​មួយចំនួន ដូចជា អង់គ្លេស អាមេរិក និង​ឥណ្ឌា។ ថៃ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ក្នុងប្រទេស​ថៃ ចំនួន 61 លាន​ដូ​ស គ្រប់គ្រាន់​សម្រាប់​មនុស្ស 30 លាន​នាក់ ដែល​ស្មើនឹង​ជាង​ពាក់កណ្ដាល​នៃ​ពលរដ្ឋ​ពេញវ័យ​របស់​ប្រទេស​នេះ ដោយ​មិនទាន់​រាប់បញ្ចូល​ទាំង​ពលរដ្ឋ​អាយុ​ក្រោម 18 ឆ្នាំ និង​ស្ត្រី​មាន​ផ្ទៃពោះ។

គិត​រហូតដល់​ខែមិថុនា ឆ្នាំ 2021 នេះ ប្រទេស​ថៃ​នឹង​នៅតែ​បន្ត​ពឹង​ផ្អែកលើ​វ៉ាក់សាំង Covid-19 ដែល​នាំចូល​ពី​បរទេស។ តាម​ផែនការ ប្រទេស​នេះ​នឹង​ទទួលបាន​វ៉ាក់សាំង​នាំចូល​ចំនួន 50,000 ដូ​ស​ដំបូង ពី​ក្រុមហ៊ុន AstraZeneca នៅ​ខែ​ក្រោយនេះ រួចហើយ​នឹង​បន្ត​ទទួល 100,000 ដូ​ស​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់​នោះ។ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ លោក Anutin Charnvirakul កាលពី​ម្សិលមិញ​បាន​សំដែង​ការព្រួយបារម្ភ​លើ​បញ្ហា​ផ្គត់ផ្គង់​នៅ​អឺរ៉ុប ដែល​អាច​នាំឱ្យ​កាលបរិច្ឆេទ​ទទួល​វ៉ាក់សាំង​ពី AstraZeneca ត្រូវ​ពន្យារពេល។

AstraZeneca គឺជា​ក្រុមហ៊ុន​ផលិត​ឱសថ​ពហុ​ប្រទេស​របស់​ស៊ុយអែត និង​អង់គ្លេស។ ក្រុមហ៊ុន​នេះ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង Cambridge ប្រទេស​អង់គ្លេស និង​មាន​សាខា​រោងចក្រ​ផលិត​ឱសថ​នៅក្នុង​ប្រទេស​មួយចំនួន​​ផងដែរ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul

ប្រទេស​ថៃ​ក៏បាន​ប​ញ្ជេ​ទិញ​វ៉ាក់សាំង Sinovac Biotech របស់​ចិន​ចំនួន 2 លាន​ដូ​ស ដែល​ថៃ​នឹងត្រូវ​ទទួលបាន 200,000 ដូ​ស​នៅក្នុង​ខែកុម្ភៈ បើទោះជា​វ៉ាក់សាំង​នេះ​មិនទាន់​ត្រូវបាន​អាជ្ញាធរ​អនុម័ត​ឱ្យប្រើ​ប្រាស់​ក៏ដោយ។

ប្រទេស​ថៃ បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 17,023 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 76 នាក់ និង​ជាសះស្បើយ​ចំនួន 11,396 នាក់ ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន 5,551 នាក់៕

ប្រភព៖ Reuters

Advertisement