តំណាងរាស្ត្រ​អាមេរិក​ឆ្លង Covid-19 បើ​ទោះ​បាន​ចាក់​វ៉ាក់សាំង 2ម្ជុល​​រួច​ហើយ​ក្ដី

តំណាងរាស្ត្រ​នៃ​បក្ស​ប្រជាធិបតេយ្យ​នៅ​សភា​ជាន់​ទាប​របស់​រដ្ឋ Massachusetts លោក Stephen Lynch កាលពី​ថ្ងៃទី 29 មករា បាន​បញ្ជាក់ថា បាន​ឆ្លង Covid-19 បើទោះជា​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​ពីរ​កាលពី​ជាង 1 សប្ដាហ៍​មុន។

Stephen Lynch ទទួលបាន​លទ្ធផល​វិជ្ជមាន ក្រោយពី​បុគ្គលិក​ម្នាក់​នៃ​ការិយាល័យ​របស់លោក នៅក្នុង​ទីក្រុង Boston បាន​ឆ្លង Covid-19 កាលពីដើម​សប្ដាហ៍ នេះ​បើតាម​អ្នកនាំពាក្យ Molly Rose Tarpey។

តំណាងរាស្ត្រ​ខាងលើ​ត្រូវបាន​ចាក់​វ៉ាក់សាំង Covid-19 របស់ Pfizer-BioNTech លើក​ទី​ពីរ និង​បានធ្វើ​តេស្ត​រកឃើញថា អវិជ្ជមាន​នៅមុន​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក Biden កាលពី​ថ្ងៃទី 20 មករា។ បច្ចុប្បន្ន លោក Lynch កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង។

យោងតាម​សេចក្ដីប្រកាស​ពី​ក្រុមហ៊ុន Pfizer ម្ជុល​ទី​ពីរ​នៃ​វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន​នេះ ត្រូវការ​ពេល 7 ថ្ងៃ ទើប​បញ្ចេញ​ប្រសិទ្ធភាព។ ប៉ុន្តែ ព័ត៌មាន​ពី​ការិយាល័យ​របស់លោក Lynch ឱ្យដឹងថា លោក​ត្រូវបាន​ចាក់​វ៉ាក់សាំង​កាលពី 9 ថ្ងៃ​មុនពេល​ទទួលបាន​លទ្ធផល​វិជ្ជមាន។

លោក Lynch គឺជា​សមាជិក​ទី​ពីរ​របស់​ក្រុមតំណាងរាស្ត្រ Massachusetts នៅ​សភា បាន​ឆ្លង Covid-19 ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅថ្មីៗនេះ។ មុននេះ តំណាងរាស្ត្រ​សភា​ជាន់​ទាប លោកស្រី Lori Trahan ក៏បាន​ប្រកាសថា បាន​ឆ្លង Covid-19 និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាមួយ​ក្រុមគ្រួសារ។

សហរដ្ឋអាមេរិក គិតដល់​ព្រឹក​ថ្ងៃទី 31 មករា ឆ្នាំ 2021 នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 26,652,143 នាក់ និង​អ្នកស្លាប់​ដោយសារ​វីរុស​នេះ បាន​កើន​ដល់ 450,381 នាក់ ខណៈ​អ្នក​កំពុង​ផ្ទុក​វីរុស មាន​ចំនួន 9,878,665 នាក់៕

ប្រភព៖ Boston Herald

Advertisement