របាយការណ៍ 24ម៉ោង​នៃ​ថ្ងៃទី 30​មករា៖ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​វីរុស​​Covid-19 ថ្មី 1នាក់​ទៀត ខណៈ​ពិភពលោក​រកឃើញ​ជិត 5សែន​នាក់

ព្រឹក​ថ្ងៃទី 31 មករា ក្រសួងសុខាភិបាល​បានឱ្យដឹងថា មាន​ករណី​វិជ្ជមាន​ថ្មី​នឹង Covid-19 ចំនួន 1 នាក់ នៅក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅ ដែល​នេះ​គឺជា​ករណី​នាំចូល។

ករណី​ឆ្លង Covid-19 ខាងលើនេះ​កើតឡើង​លើ​អ្នកដំណើរ​ជនជាតិ​ឥណ្ឌូនេស៊ី អាយុ 29 ឆ្នាំ ធ្វើដំណើរ​ពី​ប្រទេស​ហ្វីលីពីន និង​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របាយការណ៍​ខាងក្រោម​របស់​ក្រសួងសុខាភិបាល។

ក្រៅពី​ករណី​ឆ្លង Covid-19 កម្ពុជា​មិនមាន​ករណី​ជាសះស្បើយ​នោះទេ នៅក្នុង​អំឡុង 24 ម៉ោង​កន្លងទៅនេះ។

គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 465 នាក់ ក្នុងនោះ​មាន 443 នាក់​បានជា​សះស្បើយ និង 22 នាក់​កំពុង​ព្យាបាល។

ដោយឡែក នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន​មាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 103,099,841 នាក់ និង​អ្នកស្លាប់​សរុប​ចំនួន 2,227,644 នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន 74,729,629 នាក់ និង​អ្នក​កំពុង​ផ្ទុក​វីរុស​នេះ​មាន​ចំនួន 26,142,568 នាក់៕

Advertisement